ក្រុមកាំភ្លើងធំ៖ អេមរី ក្លាយជាគ្រូបង្វឹកបន្តពី វេនជ័រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៣ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 24, 2018
- ប្រធានបទ: បាល់ទាត់អង់គ្លេស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក អូណៃ អេមរី (Unai Emery) ជាតិអេស្ប៉ាញ អាយុ៤៦ឆ្នាំ គឺជាគ្រូបង្វឹកថ្មី របស់ក្រុម អាសឺណល់ (Arsenal - អង់គ្លេស)។ នេះ បើតាមការប្រកាស ចេញពីក្រុមបាល់ទាត់ខ្លួនឯងផ្ទាល់ ក្នុងថ្ងៃពុធទី ២៣ ខែឧសភានេះ ដែលដាក់បញ្ចប់ពាក្យចចាមអារាម ដែលលើកឡើងជាបន្តបន្ទាប់ ជុំវិញបេក្ខភាពស្នងតំណែង ជាគ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ បន្ទាប់ពីលោក អាសែន វេនជ័រ (Arsène Wenger) អាយុ៦៨ឆ្នាំ បានប្រកាសចាកចេញ ពីតំណែងជាគ្រូបង្វឹក ដ៏យូរអង្វែងរបស់លោក រាប់ពី ២២ឆ្នាំមកនោះ។
ក្រុម អាសឺណល់ មិនបានបញ្ជាក់ពីរយៈពេល នៃកិច្ចសន្យា ដែលក្រុមបានធ្វើជាមួយលោក អ៊ូណៃ អេមរី នោះទេ។
លោក អេមរី ដែលទើបនឹងបញ្ចប់កិច្ចសន្យា ពីក្រុម ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint-Germain- បារាំង) ក្នុងឆ្នាំ២០១៨នេះ បានដឹកនាំក្រុមប៉ារីស ឲ្យទទួលបានតំណែង ជាជើងឯក សម្រាប់រដូវកាលចុងក្រោយ និងពានរង្វាន់បីទៀត ក្នុងពិភពបាល់ទាត់បារាំង ចំនួនពីររដូវកាលជាប់ៗគ្នា។ ប៉ុន្តែលោក មិនបានដឹកនាំក្រុម ប៉ារីស ឲ្យឡើងហួសពីវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» នោះឡើយ។
ផ្ទុយទៅវិញ លោកធ្លាប់ដឹកនាំក្រុម សេវីល (Séville FC - អេស្ប៉ាញ) ឲ្យទទួលជ័យជំនះ ដណ្ដើមបានពានរង្វាន់អ៊ឺរ៉ុប ក្របខណ្ឌ «Europa League» ដល់ទៅ៣រដូវកាលជាប់គ្នា។
លោក អ៊ូណៃ អេមរី បានចាប់ផ្ដើមធ្វើជាគ្រូបង្វឹកដំបូង នៅឆ្នាំ២០០៥ ជាមួយនឹងក្រុម «Lorca Deportiva» ដែលជាក្រុមបាល់ទាត់តូចមួយ ស្និតក្នុងភាគអាគ្នេយ៍ នៃប្រទេសអេស្ប៉ាញ។ បន្តបន្ទាប់មក លោកបានបង្វឹកក្រុម «Almeria - អេស្ប៉ាញ» សម្រាប់រយៈពេល ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ - ក្រុម «Valence - អេស្ប៉ាញ» សម្រាប់រយៈពេល ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ និងក្រុម «Spartak Moscou - រ៉ូស្ស៊ី» សម្រាប់រយៈពេលខ្លីមួយ ក្នុងឆ្នាំ២០១២។
គ្រូបង្វឹកថ្មី ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេហទំព័ររបស់ក្រុម អាសឺណល់ ស្រង់សំដី យកមកចុះផ្សាយថា៖ «ខ្ញុំមានក្ដីរីករាយណាស់ ដែលចូលមកធ្វើការ ជាមួយក្រុមបាល់ទាត់មួយ នៃក្រុមបាល់ទាត់ដ៏ធំៗ នៅលើពិភពលោក។ ក្រុម អាសឺណល់ មានការទទួលស្គាល់ និងការកោតស្ងប់ស្ងែង ពីពិភពលោកទាំងមូល ជុំវិញបច្ចេកទេសទាត់បាល់ - ការផ្ចុងផ្ដើមកីឡាករក្មេងៗ - កីឡដ្ឋានដ៏អស្ចារ្យ និងរបៀបរបបគ្រប់គ្រងក្រុមបាល់ទាត់។»៕