កឹម សុខា អំពាវនាវពីក្នុងពន្ធនាគារ ស្នើពលរដ្ឋ«កុំតក់ស្លុត»
«សូមប្រជាពលរដ្ឋខ្មែរចងចាំថា ខ្ញុំនឹងនៅជាមួយបងប្អូន។ ទោះរូបកាយខ្ញុំ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់ អាចឃុំឧត្ដមគតិរបស់ខ្ញុំបានឡើយ។ (...) សូមកុំតក់ស្លុត!» នេះ ជាការអះអាងឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ទីកន្លែងដែលលោកកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន ក្រោមបទចោទ ថាបានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ ជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន។
ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងលិខិតចំហរមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ តាំងពីយប់ថ្ងៃចន្ទទី២ ខែតុលា ខណៈខ្លឹមសារនៅក្នុងលិខិតនោះ បានរៀបរាប់ ពីរយៈពេលនៃការឃុំខ្លួន ទៅលើរូបលោក ដែលចូលដល់ខួបមួយខែ រាប់ពីថ្ងៃទី៣ ខែកញ្ញា មកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ និងបានសរសេរ ច្រានចោលការចោទប្រកាន់ ធ្វើឡើងដោយរដ្ឋាភិបាល [...]