សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»
សំនួររបស់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ទទួលបានចម្លើយមកវិញ ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។ នោះ គឺមេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យលោកនាយករដ្ឋមន្ត្រី បើកភ្នែកឲ្យ«ធំទាំងពីរ» ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី ពន្យល់ថា ជាការ«មើលការពិត»។
លោក ជុន ច័ន្ទបុត្រ បានស្រង់សំដីរបស់លោក ហ៊ុន សែន ដែលបានថ្លែង កាលពីប៉ុន្មានថ្ងៃមុន មកសួរអតីតប្រធានគណបក្សប្រឆាំងថា៖ «ការធ្វើនយោបាយរបស់លោក សម រង្ស៊ី មិនកើតទេ ដោយហេតុថា លោកគ្មានចិត្តខន្តីសោះ។ ទន្ទឹមនឹងចង់ជួបចរចា ជាមួយនឹងលោក ហ៊ុន សែន ហ្នឹង ក៏ចាប់ផ្ដើមបញ្ឆេះឲ្យមាន ការធ្វើបាតុកម្ម ដុតទីងមោងអីជាដើម ដែលធ្វើឲ្យលោក ហ៊ុន សែន កាន់តែខឹងទៅ ហើយក៏តាំងចិត្ត លែងជជែកតវ៉ាអី ជាមួយលោក សម រង្ស៊ី ទៀតហើយ។ តើលោកបកស្រាយ តបទៅវិញយ៉ាងម៉េចដែរ?»។
[...]