បណ្ដេញភ្នាក់ងារសន្តិសុខពីការងារ ព្រោះមិន«ផ្សំគំនិត»ជាមួយ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រ ហារតា (Harta Packaging Factory) ម្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ត្រូវបានមេរដ្ឋបាលរោងចក្រ ដកនិងបញ្ឈប់ពីការងារ ព្រោះមិនបានអនុវត្ត និងធ្វើអ្វីទៅតាមគំនិតដែលប្រធានរដ្ឋបាលរោងចក្រនោះចង់បាន។
ភ្នាក់ងារសន្ដិសុខ ព្រាប សាវាត ដែលត្រូវបានបណ្ដេញចេញពីការងារ។ (រូបថត MONOROOM.info/ S.Tith)
បឈ្ឈប់ពីការងារ - មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រហារតា ប្រចាំការពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ត្រូវបានប្រធានតំបន់ (មេរបស់ខ្លួន) ទទួលបញ្ជាពីប្រធានរដ្ឋបាលរោងចក្រហារតា បានសរសេរបញ្ឈប់ការងាររបស់លោក ព្រោះតែលោកមិនបានសរសេររបាយការណ៍មួលបង្កាច់កម្មករ ដែលធ្វើកូដកម្ម ទៅតាមចិត្តគំនិត នៃប្រធានរដ្ឋបាលនោះចង់បាន។
លោក ព្រាប សាវាត ដែលត្រូវបានបញ្ឈប់ពីការងារនេះ កំពុងព្យាយាមស្វែងរកជំនួយ ដើម្បីជួយការពារនូវសិទ្ធិរបស់លោកតាមផ្លូវច្បាប់។ លោកបានបន្ថែមថា ប្រធានរដ្ឋបាលរោងចក្រឈ្មោះ សូរ ភក្តី បានបង្ខំឲ្យសរសេរទម្លាក់កំហុសទៅលើកម្មកររោងចក្រដែលឈប់ និងធ្វើកូដកម្មនោះថា បានគប់ដបសាំងចូលរោងចក្រនា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤។ តែលោកមិនបានធ្វើតាម ព្រោះមិនមែនជាការពិត ទើបប្រធានរដ្ឋបានលនោះបញ្ឈប់ ពីការងារនៅក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤តែម្តង។
ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ខាងលើទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីប្រធានរដ្ឋបាលរោងចក្រ ហារតា លោក សូរ ភក្តី បានទេ ដោយពុំមានអ្នកទទួលទូរស័ព្ទ។ តែកាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក លោកបានបញ្ជាក់ថា រោងចក្ររបស់លោកកំពុងរិះគិតលើវិធីដែលត្រូវដោះស្រាយ ដែលអាចនឹងអនុវត្តតាមក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬតុលាការក្នុងបញ្ហាទំនាស់នេះ។
នាល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលម៉ិញនេះដែរ លោក ស៊ីវ៉ាតុម៉ា បានចេញមកសម្រុះសម្រួលជាមួយកម្មករ ដោយសន្យាថា នឹងដោះស្រាយបញ្ហានេះជូននៅថ្ងៃស្អែក តាមការបញ្ជារបស់ថៅកែរោងចក្រ។
សូមរំលឹកថា រោងចក្រហារតា (Harta Packaging Factory) ជារោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានកម្មករសរុបជាង៥០០នាក់ ។
តាមការលើកឡើងរបស់កម្មករមួយចំនួន ថារោងចក្រហារតានេះ បានផ្លាស់ប្ដូរថៅកែ ជនជាតិម៉ាឡេស៊ី និងជំនួសមកវិញនូវថៅកែជនជាតិជប៉ុន តាំងពីពេលនោះមកបញ្ហាក៏កើតមានជាបន្តបន្ទាប់។ ទំនាស់រវាងរោងចក្រ និងកម្មករនេះ បានអូសបន្លាយពេលវេលាជាងប្រាំខែមកហើយ នៅតែមិនមានដំណោះស្រាយ។ កាលពីថ្ងៃទី២០ ខែមិថុនាកន្លងមក ក៏ធ្លាប់មានការចូលរួម ពិភាក្សា និងដោះស្រាយរវាងកម្មករ និងរោងចក្រដែរ ប៉ុន្តែការជួបនោះ គឺគ្រាន់តែជាការស្នើសុំឲ្យភាគីកម្មករ ឈប់ធ្វើបាតុកម្មតែប៉ុណ្ណោះ៕
សូមទស្សនានូវកិច្ចសម្ភាស បរិយាយពីការបង្ខំរបស់ប្រធានរដ្ឋបាលរោងចក្រ ហារតាដូចខាងក្រោម៖
វីដេអូដទៃទៀត សូមចុចទស្សនា៖ http://monoroom.info/tv