រ៉ាដាមែល ហ្វាលខាវ ជាប់សង្ស័យថាបន្លំបន្ថយអាយុ២ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធថ្មីរបស់ក្រុមបារាំង អាអេស ម៉ូណាកូ (AS Monaco) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលទើបតែផ្ទេរ មកពីក្រុមអេស្ប៉ាញ អាត្លិកទិកូ ម៉ាឌ្រីដ (Atlético Madrid) ក្នុងតម្លៃខ្លួន ៥៣លានផោន កំពុងតែរងការសង្ស័យទៅនឹងការបន្លំបន្ថយអាយុ២ឆ្នាំ នៃអាយុពិតរបស់គាត់ ។
កីឡាករ រ៉ាដាមែល ហ្វាលខាវ កាន់អាវរបស់ក្រុមមូណាកូ។ (រូបថត Eurosport)
បច្ចុប្បន្នកីឡាករអន្តរជាតិកូឡុំប៊ី មានអាយុ២៧ឆ្នាំ នៅក្នុងបញ្ជីទទួលស្គាល់ជាផ្លូវការរបស់ហ្វីហ្វា (FIFA) ពោលគឺគាត់កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៦។
ប៉ុន្តែកាលពីថ្ងៃអង្គារ៏ម្សិលមិញ មានការបែកធ្លាយឯកសារមួយចំនួនធំ របស់អតីតខ្សែប្រយុទ្ធក្រុមអេហ្វស៊ីព័រតូ (FC Porto) រូបនេះ កាលពីគាត់នៅសិក្សាថ្នាក់បឋមសិក្សា។ នៅក្នុងឯកសារនោះបានបង្ហាញឲ្យឃើញថា អតីតយុវជនរបស់ក្រុមរីវើផ្លេត (River Plate) បានកើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៤ ទៅវិញ ដែលធ្វើឲ្យគាត់មានវ័យដល់ទៅ២៩ឆ្នាំ។
តាមរយៈឯកសារនោះក៏បានបង្ហាញផងដែរថា អតីតតារាឆ្នើមក្រុមអាត្លិកទិកូរូបនេះ មិនមែនកើតនៅក្នុងទីក្រុងសាន់ ម៉ាតា (San Marta) ដូចដែលគាត់បានចុះនៅក្នុងបញ្ជីហ្វីហ្វានោះទេ ពោលគឺគាត់កើតនៅក្នុងទីក្រុង បូហ្គូតា (Bogota)។
បើយោងតាមអាយុជាផ្លូវការរបស់គាត់ ហ្វាលខាវបានចាប់ផ្តើមប្រកបអាជីព ជាកីឡាករបាល់ទាត់ដំបូង នៅក្នុងលីកលំដាប់ទី២ប្រទេសកូឡុំប៊ី នៅក្រុមឡែនស្សឺរ៉ូស បូយ៉ាកា (Lanceros Boyaca) វ័យ១៣ឆ្នាំ ហើយគាត់រកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមលើកដំបូង នៅឆ្នាំបន្ទាប់។
ទោះបីជាយ៉ាងណា ឳពុករបស់ហ្វាលខាវ បានចេញមកបដិសេធភ្លាមៗ នៅឯកសារមិនផ្លូវការ ទាំងអស់នោះ ខណៈដែលសាមីខ្លួនរបស់គាត់ ដែលរកគ្រាប់បាល់បញ្ចូលទីបាន៧០គ្រាប់ឲ្យក្រុមអាត្លិកទិកូ ក្នុង២រដូវកាល កំពុងតែជាប់ភារកិច្ចជាមួយក្រុមម៉ូណាកូ ក្នុងការប្រកួតមិត្តភាព ដើម្បីត្រៀមបើករដូវកាលថ្មីលីក១ (French Ligue 1) របស់បារាំង។
ក្លិបម៉ូណាកូ ដែលដឹកនាំដោយអតីតគ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកខ្លៅឌីយ៉ូ រ៉ែនៀរី (Claudio Ranieri) បានឡើងពីក្របខ័ណ្ឌលីក២ មកកាន់ក្របខ័ណ្ឌកំពូលលីក១វិញ នៅក្នុងរដូវកាលថ្មីនេះ ហើយពួកគេមានមហិច្ឆតាយ៉ាងធំ ពោលគឺត្រូវប្រជែងយកពានពីក្រុមម្ចាស់ជើងឯកប៉ារីស ហ្សិនជឺម៉ិន (Paris St Germain) ឲ្យបាន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ