ការប្រលងរើសសិស្សចៅក្រម ត្រូវលើកពេល ព្រោះ ACU
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ចេញក្នុងថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានបង្គាប់ឲ្យរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ លើកពេលប្រឡងប្រជែង ជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ទៅថ្ងៃខាងមុខវិញ ក្នុងបំណងរៀបចំជាថ្មី និងពិនិត្យលើបែបបទនានា ដើម្បីធានាបាននូវតម្លាភាព ភាពត្រមត្រូវ និងយុត្តិធម៌ សម្រាប់ការប្រលងទាំងមូល។
ក្រោមពីទទួលបានព័ត៌មាន នៃការបដិសេធមិនចូលរួមការអង្កេត ការប្រលងសិស្សចៅក្រម ជំនាន់ទី៧ របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយសម្រេច ឲ្យរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ លើកកាលបរិច្ឆេទ នៃការប្រលង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ដដែលនោះ។ តាមសេចក្តីជូនដំណឹង របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ការប្រលងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ចំនួន៥០នាក់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោក ឱម យិនទៀង បានឆ្លើយតប ទៅនឹងលិខិតរបស់លោក ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយចោទស្ថាប័ន ជំនាញខាងការជ្រើសរើស មន្ត្រីតុលាការមួយនេះ ថាគ្មានឆន្ទះ និងគ្មានសហការល្អ ជាមួយអង្គភាពរបស់លោក។ លោក ឱម យិនទៀង បានសរសេរថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ បដិសេធមិនចូលរួម ក្នុងការសង្កេតការណ៍ លើដំណើរនៃការប្រឡងប្រជែង ជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនោះទេ។ ដោយហេតុថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការគ្មានឆន្ទៈ និងមិនមានការសហការល្អ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។»
សូមរំលឹកថា រការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការវប្រលងនានា មួយចំនួនទៀត តែងមានការសហការគ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាមី ដែលខុសពីការប្រលង ជ្រើសរើសសិស្សចៅក្រម ដែលរៀបចំឡើង ដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលមានលោក ឈន ព្រលឹង ជាប្រធាន ជាសេនាធិការមួយ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងយុត្តិធម៌ ដែលមានលោក អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី។ នាពេលកន្លងមក រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការនេះ ត្រូវបានសាធារណៈជនមើលឃើញថា បានបង្កប់នូវអំពើពុករលួយ ដែលមិនអាចធ្វើការប្រមាណបាន។
ចាប់ទាំងពីជំនាក់ទី១ រហូតដល់ជំនាន់ទី៦ ការប្រលងជ្រើសរើសសិស្សចៅក្រម បានធ្វើឡើងនៅក្រោមការរៀបចំ តែពីរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ប៉ុណ្ណោះ ហើយមិនមានការចូលរួម ពីអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ មតិរបស់ពលរដ្ឋមួយចំនួន បានលើកឡើងថា ស្ថាប័នរាជបណ្ឌិត្យសភា វិជ្ជាជីវៈតុលាការ ដែលមានក្រសួងយុត្តិធម៌ ជាអាណាព្យាបាលនេះ តែងតែជិះសេះលែងដៃ ក្នុងករណីនៃការប្រលងនេះ រហូតមក។ ដល់ជំនាន់ទីប្រាំ៧នេះ ក៏នៅចង់បន្តទម្លាប់អាក្រក់នេះបន្តទៀត តែមិនអាចទៅរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នអង្គការពាក់ព័ន្ធ មួយចំនួនទៀត មានបំណងចង់ចូលរួមត្រួតពិនិត្យ និងអង្កេត ក្នុងការប្រលងនេះដែរ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់បន្ថែម ពីលោក ឱម យិនទៀង និងលោក ឈន ព្រលឹង បានទេក្នុងថ្ងៃនេះ ដោយទូរស័ព្ទគ្មានអ្នកទទួល និងមិនអាចភ្ជាប់ទំនាក់ទំនងបាន៕