រថយន្តទេសចរណ៍ប៉ះជាមួយម៉ូតូ ស្លាប់២នាក់
បុរសជិះម៉ូតូ២នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥។
គ្រោះថ្នាក់នេះបង្កដោយរថយន្តទេសចរណ៍ ១២ កៅអីម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2Z 4992 ភ្នំពេញ បានបើកទៅបុកម៉ូតូមួយគ្រឿង ម៉ាកវេវ (wave) ពណ៍ខ្មៅស្លាកលេខ 1AJ 8690 ភ្នំពេញ ដែលបើកបញ្រ្ចាសទិសគ្នា។ ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណជនបង្ក និងជនរងគ្រោះនោះទេ។
ក្រោយពេលកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានមកធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅដោះស្រាយ នៅចរាចរណ៍ក្រុង។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព។
តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តក្រុង១២កៅអី។ ប៉ុន្តែមិនដឹងពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះឡើយ៕