«ពុកដឹងខ្លួនឡើងៗ ទៅវត្ដធ្វើបុណ្យកឋិន»
- ដោយ: ក. សោភណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: December 30, 2015
- ប្រធានបទ: កឋិនទាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុណ្យកឋិនទាន ដែលតែងត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ប្រារព្ធធ្វើមិនដែលខាននោះ បានចូលមកដល់។ ពិធីនេះ ត្រូវចាប់ផ្តើមប្រារព្ធ ពីថ្ងៃចេញព្រះវស្សា ពោលគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលមានរយៈពេល ២៩ថ្ងៃ។ តែសួរថា សម្រាប់ពុទ្ធសាសនិកខ្មែរប្រុសស្រី តើគួរជ្រើសរើសពេលវេលាណា ដើម្បីប្រារព្ធពិធីបុណ្យនេះ ឲ្យសមប្រកបជាមួយនឹង (ឬជូន)អ្នកមានគុណ របស់ខ្លួននោះ?
ភិក្ខុមួយអង្គ ដែលដាក់ព្រះនាមថា «Sothea Yon» បានសរសេរនៅលើបណ្ដាញសង្គម រៀបរាប់ពីសាច់រឿងអប់រំ ផ្នែកសាសនាដ៏ខ្លីមួយ ទាក់ទងនឹងបុណ្យ កឋិនទាននេះ ដូច្នេះថា៖ «លោកឪពុកខ្ញុំ តែងទទួចចង់ធ្វើបុណ្យកឋិន តែយើងជាកូន ជាប់រវល់នឹងការងារ ទើបសន្យាគាត់ថា “ចាំឆ្នាំក្រោយទៅពុក”។ លោកឪពុកគាត់ឮហើយ សប្បាយចិត្ដណាស់ តែមួយឆ្នាំទៅមួយឆ្នាំ យើងនៅតែសន្យា ជាមួយនឹងលោកឪពុកដដែល ទោះគាត់ទទូចសុំធ្វើបុណ្យកឋិន» យ៉ាងណាក៏ដោយ។
ដោយភ្ជាប់មកជាមួយ នូវរូបភាព បង្ហាញពីបុរសចំណាស់ម្នាក់ ដែលទំនងជាកំពុងឈឺ និងរូបថតត្រៃចីវរ សាដកនោះ ព្រះតេជគុណ «Sothea Yon» បានរៀបរាប់បន្តថា៖ «ពុទ្ធោ ! ពុកខ្ញុំធ្លាក់ខ្លួនឈឺជាទម្ងន់ ពុកអើយ ! មើលចុះ កូនបានរៀបចំធ្វើបុណ្យកឋិនហើយ ពុកដឹងខ្លួនឡើងៗ ទៅវត្ដធ្វើបុណ្យកឋិន ពុកឃើញត្រៃចីវរទេ ល្អស្រស់ណាស់។ ពុកដឹងខ្លួនឡើងៗ។ ពុកកុំបន្លាចកូនអីពុក!។ ទៅវត្ដវត្តសម្មាទានសីល ធ្វើបុណ្យកឋិនពុក!»។
ព្រះសង្ឃបានបញ្ចប់រឿងខ្លីនេះ ដោយឃ្លាដូច្នេះ៖ «ពុកឆ្លើយតបនឹងកូនមក ពុក!»។
ច្បាស់ហើយថា សាច់រឿងដែលព្រះតេជគុណសរសេរឡើងខាងលើ ពុំមែនជារឿងរ៉ាវមែនទែនទេ តែព្រះតេជគុណបានបញ្ជាក់ថា រឿងនេះចង់បញ្ជាក់ពីភាពពិតមួយ នៅក្នុងសង្គមខ្មែរ ដែលកូនក្មួយគ្រប់រូបកំពុងអនុវត្តន៍ ជាមួយអ្នកមានគុណរបស់ពួកគេ។ ព្រះសង្ឃបានសរសេរទៀតថា៖ «ធ្វើបុណ្យទាន់ខែភ្លឺ កុំចាំគាត់ឈឺ បរិភោគលែងកើត»៕