ណីម៉ា​ នឹង​ត្រឡប់​មក​វិញ នៅ​ចុង​សប្ដាហ៍​ខាង​មុខ

ប្រភពជាច្រើន បានលើកឡើងថា កីឡាករ ណីម៉ា (Neymar) កំពូលកីឡាករជាតិប្រេស៊ីល របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-germain) នឹងវិលត្រឡប់មកវិញ នៅចុងសប្ដាហ៍ខាងមុខ។ ក្រុមប៉ារីស ក៏បានអះអាងជាផ្លូវការ​ដែរថា របួសប្រអប់ជើងស្ដាំរបស់កីឡាករ មានភាពធូស្រាល អាចកម្រើកបានគ្របចលនាទាំងអស់។
ណីម៉ា​ នឹង​ត្រឡប់​មក​វិញ នៅ​ចុង​សប្ដាហ៍​ខាង​មុខ
កីឡាករ ណីម៉ា នៅក្នុងរូបថតដំបូង ដែលបានក្លាយជាកីឡាករ របស់ក្រុម ប៉ារីស។ (រូបថតរបស់ក្រុមបាល់ទាត់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៩ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 30, 2018
  • ប្រធានបទ: ក្រុមប៉ារីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង «Isabela Pagliari» ដែលជាអ្នកសារព័ត៌មានជាតិប្រ៊េស៊ីល ស្និតជាមួយកីឡាករ ណីម៉ា (Neymar) បានឲ្យដឹងថា កំពូលកីឡាកររបស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-germain) រូបនេះ នឹងវិលត្រឡប់មករដ្ឋធានី ប៉ារីស ប្រទេសបារាំងវិញ ក្នុងរវាងពីថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍ខាងមុខ បន្ទាប់ពីបានសម្រាកព្យាបាល របួសប្រអប់ជើងខាងស្ដាំរបស់ខ្លួន តាំងពីចុងខែកុម្ភៈមកនោះ។

ប្រភពផ្សេងទៀត ដូចយ៉ាងសារព័ត៌មាន «UOL Esporte» របស់ប្រទេសប្រ៊េស៊ីលជាដើម នៅបានពន្យល់បន្ថែមទៀតថា ការវិលត្រឡប់​មករដ្ឋធានី ប៉ារីស វិញ ត្រូវបានកីឡាករខ្លួនឯង ទទួលធ្វើតាមការទាមទារ របស់ក្រុម ប៉ារីស ដែលចង់ឲ្យកីឡាករ ណីម៉ា មានវត្តមាន ដើម្បីជានិមិត្តរូប និងផ្ដល់កម្លាំងចិត្ត ឲ្យកីឡាកររួមក្រុម ដែលនឹងប្រកួតដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ របស់ប្រទេសបារាំង «Coupe de France» នៅថ្ងៃទី៨ ខែឧសភាខាងមុខ។

ការវិលត្រឡប់មក ចូលរួមផ្ដល់កម្លាំងចិត្ត ដល់កីឡាកររួមក្រុម និងចូលរួម ក្នុងកម្មវិធីផ្សេងទៀត របស់ក្រុម ប៉ារីស នឹងបិទបញ្ចប់ពាក្យចចាម​អារ៉ាមទាំងឡាយ ដែលចេះតែលើកឡើង មិនឈប់ឈរថា កីឡាករមិនគោរពក្រុម ហើយកីឡាករមានគម្រោង ចង់ផ្ទេរកិច្ចសន្យា ទៅទាត់ឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid) នៅរដូវកាលខាងមុខ។

សារព័ត៌មានខាងលើ បានបន្ថែមទៀតថា កីឡាករ ណីម៉ា មានបំណងយ៉ាងខ្លាំង ក្នុងការត្រឡប់មកហ្វឹកហាត់ និងទម្លាប់ខ្លួនឡើងវិញ ជាមួយនឹងបច្ចេកទេសទាត់បាល់ ក្នុងក្រុម ប៉ារីស និងកីឡាកររួមក្រុមខ្លួន។

ចំពោះក្រុម ប៉ារីស វិញ បើទោះមិនទាន់ប្រកាស ពីថ្ងៃពិតប្រាកដ នៃការត្រឡប់វិញ របស់កំពូលកីឡាកររបស់ខ្លួនក៏ដោយ តែបានប្រកាសជាផ្លូវការ នៅថ្ងៃអាទិត្យនេះថា របួសប្រអប់ជើងរបស់កីឡាករ ណីម៉ា បានជាសះហើយ និងអនុញ្ញាតឲ្យកីឡាករ អាចធ្វើចលនាបាន ដោយមិនចាំបាច់ មានការការពារអ្វីទៀតឡើយ។

កីឡាករ ណីម៉ា បានក្រឡាច់ប្រអប់ជើងស្ដាំរបស់ខ្លួន ក្នុងការប្រកួត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រវាងក្រុម ប៉ារីស និងក្រុម ម៉ាសីយ៍ (Olympique Marseille) ដែលសុទ្ធសឹងជាក្រុមបាល់ទាត់យក្ស នៅក្នុងប្រទេសបារាំង។ ហេតុការណ៍នេះ បានធ្វើឲ្យរបួស នៅត្រង់ប្រអប់ជើងកីឡាករ ចាំបាច់ត្រូវធ្វើការវះកាត់ និងត្រូវរង់ចាំ រហូតដល់របួសជាសះដូចធម្មតាវិញ ទើបអាចចូលមកប៉ះបាល់ទាត់ ឡើងវិញបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...