រដ្ឋាភិបាលកម្ពុជាថា កុំទៅថៃបើមិនចាំបាច់ ឬប្រយ័ត្នកន្លែងជុំៗ
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលដែលវិបត្តិនយោបាយផ្ទៃក្នុង របស់ប្រទេសថៃ កំពុងមានភាពរំពើតរំពើងខ្លាំងនោះ ប្រទេសកម្ពុជាបានទទូចដល់ពលរដ្ឋខ្លួន គម្បីមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយបើមិនចាំបាច់ មិនគួរធ្វើដំណើរទៅកាន់ប្រទេសថៃ នៅក្នុងកាលៈទេសៈ នេះនោះទេ។
លោក ខៀវ កាញារីទ្ធ នៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
សន្តិសុខ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា នេះថាពលរដ្ឋ កម្ពុជា ដែលចង់ទៅលេងនៅប្រទេសថៃ គួរតែបង្អង់សិន ព្រោះស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ មិនអំណោយផលល្អដល់អ្នកដែលចង់ទៅកាន់ទីនោះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជារូបនេះ បានបន្តថា ដោយសារតែប្រទេសថៃបានប្រកាស ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសថៃ ដូច្នេះពលរដ្ឋកម្ពុជា មិនគួរទៅ ឬគម្បីពន្យាពេលការធ្វើដំណើរទៅកាន់ប្រទេសថៃ មួយរយៈសិន។
ប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជា បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងទ័ព នូវអ្វីដែលកងទ័ពនិយាយថា ដើម្បីស្តារនិងពង្រឹងសន្តិសុខជាតិ។ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ របស់ប្រទេសថៃ ដែលត្រូវបានគេមើលឃើញថា មានភាពច្រួលច្របល់កាន់តែធ្ងន់ធ្ងរឡើងៗ ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ក្រោមបទចោទ ថាបានរំលោភអំណាច។
ការអំពាវនាវដោយមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដល់ពលរដ្ឋខ្លួនឲ្យពន្យាពេលការធ្វើដំណើរទៅកាន់ទេសថៃ ក្នុងកាលៈទេសៈបច្ចុប្បន្ន គឺស្របពេលដែលអង្គការសិទ្ធិមនុស្ស យូមែនរ៉ាយវ៉ច (Human Rights Watch) ក៏បានសម្តែងការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ពលករបរទេស មានមកពីឡាវ ភូមា កម្ពុជា ជាដើម ដែលកំពុងបំពេញការងារនៅប្រទេសថៃ និងទទូចដល់ពលករទាំងនោះ ត្រូវរក្សាភាពស្ងៀមស្ងាត់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ជុំវិញបញ្ហានេះមន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន បានថ្លែងប្រាប់ប្រព័ន្ធសារព័ត៌មានថា ស្ថានទូតកម្ពុជាក្នុងប្រទេសថៃ បានជូនដំណឹងអំពីបញ្ហាស្ថានការណ៍ក្នុងប្រទេសថៃ ដល់ពលករកម្ពុជាក្នុងប្រទេសថៃ ហើយមន្រ្តីទូតកម្ពុជា ក៏គេបានជម្រាបជូនប្រជាពលរដ្ឋខ្មែរ កុំឲ្យដើរផ្តេសផ្តាស់ រក្សាភាពស្ងប់ស្ងាត់នៅនឹងកន្លែង ហើយកុំឲ្យទៅជិតកន្លែងគេប្រមូលផ្តុំ៕