លុចហ្សំបួរ៖ អាពាហ៍ពិពាហ៍​រវាង អ្នកអង្គម្ចាស់​ហ្គីយម និង​អ្នកម្នាង​ស្តេហ្វានី

ជិត៦០ឆ្នាំបន្ទាប់ពី ពិធីអាពាហ៍ពិពាហ៍របស់ អ្នកអង្គម្ចាស់ ហ្សង់ និងម្ចាស់ក្សត្រី ជូហ្សេហ្វីន ឆាឡុត ពិធីអភិសេកដ៏អធិក​អធម​​មួយទៀត រវាងរាជាណាចក្រលុចហ្សំបួរ និងប៊ែលហ្សិក ទើបនឹងបានប្រារព្ធធ្វើ កាលពីថ្ងៃសៅរ៍ទី២០តុលា​នេះ។ ជាពិធីមង្គល ដ៏មហានក្ខ​ត្ត​ឫក្ស​ ដែលត្រូវបានគេតាមដានមកពីសឹងគ្រប់ទិសទី ក្នុងពិភពលោក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជិត៦០ឆ្នាំបន្ទាប់ពី ពិធីអាពាហ៍ពិពាហ៍របស់ អ្នកអង្គម្ចាស់ ហ្សង់ និងម្ចាស់ក្សត្រី ជូហ្សេហ្វីន ឆាឡុត ពិធីរៀបអភិសេកដ៏​អធិកអធម​​មួយទៀត រវាងរាជាណាចក្រលុចហ្សំបួរ និងប៊ែលហ្សិក ទើបនឹងបានប្រារព្ធធ្វើ កាលពីថ្ងៃសៅរ៍ទី២០តុលា​​នេះ។ ជាពិធីមង្គល ដ៏មហានក្ខ​ត្ត​ឫក្ស​ ដែលត្រូវបានគេតាមដានមកពីសឹងគ្រប់ទិសទី ក្នុងពិភពលោក។

តាមពិតទៅ អនាគតអ្នកអង្គម្ចាស់របស់ប្រទេសលុចហ្សំបួរ ហ្គីយម ដឺ ណាស្សូ (Gand-Duc Guillaume de Nassau) និង​អ្នកម្នាងមកពី រាជាណាចក្រប៊ែលហ្សីកឈ្មោះ ស្តេហ្វានី ដឺ ឡាណ័យ (Stéphanie de Lannoy) បាននិយាយថា «យល់ព្រមផ្សារភ្ជាប់​ចំណងទាក់ទង»របស់ពួកគេ តាំងពីពេលដែលពួកគេទាំងពីរបានទៅចុះ កិច្ចសន្យាអាពាហ៍ពិពាហ៍ មួយថ្ងៃមុននេះម្លេះ។ តែនៅថ្ងៃទី២០តុលានេះ ពិធីអាពាហ៍ពិពាហ៍តាមបែបសាសនា បានកំណត់អោយគេទាំងពីរ បន្លឺ​នូវ​ពាក្យនេះជាថ្មីទៀត នៅក្នុងវិហាគ្រឹស្ដិ៍សាសនា នត្រ ដាម (Notre Dame) របស់ប្រទេសលុចហ្សំបួរ នៅចំពោះមុខសម្ដេច ហ្សង់-កាលុដ ហូលឺរីឆ ស.ហ្ស. (Jean-Calude Hollerich S.J.) និងព្រះសង្ឃអ្នកធ្វើកម្មវិធី ហ្សង់-ពីរព្រែ រ៉ែន័រ  (Jean-Pierre Reiners)។ ពិធីអាពាហ៍ពិពាហ៍ ដែលមានរយះពេលដល់ទៅ ជាងពីរម៉ោង បានបញ្ចប់ទៅ នៅបន្ទាប់ពីអ្នកទាំងពីរបានមក បង្ហាញខ្លួននៅលើរានហាល នៃវិមានអ្នកអង្គម្ចាស់ ជាមួយនឹងសម្លេងស្រែកហ៊ោកញ្ជ្រៀវ  និងទះដៃអបអរសាទរ យ៉ាងកង​រំពង​ពីបណ្ដាជនឈរនៅខាងក្រៅ រាប់សិបពាន់នាក់។

ដូច្នេះពីថ្ងៃនេះតទៅ អ្នកម្នាង ស្តេហ្វានី នឹងត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតម្រូវទៅតាមងារថ្មី ជាអ្នកម្នាងម្ចាស់ស្នងតំណែង នៃប្រទេសលុចហ្សំបួរ។ អ្នកអង្គម្ចាស់ ហ្គីយម ឬអាចហៅបានម៉្យាងទៀត ជា«ព្រះអង្គម្ចាស់» ដែលនឹងត្រូវស្នង បន្តការ​គ្រប់គ្រងរាជាណាចក្រលុចហ្សំបួរ ពីឪពុករបស់ខ្លួន គឺអ្នកអង្គម្ចាស់ ហង់រី ដឺ ណាស្សូ (Gand-Duc Henri de Nassau)។ សូមបញ្ជាក់ថា ប្រទេសលុចហ្សំបួរ ជារាជាណាចក្រអាស្រ័យរដ្ឋធមនុញ្ញ តែប្រមុខរដ្ឋ មិនមានងារជាព្រះមហាក្សត្រទេ តែជា «អ្នកអង្គ​ម្ចាស់» (Gand-Duc) ដែលមានបុព្វសិទ្ធិដូចនឹងព្រះមហាក្សត្រដែរ។

មួយនាទី «ស្មឹងស្មាធ» ដើម្បីរំលឹកដល់វិញ្ញាណខ័ន របស់ម្ដាយអ្នកម្នាង

គឺជាថ្ងៃដែលរីករាយជាទីបំផុតសំរាប់អ្នកទាំងពីរ បើទោះជាអ្នកម្នាងជនជាតិប៊ែលហ្សិករូបនេះ នៅកំពុងកាន់ទុក្ខ ជាមួយ​នឹងមរណភាពរបស់ម្ដាយអ្នកម្នាង កាលពីខែសីហាមុននេះក៏ដោយ។ ហេតុដូច្នេះហើយ នៅមុនពិធីដ៏អធិកអធម​ចាប់​ផ្ដើម អ្នកម្នាងបានសុំអោយមាន ការស្មឹងស្មាធរំលឹកវិញ្ញាណខ័នម្ដាយរបស់អ្នកម្នាង ចំនួនមួយនាទី។

ពិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ ព្រះញាតិវង្សនានាក្នុងពិភពលោក ក្នុងនោះមានមកពីប្រទេស​ណ័រវេស ហូឡង់ ដាណឺម៉ាក ប៊ុលហ្គារី ក្រិច ហ្សកដានី ជប៉ុន និងមកពីប្រទេសម៉ារ៉ុក ដោយមិនបានភ្លេចពីព្រះញាតិវង្ស មកពី​ប្រទេស​ប៊ែលហ្សិក ដែលបានចូលរួមតាំងពីល្ងាចមុនមួយថ្ងៃ ក្នុងពិធីជប់លៀងដ៏ធំមួយ នោះផងទេ។

ចំនួនអ្នកមកចូលរួម នៅក្នុងពិធីបែបសាសនានេះ មានរហូតដល់ទៅ ១​ ៤០០នាក់ ក្នុងនោះ ៩០នាក់ ជាព្រះញាតិវង្ស​ផ្ទាល់ ពីបណ្ដារាជាណាចក្រទាំងឡាយក្នុងពិភពលោក ៥០នាក់ ជាតំណាងព្រះញាតិវង្ស ជិត២៤០នាក់ ជាសមាជិក​អាជ្ញាធរ​ជាតិ និងមួយចំនួនផ្សេងទៀត ជាអ្នកតំណាងការទូត នៃប្រទេសជាមិត្តក្នុងលោកផង។

បណ្ដាជនធម្មតា ប្រហែលជា ២៧០នាក់ ត្រូវបានគេអនុញ្ញាតិអោយ ស្ថិតក្នុងបរិវេណវិហាររៀបចំពិធីនេះ ហើយ ២៨០​នាក់​ផ្សេងទៀត ត្រូវបានគេរៀបចំអោយនៅក្រោម ជំរកមួយដែលសាងសង់ឡើងយ៉ាងពិសេសសំរាប់ទទួលភ្ញៀវទាំងនេះ។  ជា​បំណងរបស់គូស្វាមីភរិយាថ្មីថ្មោង និងជាលើកទីមួយហើយ ដែលរាស្ត្រលុចហ្សំបួរធម្មតាទាំងនេះ ត្រូវបាន​អញ្ជើញ​អោយ​ចូលរួមក្នុងពិធីបែបនេះ។

សូមទស្សនរូបភាពបន្ថែម ដោយចុចលើទីនេះ

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...