ហ៊ុន សែន រំលឹកថ្ងៃខួបលើកទី៤៣ នៃការធ្លាក់ខ្លួនពិការភ្នែក
បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ បានធ្លាក់ខ្លួនពិការភ្នែក តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងព្រឹត្តិការណ៍សង្គ្រាមបង្ហូរឈាម ដែលកាលនោះ ធ្វើឡើងរវាងកងទ័ពខ្មែរក្រហម និងកងទ័ពសាធារណរដ្ឋខ្មែរ។ មកដល់ថ្ងៃនេះ មានរយៈពេល៤៣ឆ្នាំកន្លងទៅហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកព្រឹត្តិការណ៍នោះ ក្នុងព្រឹកថ្ងៃនេះ នៅលើបណ្ដាញសង្គមដូច្នេះថា៖ «ខ្ញុំនៅចាំបានថា ម៉ោង៦ និង១៥នាទីព្រឹកថ្ងៃ១៦មេសា១៩៧៥ មានការប្រយុទ្ឋស្លាប់រស់ នៅសមរភូមិប៉មទន្លេរបិទ ដែលពេលនេះក្បែគល់ស្ពានគីស្យូណា។ ពេលនោះហើយ ដែលខ្ញុំត្រូវរបួសជាលើកទី៥ នៃការប្រយុទ្ឋ១០៥លើក ក្នុងរយះពេល៥ឆ្នាំ នៃការប្រយុទ្ឋជាមួយពួកបរទេសឈ្លានពាន និងបរិវារ។»
លោក ហ៊ុន សែន ដែលធ្លាប់ជាមេទាហានរបស់កងទ័ពខ្មែរក្រហម បានយកខួប៤៣ឆ្នាំនេះ មករំលឹកមនុស្សជំនាន់ក្រោយ តាមរយៈសារនយោបាយមួយ ដែលលោកអះអាង ពី«ជម្រើស»។ [...]