សម រង្ស៊ី ប្រាប់អ្នកគាំទ្រឲ្យ«ចាំមើល»សិន (vdo)
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បានសម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។
លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយ គណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
នយោបាយ - លោកសម រង្ស៊ី បានពន្យល់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គម្បីកុំទាន់មានការថ្កោលទោស ចំពោះជំហរគណបក្សសង្រ្គោះជាតិ ហើយថាកាលដែលគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ក៏ព្រោះតែគណបក្សសង្រ្គោះជាតិ ចង់បញ្ចប់ភាពតានតឹងនយោបាយ និងចូលទៅធ្វើកំណែទម្រង់ពិតប្រាកដ ដើម្បីធានាការបោះឆ្នោតត្រឹមត្រូវក្រោយការកែទម្រង់។
ប្រធានគណបក្សសង្រ្គោះជាតិដដែលនេះ លើកឡើងថាប្រទេសកម្ពុជា ត្រូវធានាថានឹងមានការផ្លាស់ប្តូរដោយប្រសិទ្ធិភាព និងអាចបញ្ចៀសអំពើហិង្សា។ ការធ្វើបាតុកម្មតែមួយ នឹងមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធីនោះទេ។ លើទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន លោក សម រង្ស៊ី បញ្ជាក់ថា៖ «អ្វីសំខាន់ជាងគេគឺចង់ផ្លាស់ប្តូរ គ.ជ.ប ហើយចង់ប្តូរ គ.ជ.ប បានទាល់តែតាមរយៈសភា។ ទាល់តែយើងទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ ទើបកែ គ.ជ.ប ឲ្យឯករាជ្យបាន។»
ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងទៀតថា នៅពេលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប មានភាពឯករាជ្យពិតប្រាកដនោះ កម្ពុជានឹងមានការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោតនៅពេលខាងមុខ គណបក្សសង្រ្គោះជាតិ នឹងឈ្នះគណបក្សប្រជាជនកម្ពុជា។ លោកសម រង្ស៊ី សង្កត់ធ្ងន់ថា៖ «ចំពោះថ្ងៃខែបោះឆ្នោត យើងត្រូវរៀបចំ គ.ជ.ប ជាមុនសិន។ បើយើងគិតថាបោះឆ្នោតឆ្នាំក្រោយក៏គ្រោះថ្នាក់ដែរ ពីព្រោះបើឆ្នាំក្រោយ គ.ជ.ប មិនទាន់បានរៀបចំបានត្រឹមត្រូវ បោះឆ្នោតដូចរបៀបមុនទៀត លទ្ធផលដូចមុន មានរឿងដូចមុន។»
បន្ទាប់ពីជាប់គាំងនយោបាយជិតមួយឆ្នាំ ចាប់ពីក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ មកទល់នឹងពេលនេះ ជិតមួយឆ្នាំទៅហើយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ថ្ងៃម្សិលមិញ បានឯកភាពគ្នាលើកិច្ចព្រមព្រៀង បញ្ចប់វិបត្តិនយោបាយ។
កិច្ចព្រមព្រៀង ដែលនាំឲ្យមានប្រតិកម្មស្តីបន្ទោស ជាបន្តបន្ទាប់ទៅលើគណបក្សសង្រ្គោះជាតិ ពីសំណាក់អ្នកគាំទ្រមួយចំនួន តែក៏មានមជ្ឈមួយចំនួន ក៏បានសម្តែងការសារទរដែរ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ តំណាងអង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទស៊ូប៊ែឌី បានចាត់ទុកកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរថា នឹងនាំឲ្យលិទ្ធិប្រជាធិបតេយ្យកម្ពុជា រឹងមាំបន្ថែម តែលោកក៏បានសម្តែងការព្រួយបារម្ភ ពីប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ៕
សូមទស្សនាវីដេអូនេះ ទាំងស្រុងដូចតទៅ៖