អ៊ឺរ៉ូ២០១៦៖ ៣នាទី២គ្រាប់ បញ្ជូនព័រទុយហ្គាល់ទៅផ្ដាច់ព្រ័ត្រ
ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ទឹកដីនៅភាគខាងលិច នៃចក្រភពអង់គ្លេស) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានរងចាំរហូតដល់១២០នាទី នៃការប្រកួត ដូចការប្រកួតមុនៗ នៃ«អ៊ឺរ៉ូ២០១៦»នោះទេ។ ផ្ទុយទៅវិញ ក្រុមព័រទុយហ្គាល់បានរកឱកាសរវាងគ្នា តែ៣នាទីប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់ដល់ទៅ២គ្រាប់ នៅពេលចាប់ផ្ដើមពាក់កណ្ដាលម៉ោងទីពីរ។
គ្រាប់បាល់ដំបូង នៅនាទីទី៥០ ជារបស់កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានទទួលបាល់ទាត់ចេញពីចំហៀង មុននឹងប្រើក្បាលរបស់ខ្លួន បុកបាល់នេះចូលក្នុងសំណាញ់ទីរបស់ក្រុម វៀល្ស៍ ដូចបំណង (១-០)។ នៅបីនាទីក្រោយមក កីឡាករម្ចាស់បាល់មាសបីជំនាន់ រ៉ូណាល់ដូ ដដែល បានបញ្ជូនបាល់រាបផ្ទាល់ដី មកចំកណ្ដាលទីលាន ដើម្បីឲ្យកីឡាកររួមជាតិ ឈ្មោះ ណានី (Nani) ផ្ដួលខ្លួនយកជើងទៅឆ្កឹះបាល់ [...]