បើ កែម ឡី នៅ​មាន​ជីវិត «គាត់​មិន​ទៅ​ចូលរួម​បោះឆ្នោត​ក្លែងក្លាយនេះ»​ទេ

អ្នកស្រី ប៊ូ រចនា​ ភរិយាមេម៉ាយ​របស់លោក កែម ឡី បានប្រកាសនៅថ្ងៃអាទិត្យនេះ ថាអ្នកស្រីនឹងមិនទៅបោះឆ្នោត ក្នុងខែកក្កដាខាងមុខនេះទេ។ អ្នកស្រីបានហៅការបោះឆ្នោតនេះ មានលក្ខណៈជា «បាយឡុកបាយឡ»។
បើ កែម ឡី នៅ​មាន​ជីវិត «គាត់​មិន​ទៅ​ចូលរួម​បោះឆ្នោត​ក្លែងក្លាយនេះ»​ទេ
ពីឆ្វេងទៅស្ដាំ៖ រូបថតលោកបណ្ឌិត​ កែម ឡី និងអ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយរបស់លោក កែម ឡី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 11, 2018
  • ប្រធានបទ: បោះឆ្នោតជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាររបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ​របស់សពលោកបណ្ឌិត កែម ឡី បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ជាថ្មីទៀត នៅថ្ងៃអាទិត្យនេះ។ នោះ គឺអ្នកស្រីបានអះអាងច្បាស់ៗ ថាក្នុងនាមជាកូនខ្មែរ អ្នកស្រីនឹងមិនទៅចូលរួមបោះឆ្នោត ដែលអ្នកស្រីហៅថា ជាការបោះឆ្នោត «បាយឡុកបាយឡ» និង «ក្លែងក្លាយ» ខាងមុខនេះឡើយ។ អ្នកស្រីថែមទាំងបញ្ជាក់ ពីជំហរនេះ ជំនួសឲ្យលោក កែម ឡី ស្វាមីរបស់អ្នកស្រីនោះផង។

អមដោយរូបថតអ្នកស្រី​មួយសន្លឹក ដែលមានសរសេរថា «២៩ កក្កដា ២០១៨ ម្រាមដៃស្អាត» ភរិយាមេម៉ាយបានសរសេរ នៅលើគណនីហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖ «ក្នុងនាមនាងខ្ញុំ ជាកូនខ្មែរមួយរូប បើមានសិទ្ធិទៅបោះឆ្នោត ថ្ងៃ២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ក៏ខ្ញុំមិនទៅចូលរួម បោះឆ្នោតបាយឡុកបាយឡ ជាដាច់ខាត»។

អ្នកស្រី ប៊ូ រចនា បានសរសេរបន្តថា៖ «ជាងនេះទៅទៀត បើស្វាមីខ្ញុំនៅមានជីវិត គាត់មិនពេញចិត្ត ហើយក៏មិនទៅចូលរួមបោះឆ្នោតក្លែងក្លាយរបៀបនេះដែរ ។ ដូច្នេះយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ដែលមានឈាមជរ័​ជាខ្មែរ និងជាម្ចាស់ឆ្នោត មានសិទ្ធិក្នុងការសម្រេចចិត្ត។»។

ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កំពុងត្រូវបានរៀបចំធ្វើ ហើយអាចនឹងប្រព្រឹត្តិទៅ ដោយពោរពេញ ទៅដោយភាពចម្រូងចម្រាស បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ជាងគេ នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោល កាលពីខែវិច្ឆិកាឆ្នាំទៅម៉ិញ។ ថ្នាក់ដឹកនាំ និងសមាជិកសំខាន់ៗ របស់គណបក្សនេះ ចំនួនជាង១០០នាក់ ថែមទាំងត្រូវបានហាមឃាត់ មិនឲ្យប៉ះពាល់ចូលប្រឡូក ក្នុងជីវិតនយោបាយ សម្រាប់រយៈពេល៥ឆ្នាំថែមទៀត។

ផ្ទុយពីការថ្លែងការពារខ្លួន របស់រដ្ឋាភិបាលកម្ពុជានោះ ប្រទេសជាច្រើននៅបស្ចឹមលោក សហភាពអ៊ឺរ៉ុប មន្ត្រីអង្គការសហប្រជាជាតិ រួមនឹងអង្គការអន្តរជាតិផ្សេងទៀត និងក្រុមមន្ត្រីប្រឆាំង​របស់​ប្រទេសកម្ពុជា បានសំដែងមន្ទិល​ចំពោះការបោះឆ្នោតមួយនេះ និងបានហៅការបោះឆ្នោតខាងមុខ ថាគ្រាន់តែធ្វើឡើង​ជាឆាកល្ខោន ដើម្បីកំដរការបន្តអំណាច របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​បីទសវត្សន៍​ជាងរបស់កម្ពុជា ប៉ុណ្ណោះ។ ប្រទេសធំៗមួយចំនួន ថែមទាំងព្រមាន មិនទទួលស្គាល់ លទ្ធផលដែលចេញពីការបោះឆ្នោត​​មួយនេះ​ទៀត​ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...