អ្នកតវ៉ាតក់ស្លុតនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ បន្តឃុំជន២១នាក់
បន្ទាប់ពីសាលាឧទ្ធរណ៍តម្កល់ សេចក្ដីសម្រេចរបស់សាលាដំបូង លើរឿងក្ដីនៃជនសង្ស័យចំនួណ២១នាក់ ប្រជាពលរដ្ឋ ព្រះសង្ឃ ក្រុមអ្នកតវ៉ា និងសហជីព បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅនឹងសេចក្តីសម្រេចឃុំឃាំងអ្នកទាំង២១រូបនេះ ជាបន្តទៅទៀត។ ក្រុមអ្នកតវ៉ាបានព្រមាននឹងធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងអ្នកទាំង២១នាក់ ក្នុងថ្ងៃខាមុខ។
ក្រុមអ្នកទាមទារតវ៉ា នៅមុខសាលាឧទ្ទរណ៍បន្តាប់ពីអង្គក្ដីបានសម្រេច ឲ្យបន្ដដាក់ឃុំជនទាំង២១។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - សាលាឧទ្ធរណ៍នៅថ្ងៃទី១១ ខែកុម្ភៈនេះ សម្រេចតម្កល់សេចក្ដីសម្រេច របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្ដីសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ជនជាប់ចោទ ២១នាក់ ដោយបន្តឲ្យនៅជាប់ឃុំដដែល។
[...]