ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ៥០០លានរៀល ពីករណី១លានដុល្លារ
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ក្នុងរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ប្ដឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី ដោយហេតុថា អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិចរូបនេះ បានថ្លែងនៅក្នុងកិច្ចសន្ទនាមួយ ដែលធ្វើតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អះអាងថាលោក ហ៊ុន សែន បានផ្ដល់ប្រាក់ប្រមាណជា១លាន[ដុល្លារ] ទៅឲ្យក្រុម«អាអត់ខ្មាស» ដែល«រកលុយបានស្រួល»។
កិច្ចសន្ទនាជាលក្ខណៈឯកជននោះ ត្រូវបានលួចថត នៅវេលាម៉ោង ៧ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែតុលាកន្លងមក ហើយត្រូវបានយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុកមួយ ដែលគេស្គាល់ឈ្មោះ «សីហា» ល្បីល្បាញខាងការបង្ហោះ នៅលើបណ្ដាញសង្គម នូវខ្សែអាត់លួចថតសម្លេង របស់ក្រុមអ្នកនយោបាយប្រឆាំង មុននឹងខ្សែអាត់ទាំងនោះ ត្រូវបានសារព័ត៌មានមួយ រណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកទៅចុះផ្សាយបន្ត។
ក្រុម«ពាក់អាវក្រ័រស៊េ» [...]