អូស្ត្រាលី​«ទិញ»​កម្ពុជា ក្នុង​ទឹក​ប្រាក់​៨០លាន​ដុល្លា ដើម្បី​ឲ្យ​ទទួល​ជន​អន្តោប្រវេសន៍?

ប្រទេសកម្ពុជានឹងទទួលបានចំណូលថ្មីបន្ថែម ចំនួន៨០លានដុល្លា ពីការទទួលយកជនអន្តោប្រវេសន៍ ពីប្រទេសអូស្ត្រាលី តាមរយៈការចុះអនុសារណៈយោគយល់ទ្វេភាគីមួយ។ នេះបើតាមការឲ្យដឹង របស់ប្រភពមួយ ស្និតនឹងក្រសួងមហាផ្ទៃ។ សម្រាប់លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងបរិហារសកម្មភាព​នេះ ថាហាក់បីដូចជា​ប្រទេស​អូស្ត្រាលី បាន​ទិញ​ប្រទេស​កម្ពុជា ឲ្យទទួលជនអន្តោរប្រវេសទាំងនោះ យ៉ាងដូច្នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 25, 2014
  • ប្រធានបទ: ជនភៀសខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពព័ត៌មានដែលស្និត នឹងក្រសួងមហាផ្ទៃគួឲ្យជឿជាក់ បានបង្ហើបឲ្យដឹងថា ការដែលកម្ពុជា ទទួល​យក​ជនភៀសខ្លួនអូស្ត្រាលីទាំងនោះ ព្រោះតែថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា បើ​ប្រទេស​ណា​ទទួល​យក ជនអន្តោប្រវេសន៍អន្តរជាតិ«ខុសច្បាប់» ដែលប្រទេសអូស្ត្រាលីច្រានចោលមិន​ទទួល​ទាំង​នោះ​ ប្រទេស​នោះនឹងទទួលបាន ប្រាក់ជំនួយឧបត្ថមបន្ថែម ចំនួន៨០លានដុល្លាក្នុងមួយឆ្នាំ។

ប្រភពដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា៖ «បើមិនព្រោះ​តែ​លុយទេ តើព្រោះអ្វី? ព្រោះមនុស្សធម៌? ខ្ញុំថា ព្រោះតែថ្នាក់ដឹកនាំកម្ពុជា សម្លឹងឃើញលុយច្រើនជាង សម្លឹង​មើលលើផ្នែកមនុស្សធម៌។ (...) ព្រោះថា សូម្បីតែប្រជាជនកម្ពុជាខ្លួនឯង រដ្ឋាភិបាលកម្ពុជា មិនទាំង​អាច​នឹង​ផ្តល់ការរស់នៅ ដល់ពួកគេបានសមរម្យនៅឡើយផង ចុះរឿងអ្វីដែលទទួលយកជនជាតិដទៃ ដែល​ខុស​ច្បាប់ និងប្រទេសកំណើតគេមិនទទួលស្គាល់ មកមើលការខុសត្រូវជំនួសនោះ?»

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញានេះ បាន​បញ្ជាក់​​ថារដ្ឋាភិបាលកម្ពុជា នឹងសម្រេចចុះហត្ថលេខា ជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា លើ​អនុស្សារណៈ​យោគយល់ ស្តីពីការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់​ទៀតថា ក្នុង​ថ្ងៃ​ទី២៦ ខែកញ្ញាស្អែកនេះ លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក​ ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី ជាអ្នក​ចុះហត្ថលេខា លើ​អនុស្សរណៈយោគយល់គ្នា (MOU) ទទួលយកជនភៀសខ្លួនបរទេស ពីប្រទេសអូស្រ្តាលី​ឲ្យ​ស្នាក់នៅ​ប្រទេស​កម្ពុជា។

សេចក្ដីសម្រេចនេះ បានធ្វើឡើងក្នុងបរិបទមួយយ៉ាងចម្រូងចម្រាស់ ខណៈប្រជាពលរដ្ឋកម្ពុជាមួយចំនួន គណបក្ស​ប្រឆាំង និងបានអង្គការការពារសិទ្ធិមនុស្សនានា បានសម្ដែងការព្រួយបារម្ភខ្លាំង ក្នុងការទទួល​យកជន​អន្តោប្រវេសន៍អន្តរជាតិ«ខុសច្បាប់»ទាំងនោះ មករស់នៅក្នុងប្រទេសកម្ពុជា ដែលនៅជាប្រទេស​មួយ​ក្រីក្រ​ជាងគេ នៅលើពិភពលោក។ លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានថ្លែងបរិហារ​សេចក្ដី​សម្រេចនោះ ប្រាប់សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «និយាយទៅ ដូចជា ប្រទេសអូស្ត្រាលី បាន​ទិញ​ប្រទេស​កម្ពុជា ដើម្បីឲ្យទទួលយកជនភៀសខ្លួនទាំងនោះអញ្ចឹង»។

ប្រភពព័ត៌មាន ដែលស្និតនឹងក្រសួងមហាផ្ទៃដដែល បានបញ្ជាក់បន្ថែមថា កម្ពុជានឹងផ្តល់ជម្រក ដល់ជន​អន្តោប្រវេសន៍ទាំងនោះ នៅលើកោះមួយក្នុងខេត្តព្រះសីហនុ។ ក្រុមអ្នកតាមដានសំនុំរឿង បានបន្តការ​បរិហារទៀតថា ការផ្តល់ជំរកនេះ បានធ្វើឡើងស្របពេល ដែលប្រទេសកម្ពុជាមានវិបត្តិដីធ្លី ដែលមិន​ទាន់​ដោះស្រាយ សម្រាប់ពលរដ្ឋរបស់ខ្លួនឯងនោះផង។

យ៉ាងណាក៏ដោយ ការលើកឡើងខាងលើ មិនទាន់មានប្រភពផ្លូវការ ឬមន្ត្រីរដ្ឋាភិបាលណាផ្សេង លើកឡើង​អះអាងបញ្ជាក់នៅឡើយ។ ប៉ុន្តែជំហានដែលឈានទៅដល់ ការធ្វើសេចក្ដីសម្រេចខាងលើ មិនដែលត្រូវ​បានមន្ត្រីផ្លូវការ ឬអ្នកនាំពាក្យណាម្នាក់ ចេញមកបកស្រាយ ឬ​ធ្វើឲ្យលេច​ឮដល់អ្នកសារព័ត៌មានឡើយ។

សូមអានអត្ថបទមុន ដែលទាក់ទង៖

» កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន
» ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

សូមរំលឹកថា ជនអន្តោប្រវេសន៍អន្តរជាតិខុសច្បាប់ ប្រមាណជា១០០០នាក់ បាននឹងកំពុងរស់នៅ ក្នុងជំរំ​បណ្តោះអាសន្ននៅកោះន័រូ (Nauru)នៃប្រទេសអូស្រ្តាលី។ ហើយមកដល់ពេលនេះ នៅមិនទាន់​មាន​ប្រភព​ច្បាស់ការណាមួយ ដែលអាចបញ្ជាក់ថា តើជនអន្តោប្រវេសន៍ចំនួនប៉ុន្មាន នឹងត្រូវផ្តល់ជម្រក​ដោយកម្ពុជា​នោះឡើយ។ ដំណាលគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា នឹងទទួលយកជនអន្តោប្រវេសន៍​ណា ដែលស្ម័គ្រចិត្តមករស់នៅកម្ពុជាតែប៉ុណ្ណោះ និងក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការថា តើជន​ភៀស​ខ្លួន​ទាំងនោះ នឹងមកតាំងលំនៅនៅកម្ពុជា នៅពេលណាឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...