វឌ្ឍនាការ​នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ មក​ត្រឹម​១២៨​ដុល្លា (vdo)

កិច្ចប្រជុំស្តីពីការតម្លើងប្រាក់ឈ្នួលកម្មករ បានសម្រេចជាផ្លូវការ នូវប្រាក់ខែអប្បបរមា ១២៣ដុល្លា សម្រាប់​រយៈ​ពេល​សាក​ល្បង និង១២៨ដុល្លា នៅពេលដែលចូលពេញសិទ្ធិ របស់កម្មករនិយោជិក ហើយចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៥។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 15, 2014
  • ប្រធានបទ: បៀរត្សរ៍កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំកាលពី ថ្ងៃទី១២ ខែវិច្ឆិកា គណៈ​កម្មការ​ប្រឹក្សា​ការងារ បាន​បោះ​ឆ្នោត​សម្រេច​យក​ប្រាក់​ឈ្នួល​១២៣​ដុល្លារ សម្រាប់​កម្មករ​ទូទៅ។ ក្នុង​ថ្ងៃ​ដដែល​នេះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន​ប្រាំ (៥) ដុល្លារ​ទៀត សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​និយោជិក​ដែល​ពេញ​សិទ្ធិ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក អ៊ិត សំហេង តំណាង​ភាគី​«រដ្ឋាភិបាល»​ក្នុង​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ បង្ហាញ​ពី​វឌ្ឍនាការ នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិក​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង​ឆ្នាំ២០១៥ ត្រូវ​បាន​កំណត់​ជា​ផ្លូវ​ការ នូវ​ទឹក​ប្រាក់​ចំនួន​១២៣ដុល្លា (បូក ៥ដុល្លា) អាមេរិក​ក្នុង​មួយ​ខែ។ ប្រាំ​ដុល្លារ​ជា​ប្រាក់​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ជូន​បន្ថែម លើ​ប្រាក់​ឈ្នួល​ដែល​កិច្ច​ប្រជុំ​ត្រី​ភាគី បាន​សម្រេច​តាម​រយៈកា​រ​បោះ​ឆ្នោត១២៣​ដុល្លារ​នោះ។ លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​ប្រាក់​ខែ​គោល​អប្បបរមា ១២៨ ដុល្លារ​នេះ កម្មករ​និយោជិក​ទាំង​អស់ ក៏​នឹង​ទទួល​បាន នូវ​ប្រាក់​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត​ដែរ។

សូមទស្សនាសន្និសីទការសែត របស់លោក អ៊ិត សំហេង ដូចតទៅ៖

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) តំណាងភាគី​«កម្មករ​និយោជិត» ក្រោយបញ្ចប់កិច្ចជំនួបថ្ងៃទី១២ ខែវិច្ឆិកានេះ បានបង្ហាញការមិនពេញចិត្តនៅឡើយ ចំពោះប្រាក់​ខែ​គោលនេះ។ លោកបានចាត់ទុកថា ប្រាក់ខែដែលទទួលបាននេះ បើធៀបទៅនឹងទំនិញលើទីផ្សារ មិនមានអ្វី​ប្លែក ឬលើសនោះឡើយ។ តែលោកនៅសង្ឃឹមថា គណកម្មការប្រឹក្សាការងារ រួមទាំង​រដ្ឋាភិបាល និង​ពិចារណា​លើសំណុំរឿងនេះឡើងវិញ ដើម្បីឈានទៅដល់សំណើររបស់ក្រុមសហជីពកម្មករ ដែលចង់បាន១៧៧ដុល្លា ហើយបន្ទាបខ្លួនមកត្រឹម១៤០ដុល្លាវិញនោះ។ ការស្នើនេះ ព្រោះតែចង់បានការរស់នៅរបស់កម្មករនិយោជិក ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមរម្យប៉ុណ្ណោះ។ លោកបញ្ជាក់ជាចុងក្រោយថា ក្រុមការងាររបស់លោក និង​បន្តពិចារណា ហើយធ្វើការទាមទារជាបន្តទៀតនាពេលខាងមុខ ដើម្បីទទួលបាននូវប្រាក់ខែមួយដ៏សមរម្យ ដែលអាចធ្វើឲ្យកម្មករនិយោជិតរស់ ក្នុងនាមជា«មនុស្ស»។

សូមទស្សនាកិច្ចសម្ភាសជាមួយលោក អាត់ ធន់ ដូចតទៅ៖

លោក ណាង សុធី អគ្គនាយកក្រុមហ៊ុន ធីហូលឌីងគ្រុប តំណាងភាគី«និយោជក» បានបង្ហាញថា បើទោះជា​ការកំណត់ប្រាក់ឈ្នួលអប្បបរមា ១២៣ ដុល្លា សម្រាប់កម្មករនិយោជិត ហើយខាងតំណាងកម្មករ​និយោជិក​នោះ បានលើកឡើងថា«ទាប» វាជារឿងមួយដោយឡែក។ តែសម្រាប់លោកផ្ទាល់មើលឃើញថា ប្រាក់ឈ្នួល​១២៣ ដុល្លានេះ កំពុងឡើងខ្ពស់ហួសពីលទ្ធភាពរបស់និយោជក ក្នុងការដាក់ដំណើរការរកស៊ីរបស់ខ្លួន​នៅ​កម្ពុជា។ លោកបន្តថា និយោជកនឹងគ្មានជម្រើសឡើយ ហើយនឹងបន្តអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាល។ លោកថាប្រាក់ឈ្នួលនេះ មានភាពខ្ពស់ជាងច្រើន បើធៀបទៅនឹងប្រទេសវៀតណាមនោះ។ លោកបាន​ចាត់​ទុកថា ការបាត់បង់ ឬបិទទ្វារោងចក្រ វាជារឿងធម្មតាទេ បើកាលណាតម្លៃពលកម្មចេះតែកើនឡើងនោះ។

សូមទស្សនាកិច្ចសម្ភាសជាមួយលោក ណាង សុធី ដូចតទៅ៖

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានក៏បានលើកឡើងប្រហែលគ្នា និង​លោក អាត់ ធន ដែរថា ប្រាក់ខែ១២៣ ដុល្លា នេះ មិនទាន់ឆ្លើយតបទៅនឹងជីវភាពរស់នៅពិតប្រាកដ របស់​កម្មករ​និយោជិកនៅឡើយ។ ហើយក្រុមការងាររបស់លោក ស្នើដល់ប្រមុខរដ្ឋាភិបាល តាមរយៈប្រធានក្រុម​ប្រឹក្សា​ការងារ លោក អ៊ិត សំហេង ឲ្យជួយពិនិត្យនិងតម្លើងបន្ថែម ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។ លោកថា ស្របពេលដែលភាគីទាំងបី តំណាងរដ្ឋាភិបាល តំណាងកម្មករនិយោជក តំណាងនិយោជិក កំពុង​តែ​ប្រជុំតម្លើងប្រាក់ឈ្នួលកម្មករ ឯអតិផរណានៃផលិតផលលើទីផ្សារ ក៏កំពុងតែឡើងថ្លៃដែរ ពិសេសទឹក ភ្លើង និងតម្លៃផ្ទះជួល និងមធ្យោបាយធ្វើដំណើររបស់កម្មករជាដើម។ យ៉ាងណាក៏ដោយ ប្រធានសភាសម្ព័ន្ធសហជីព​ជាតិកម្ពុជា រួមនឹងក្រុមការងារលោកផង នឹងសារទរហើយទទួលយកតាមការសម្រេចចុងក្រោយ របស់​រដ្ឋាភិបាល។

សូមទស្សនាកិច្ចសម្ភាសជាមួយលោក សោម អូន ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...