ហ៊ុន សែន៖ «បើផែនទីក្លែងក្លាយ នឹងលាលែងពីនាយករដ្ឋមន្រ្តី»
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានចេញមុខជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ធ្វើការបកស្រាយ និងលាតត្រដាងជាថ្មីបន្តទៀត ជុំវិញបញ្ហាព្រំដែន និងផែនទី បន្ទាប់ពីលោក បានបកស្រាយក្នុងរដ្ឋសភា អស់រយៈពេលជាងប្រាំម៉ោងរួចម្តងមកហើយ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ ប៉ុន្តែការថ្លែងនៅលើកនេះ មានលក្ខណៈពិសេសជាងលើកមុន នៅត្រង់ថា លោក ហ៊ុន សែន បានអះអាង ថានឹង«ចុះចេញ» ពីកៅអីជានាយករដ្ឋមន្ត្រី ដែលលោកបានអង្គុយ ជាង៣ទសវត្សន៍មកហើយនោះ រួចដើរចូលពន្ធនាគារ ប្រសិនណាជាផែនទី ដែលរដ្ឋាភិបាលលោកប្រើ ក្នុងការបោះបង្គោល ជាផែនទីក្លែងក្លាយ។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំព្រះករុណាបានប្តេជ្ញាចិត្តរួចហើយ... បើផែនទីខុសគ្នា ខ្ញុំនឹងប្រកាសចុះចេញ (ពីដំណែង) ខ្ញុំតាមដានការផ្ទៀងផ្ទាត់ផែនទី ទាំងមកពីអង្គការសហប្រជាជាតិ និងជាពិសេសផែនទី មកពីបារាំង ព្រោះបារាំងជាអ្នកគូស។ [...]