
បំបែកសំនុំរឿងភេរវកម្មនៅប្រ៊ុយសែលបានរហ័ស ដោយសារអ្នកបើកតាក់ស៊ី
ព័ត៌មានទាក់ទងនឹង ភេរវជន បានធ្លាក់ចុះជាបន្តបន្ទាប់ មកដល់ដៃ របស់ក្រុមអ្នកស៊ើបអង្កេត។ បន្ទាប់ពីបានឃើញរូបថតជនសង្ស័យបីនាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងការដាក់បំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះអន្តរជាតិ នៃរាជធានីប្រ៊ុយសែលនោះរួច អ្នកបើកបររថយន្ដតាក់ស៊ី ដែលអះអាងថា ខ្លួនជាអ្នកបានដឹកជនសង្ស័យ បានចូលខ្លួនទៅរាយការណ៍ ប្រាក់ក្រុមអ្នកស៊ើបអង្កេត នូវព័ត៌មានលំអិតជាច្រើន។
អ្នកបើករថយន្ដតាក់ស៊ី បានអះអាងប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនបានជួយលើកស្បោងជាច្រើន របស់ក្រុមជនសង្ស័យ ពីក្នុងឃ្លបរថយន្ដខាងក្រោយរបស់ខ្លួន នៅខណពេលខ្លួន បានដឹកជនសង្ស័យទាំងនេះ មកដល់ព្រលានយន្ដហោះ។ ការប្រកាសខាងលើ របស់អ្នកបើករថយន្ដតាក់ស៊ី បានជំរុញឲ្យអាជ្ញាធរប៊ែលហ្សិក ធ្វើការរុករកឆែកឆេរជាថ្មី នៅព្រលានយន្ដហោះ រហូតរកឃើញ ស្ប៉ោងខ្មៅ (ទំនងជាដាក់នៅមុខរទេះរុញ របស់ជនសង្ស័យ នៅក្នុងរូបថតប្រកាសរកចាប់ខ្លួន) ដែលមានផ្ទុកទៅដោយគ្រាប់បែក [...]