ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទីប្រាំ ខណៈសម រង្សីបន្តចលនាទាមទារ
មិនមានអ្វីប្លែកទេ ហើយដូចទៅនឹងការគ្រោងទុកដូច្នេះ រដ្ឋសភាជាតិដែលមានសមាជិកតំណាងរាស្ត្រ មកពីគណបក្ស ប្រជាជនកម្ពុជា បានបើកនិតិកាលថ្មីរបស់ខ្លួន ដោយថែមទាំងបានប្រកាសផ្ដល់សេចក្ដីទុកចិត្ត ទៅលោក ហ៊ុន សែន ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់អាណត្តិប្រាំឆ្នាំទៅមុខ។ រដ្ឋសភាជាតិថ្មី ក្រោមព្រះរាជធិបតីភាពដ៏«ខ្ពង់ខ្ពស់» នៃព្រះមហាក្សត្រព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ដែលត្រូវបានគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជាសភាឯកបក្ស ខុសច្បាប់រដ្ឋធម្មនុញ្ញ។
រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - «វត្តមានតំណាងរាស្រ្តទាំង៦៨រូបនេះ អាចធ្វើឲ្យសភាជាតិដំណើរការទៅបាន» [...]