ឥណ្ឌូនេស៊ី៖ ពលរដ្ឋមួយភូមិស្រវឹងថ្នាំ... ព្រោះនគរបាលដុតគ្រឿងញៀន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មិនា ២០១៤
- កែប្រែចុងក្រោយ: April 01, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាអ្នកស្រុក ចាស់ឬក្មេង ដែលមិនស្គាល់អ្វីទៅ ដែលហៅថា គ្រឿងញៀនស្រវឹង ក៏នាំគ្នាស្រវឹង ពេញទាំងភូមិដែរ។ បើតាមសារព័ត៌មាន Atlantico ដែលដកស្រង់បន្ត ដោយសារព័ត៌មានអង់គ្លេស Daily Mail បានឲ្យដឹងថា គឺកងកម្លាំងនគរបាលឥណ្ឌូនេស៊ី ជាអ្នកនាំហេតុ ឲ្យពលរដ្ឋទាំងនោះស្រវឹង។
បន្ទាប់ពីបានរឹបអូសគ្រឿងញៀន ចំនួន៣តោនរួច អាជ្ញាធរបានសម្រេចចិត្ត បង្ហាញពីកិត្យានុភាពរបស់ខ្លួន ដោយយកគ្រឿងញៀនទាំងនោះ មកដុតកម្ទេចចោល។ ប៉ុន្តែ នៅពេលដែលដុតគ្រឿងញៀន ឆេះឡើងខ្មួលខ្មាញ់នោះ ផ្សែងដែលហុយចេញពីគ្រឿងញៀន បានហោះអណ្ដែតត្រសែត ពេញវេហា និងជាពិសេស ហោះទៅតាមកម្លាំងខ្យល់ ដែលសម្រុកទៅគ្របដណ្ដប់ លើភូមិមួយស្ថិតនៅក្បែរ ក្រុង តានហ្សឹរ៉េន (Tangerang) ដែលសម្បូរទៅដោយពលរដ្ឋរស់នៅ។
ផ្សែងដែលចេញពីការដុតគ្រឿងញៀន បានបង្កឲ្យមានការឈឺក្បាល និងភាពងោកងុយវង្វេងរង្វាន់។ រឿងដែលកាន់តែហួសចិត្តនោះ គឺនគរបាលដែលអនុវត្ត ប្រតិបត្តិការដុតកម្ទេច គ្រឿងញៀនទាំងនោះ សុទ្ធតែមានពាក់របាំងមុខ ដើម្បីការពារផ្សែង និងក្លិនដែលចេញ ពីការដុតគ្រឿងញៀន ខណៈពលរដ្ឋ សុទ្ធតែបានស្រូបយកទាំងអស់ ទាំងផ្សែងទាំងក្លិន តាមញាណទាំងអស់ របស់ពួកគេ។
អ្នកសារព័ត៌មានអង់គ្លេសម្នាក់ ដែលមានវត្តមាន នៅក្នុងហេតុការណ៍នោះ បានថ្លែងប្រាប់សារព័ត៌មាន Daily Mail ថាខ្លួនចាំបាច់ ត្រូវអង្គុយចុះ ដើម្បីផឹកតែមួយពែង ជាជំនួយឲ្យស្វាង ពីការស្រវឹងគ្រឿងញៀននេះ។
យ៉ាងណាក៏ដោយ នគរបាលនៅតែអះអាង ពីជ័យជំនះរបស់ខ្លួន ដោយបានបំផ្លាញ គ្រាប់ថ្នាំស្រវឹង ២៥០០គ្រាប់ និងម្សៅ មេតាហ្វេតាមីន ចំនួនពីរគីឡូក្រាម ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា១លានដុល្លារ៕