ទទួលទានក្នុងភោជនីយដ្ឋានលែងព្រួយ បន្ទាប់ពីរឿងអាស្រូវសាច់សេះ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីរឿងអាស្រូវ ក្នុងការលួចបន្លំសាច់សេះ ដាក់ក្នុងសាច់គោមក ពួកអ្នកប្រកបរបរអាជីប ទាក់ទងនឹងគ្រឿងឧបភោគបរិភោគ ត្រៀមខ្លួននឹងនិយាយពីតម្លាភាព នៅក្នុងសាច់ដែលពួកខ្លួនប្រើប្រាស់នៅក្នុងចានម្ហូប តែទន្ទឹមនឹងនេះ ពួកគេបាននិយាយចោទប្រកាន់អ្នកទទួលទាន ថាចង់បានតែតម្លៃថោកជ្រុល។
មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់ តែវាជាសាច់អ្វី?
ជារឿងអាស្រូវដ៏ធំនៅអ៊ឺរ៉ុប ដែលចរាចរណ៍សាច់សត្វ ត្រូវបានគេរកឃើញថា មានការបន្លំយកសាច់សេះ មកដាក់ជំនួសសាច់គោ នៅក្នុងមុខម្ហូបជាច្រើន ជាពិសេសនៅក្នុងម្ហូបដែលធ្វើរួចស្រេចដាក់កក លក់ក្នុងទីផ្សារធំៗ។
សូមអានអត្ថបទមុនរបស់មនោរម្យព័ងអាំងហ្វូ ដែលបានជម្រាបជូនរួចហើយ ពីពេលដែលរឿងអាស្រូវបានចាប់ផ្ដើមដំបូង។
នៅចំពោះមុខរឿងអាស្រូវនេះ ក្រុមអ្នកអន្តរាគមន៍ជាច្រើន រួមនឹងរដ្ឋាភិបាលបារាំងផង មានបំណងចង់អោយដាក់នូវ ការខ្ចប់ម្ហូបអាហារទាំងនោះ ដោយជាតិផ្លាស្ទិកថ្លា ដោយថែមទាំងដាក់ប្រកាសថា សាច់ទាំងនេះមកទីណានោះទៀត។ ប៉ុន្តែបញ្ហាផ្លូវច្បាប់ ក៏ជារឿងមួយ ដែលគេត្រូវយកមកជជែកដូចគ្នា ទាក់ទងនឹងផ្លាកប្រកាសបញ្ជាក់ប្រភពនេះ។
ក្រុមហ៊ុនផ្សារទំនើប ការហ្វួរ (Carrefour) ដែលមានទីតាំងពាសពេញប្រទេសបារាំង និងនៅក្នុងប្រទេសមួយចំនួនទៀត បានកំពុងត្រួតពិនិត្យឡើងវិញ ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ ពីផលិតផលម្ហូបអាហារ ដែលមានការសង្ស័យ ពីការលួចបន្លំនេះ។ អគ្គលេខារបស់ក្រុមហ៊ុន លោក ហ្សេរ៉ូម ប៊េឌីយ៉េ (Jérôme Bédier) បាននិយាយបៀបធៀបនឹង បណ្ដាញម៉ាហ្វីយ៉ាមួយ ដែលគេគិតថា «វាមានគ្រោះថ្នាក់ តិចជាងការជួញគ្រឿងញៀន តែរកលុយបានច្រើនជាង ក្នុងការជួញផលិតផលចំណីអាហារ»។ លោកទាមទារ សុំអោយមានការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ពិន័យទៅលើបណ្ដាញនៃការលួចបន្លំនេះ។
នាយកប្រតិបត្តិរបស់ ក្រុមហ៊ុនកសិចំណីរអាហារ ម៉ាអីសសាឌួរ ម្នាក់ទៀត (Maïsadour) លោក ទីជែរី ប្លងឌីនីញ៉ែ (Thierry Blandinières) បានបន្ថែមទម្ងន់ទៀតថា មិនត្រឹមតែផលិតផលចំណីអាហារ ដែលដាក់លក់ក្នុងទីផ្សារធំៗនោះប៉ុណ្ណោះទេ តែគេក៏ត្រូវដាក់ពីផ្លាកប្រកាសនេះ នៅលើម្ហូបចំណីដែលគេធ្វើ នៅក្នុងបណ្ដាភោជនីយអាហារនានាដែរ។ បញ្ហានេះ បានត្រូវចាប់អារម្មណ៍ខ្លាំង នៅពេលដែលក្រុមហ៊ុនផ្គត់ផ្គងដ៏ធំមួយ របស់បារាំង ឈ្មោះណេស្លេ (Nestlé) បាន ប្រកាសពីសប្ដាហ៍មុន ពីវត្តមាននៃសាច់សេះ នៅក្នុងម្ហូបធ្វើស្រាប់ ធ្វើសម្រាប់លក់ទៅអោយ ភោជនីយដ្ឋាន។
សម្រាប់សហជីបអ្នកធ្វើភោជនីយដ្ឋានបារាំង វាជាពេលសមល្មមមួយ ដែលបណ្ដាចុងភៅគួរតែចំអិនចំណីអាហារ ទៅអោយអតិថិជន នូវម្ហូបអាហារដែលធ្វើភ្លាមៗ នៃសាច់ចេញពីប្រភពច្បាស់លាស់។ ហើយវិធានការទាំងនេះ សហជីបចង់អោយមានការដាក់បន្ថែម ទៅក្នុងច្បាប់នៃបម្រើបម្រាស់ ដែលបានសន្យាដោយ រដ្ឋមន្ត្រីក្រសួងបម្រើបម្រាស់ផលិតផល លោក ប៊ើន័រ ហាម៉ុង (Benoît Hamon) ថានឹងចេញនៅរដូវក្ដៅខាងមុខ។
តែសហជីបអ្នកធ្វើភោជនីយដ្ឋានមួយទៀត ឈ្មោះ អ៊ុយមីហ៍ (Umih) ក៏បានថ្លែងការខ្វាយខ្វល់ដូចគ្នា ថា«តម្លៃដែលថោកជ្រុល នឹងមានហនិភ័យខ្ពស់» ជាពិសេសនឹងធ្វើអោយមានការលួចបន្លំ រវាងម្ហូបចំអិននៅក្នុងភោជនីយដ្ឋាន និងម្ហូបធ្វើរួចលក់នៅក្នុងទីផ្សារធំៗ។ ប្រធានសហជីបនេះ ឈ្មោះរ៉ូឡង់ ហេហ្គី (Roland Héguy) បានចោទជាសំនួរថា «តើគេពន្យល់ទៅអតិថិជន បានយ៉ាងដូចម្ដេច បើពីស្សា (pizza) មួយថ្លៃ១០អ៊ឺរ៉ូ នៅក្នុងភោជនីយដ្ឋាន តែគេអាចរកបានពីស្សា ដដែលនេះ ថ្លៃតែ១,៥០អ៊ឺរ៉ូ លក់នៅក្នុងផ្សារនោះ? បញ្ហា គឺមកពីតម្លៃថោកជ្រុលនេះហើយ ដែលជម្រុញធ្វើអោយគេកុហក។» លោកបន្ថែមថា «ដោយសារតែវិបត្តិសេដ្ឋកិច្ច ទឹកត្រី នឹងអាចត្រូវគេផ្លាស់ប្ដូរ ដោយទឹកអំបិល»៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ