ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​នៃ​ សម រង្ស៊ី មេ​គណៈ​បក្ស​ប្រឆាំង (LIVE)

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី១៩ខែកក្កដា នៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ របស់មេដឹកនាំគណបក្ស​ប្រឆាំងលោក សម រង្សី បន្ទាប់ពី​លោកបាននិរទ្ទេសខ្លួន ចេញទៅក្រៅប្រទេសអស់រយៈពេលជិតបួនឆ្នាំ ដើម្បីគេច​ចេញពីការ​ផ្ដន្ទាទោសរបស់តុលាការកម្ពុជា។ សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (Page refresh/Actualiser la page)» ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី១៩ខែកក្កដា នៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ របស់មេដឹកនាំគណបក្ស​ប្រឆាំងលោក សម រង្សី បន្ទាប់ពី​លោកបាននិរទ្ទេសខ្លួន ចេញទៅក្រៅប្រទេសអស់រយៈពេលជិតបួនឆ្នាំ ដើម្បីគេច​ចេញ​ពី​ការ​ផ្ដន្ទាទោសរបស់តុលាការកម្ពុជា។

សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (Page refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬ​របាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។


លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ (រូបថត Tang Chhin Sothy/AFP)

ជាបថម ដើម្បីស្វែងយល់ ឬអានឡើងវិញនូវព្រឹត្តិការណ៍ដែលបានប្រែប្រួល ក្នុងរយៈពេលចុងក្រោយនេះ សូមអញ្ជើញ​ចូលទៅរកអាន៖

- សំនុំរឿងទាក់ទងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សី
- សំនុំរឿងដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៥ ដែលនឹងធ្វើនៅថ្ងៃ​ទី២៨ខែ​កក្កដា​ខាងមុខ។

  • ថ្ងៃព្រហស្បត្តិ៍ទី១៨ខែកក្កដា យប់ម៉ោង១០និង០០នាទី៖

លោក ​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រឆាំង​មួយ​នេះ​មួយ​ចំនួន​ទៀត​ បានធ្វើ​ដំណើរ​ចេញទៅ​ទី​ក្រុង​បាង​កក​ ប្រទេសថៃ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​អមដំណើរ​លោក​ សម រង្ស៊ីប្រធាន​គណ​បក្ស ត្រឡប់​មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃសុក្រទី១៩ខែកក្កដាស្អែក។

ក្រុមមេដឹកនាំគណបក្សនឹងត្រូវគេរំពឹងថា នឹងមកដល់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ វេលាម៉ោង៩និង៥នាទី​តាម​យន្ដហោះនៃក្រុមហ៊ុន អាកាសចរណ៍ ថៃអ៊ែរវេស (THAI AIRWAYS)។

តាមការប្រកាសរបស់គណបក្ស បានឲ្យដឹងថា អ្នកគាំទ្រមិនតិចជាង៤ម៉ឺននាក់ នឹងត្រៀមខ្លួនទៅទទួល​ស្វាគមន៍​មេដឹកនាំ​គណបក្សរូបនេះ នៅព្រលានយន្ដហោះ និងដង្ហែពីទីនោះមកកាន់ទីលានប្រជាធិបតេយ្យ។ អ្នក​ថ្មើរជើង ឬ​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ នឹងគ្រោងមកជួបជុំ​គ្នា ​នៅលើ​សួនច្បារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា និង​នៅ​លើសួនច្បារមុខ​ព្រលានយន្តហោះ។

ទាក់ទងនឹងការការពារសុវត្ថិភាព របស់មេដឹកនាំគណបក្សប្រឆាំងវិញ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័ក បានថ្លែងអះអាងថា ក្រសួង​មហាផ្ទៃបាន​ប្រជុំ​សម្រេច​​ដាក់ពង្រាយ​កម្លាំង​គ្រប់គ្រាន់អស់ហើយ។

  • ថ្ងៃព្រហស្បត្តិ៍ទី១៨ខែកក្កដា យប់ម៉ោង១០និង៣០នាទី ៖

គណបក្សសង្គ្រោះជាតិ បានធ្វើការផ្សាយបន្តផ្ទាល់ ជាវីដេអូនូវដំណើរត្រឡប់វិញរបស់លោក សម រង្ស៊ី នៅតាមបណ្ដាញ​អាំងធើណែត។ មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវការផ្សាយបន្តផ្ទាល់នោះដូចតទៅ៖

  • ថ្ងៃព្រហស្បត្តិ៍ទី១៨ខែកក្កដា យប់ម៉ោង១០និង៤០នាទី ៖

សេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃព្រហស្បត្តិ៍នេះ គណបក្សសង្គ្រោះជាតិបានថ្លែងបញ្ជាក់ថា បន្ទាប់ពីចុះពីលើយន្ដហោះ លោក សម រង្ស៊ី និងជួបជាមួយអ្នកសារព័ត៌មាន នៅព្រលានយន្ដហោះ វេលាព្រឹកម៉ោង០៩និង២០នាទី។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៨និង៤០នាទី ៖

ទិដ្ឋភាពព្រឹកនេះ នៅតាមដងមហាវិថីសហព័ន្ធរូស្សី រហូតដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញៈ

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៨និង៥៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

អ្នកគាំទ្រច្រើនម៉ឺននាក់មកទទួលស្វាគមន៍ លោកសមរង្ស៊ីតាំងពីស្ពានអាកាស រហូតដល់ព្រលានយន្តហោះអន្តរជាតិ។ មានកកស្ទះតាមដងផ្លូវ កកស្ទះខ្លះមុខព្រលានយន្តហោះ។ ពួកគេបាននាំគ្នាស្រែក យ៉ាងកងរំពងមុខព្រលានយន្តហោះ ពីពាក្យដែលគេធ្លាប់លឺ ក្នុងពេលឃោសនារកសម្លេងឆ្នោតកន្លងមក។

គេសង្កេតឃើញ មានកងរក្សាសណ្ដាប់ជាច្រើននាក់ របស់អាជ្ញាធរ ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជាទូទៅ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង00នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ជើងយន្តហោះដែលលោកសម រង្ស៊ីនិងគណប្រតិភូគណបក្សសង្គ្រោះជាតិជិះ បានចុះដល់ដី។ នៅក្នុងច្រកចូលព្រលាន និងបរិវេណភ្ញៀវមកដល់របស់ព្រលានយន្ដហោះ សមត្ថកិច្ចមិនអនុញតិឲ្យពលរដ្ឋ និងអ្នកសារព័ត៌ជាតិ ឬអន្តរជាតិណាម្នាក់ចូលនោះទេ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង១៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក សម រង្ស៊ី បានចុះពីយន្ដហោះដោយសុវត្ថិភាព ហើយកំពុងដើរចេញមកក្រៅ។ នៅខាងមុខព្រលាន មហាជនច្រើនពាន់នាក់កំពុងស្រែកកងរំពង ហើយក៏មានការកកស្ទះខ្លាំងផងដែរ។ ប៉ុន្តែខាងសមត្ថកិច្ច កំពុងសម្រួលបញ្ហានេះ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង២៥នាទី ៖

ទិដ្ឋភាពនៅក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ៖

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង៣៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ឥឡូវនេះក្បួនដង្ហែ បាននឹងកំពុងរៀបចំធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ។

ដោយសារមូលហេតុមានការជាប់ស្ទះខ្លាំងសម្បើម នៅមុខព្រលានយន្តហោះ ដែលធ្វើឲ្យស្ថានភាពចរាចរណ៍កកស្ទះខ្លាំង នៅនឹងជាប់មួយកន្លែង មិនអាចទៅមុខរួច សន្និសិទកាសែតដែលលោកសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ បានត្រៀមថានឹងធ្វើនៅនឹងព្រលានយន្ដហោះ ប្រហែលជានឹងត្រូវលើកទៅធ្វើ នៅ​ឯទីលានប្រជាធិបតេយ្យ។ ម្យ៉ាងវិញទៀត មន្រ្តីព្រលានយន្តហោះ មិនអនុញ្ញាតឲ្យធ្វើសន្ធិសិទកាសែត នៅក្នុងព្រលានទេ ដោយអនុញ្ញាតត្រឹមតែការឆ្លងកាត់ប៉ុណ្ណោះ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង៤៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោកស្រី មួ សុខហួរ បានប្រកាសថា នឹងត្រូវទៅជួបជុំគ្នា នៅទីលានប្រធិបតេយ្យ។

ខណៈនេះ ក្បួនរថយន្តដែលដឹកក្រុមមេដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង០៩និង៥៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្បួនរថយន្តរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានកកស្ទះទៅមុខមិនរួច ត្រង់ចំណុច ជ្រូកព្រលានយន្តហោះ នៃមហាវិថីសហព័ន្ធរុស្ស៊ី។
សូមជម្រាបជូនថា ក្នុងចំណោមអ្នកដែលមកទទួលស្វាគមន៍ប្រធានគណបក្សសង្គ្រោះជាតិ គេក៏សង្កេតឃើញ មានវត្តមានព្រះសង្ឃចូលរួមផងដែរ។ អត្ថបទទាក់ទងនឹងការចូលរួមរបស់ព្រះសង្ឃ ក្នុងការគាំទ្រគណបក្សនយោបាយ សូមចុចអាន៖ http://www.monoroom.info/modules/mywords/?post=1650

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង១០និង០០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្បួនរថយន្តដង្ហែ បានធ្វើដំណើរទៅដល់ផ្សារសែនជូរី។ អាកាសធាតុប្រែចុះត្រជាក់ និងរកកល់ចង់ភ្លៀង។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង១០និង០០នាទី ៖

ទិដ្ឋភាពនៅពេលលោកសមរង្ស៊ី ចេញពីព្រលានយន្ដហោះ៖

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង១០និង៣០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្បួនដង្ហែមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅជាប់គាំងនៅឡើយ នៅត្រង់ចំនុចផ្សារសែនជូរី។ ក្នុងពេលជាមួយគ្នានោះ គេសង្កេតឃើញមានមានអាជីវករផ្សារសែនជូរី ជាមួយនិងកុមារកុមារី សិស្សបឋមជាច្រើននាក់ ចេញមកទទួលស្វាគមន៍ក្បួនដង្ហែនេះដែរ។ ពួកគេបានចេញមកថតរូប និងថតវីឌីអូ ដែលទំនងជាចង់ទុក ជាឯកសារប្រវត្តិសាស្ត្រផ្ទាល់ខ្លួនពួកគេ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង១០និង៤៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្បួនដង្ហែមេដឹកនាំគណបក្សសង្គ្រោះជាតិ បានរំកិលខ្លួនបន្តិចម្ដងៗ មកហួសផ្សារពោចិនតុងបន្តិចហើយ។ ចំណែកឯចរាចរណ៍ នៅខាងមុខព្រលានយន្ដហោះវិញ ក៏មានសភាពជាធម្មតាឡើងវិញខ្លះៗហើយដែរ បើទោះជាហ្វូងមនុស្សនៅបន្ត មានចំនួនកកកុញនោះក៏ដោយ។ សូមទស្សនារូបភាព ជាបន្តដូចតទៅ៖

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ព្រឹកម៉ោង១១និង០៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ខណៈនេះ ពេលនេះក្បួនបានទៅដល់មុខក្រសួងពាណិជ្ជកម្មហើយ។ យើងមិនអាចដឹងថា ក្បួនដង្ហែនេះមានប្រវែងពីណា ដល់ណាទេ ប៉ុន្តែឃើញមានអ្នកគាំទ្រឈរតាមផ្លូវ តាំងពីស្ពានអាកាស ដល់ព្រលានយន្តហោះ។ ដោយឡែក ពីស្ពានអាកាស មកដល់ទីលានប្រជាធិបតេយ្យ មានដុំៗ ដាច់ពីគ្នា។

សូមបញ្ជាក់ថា ពេលរថយន្តដឹកមេដឹកនាំគណបក្សសង្គ្រោះជាតិទៅដល់ទីកន្លែងណា កន្លែងនោះមានការកកស្ទះខ្លាំងភ្លាមមួយរំពេច ដោយហេតុថាអ្នកគាំទ្រចេញមកច្រើន និងមកឈរកៀកជាប់នឹងក្បួន។ ដូច្នេះហើយ ក្បួនដង្ហែអាចធ្វើដំណើរទៅបាន សម្រាប់ចន្លោះឡានមួយគ្រឿងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ចំពោះផ្លួវទិសបញ្រ្ចាស ដែលស្ថិតនៅខាងឆ្វេងដៃ ក៏ជាប់ណែនទៅមុខទៅក្រោយមិនរួចដែរ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ថ្ងៃត្រង់ម៉ោង១២និង១៥នាទី ៖

កាសែតនៅបរទេសជាច្រើន បានចេញផ្សាយអត្ថបទរបស់ខ្លួន នៅតាមគេហទំព័រ ពីការវិលត្រឡប់ចូលប្រទេសវិញ នៃមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី។

ទស្សនាវដី ឡិចស្ព្រេស (L'Express) របស់បារាំងបានធ្វើកិច្ចសម្ភាសមួយ ជាមួយមេដឹកនាំគណបក្សប្រឆាំងរូបនេះ ជាមួយនឹងចំណងជើងថា​ «សម រង្ស៊ី៖ កម្ពុជាសម្លឹងទៅមុខ មិនថយក្រោយទេ»​ ហើយបានចុះផ្សាយនៅមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ការជាន់ដីនៃមាតុភូមិរបស់លោក សម រង្ស៊ី បន្ទាប់ពីការនិរទ្ទសខ្លួនជាង៤ឆ្នាំ។ ចំណែកកាសែតផ្សេងទៀត នៅប្រទេសបារាំង ប៊ែលហ្សិក ឬនៅប្រទេសអង់គ្លេស សុទ្ធតែបានជូនដំណឹងពីការវិលត្រឡប់ចូលកម្ពុជាវិញ របស់មេដឹកនាំប្រឆាំងនេះ ទៅដល់អ្នកអានរបស់ខ្លួនដូចគ្នា។

នៅក្នុងអត្ថបទមួយនៅលើកាសែត 7sur7.be បានលើកយកឃ្លានេះមកបញ្ចប់សេចក្ដីថា «រដ្ឋាភិបាលរបស់លោកហ៊ុន សែន តែងរងជាញ៉យដង នូវការចោទប្រកាន់ពីការកៀបសង្កត់ ខាងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ និងបន្ថយសម្លេងរបស់ពួកសកម្មជនប្រឆាំង អោយស្ងាត់សូន្យឈឹង។ លោកនាយករដ្ឋមន្ត្រីរូបនេះ បានឈ្នះឆ្នោតយ៉ាងលើសលប់ កាលពីពីអណត្តិកន្លងទៅ ខណៈមានការចោទប្រកាន់ពីការលួចបន្លំ និងភាពមិនប្រក្រតីជាច្រើន។»

មនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកបកស្រាយ លើអត្ថបទនៃកាសែតនៅបរទេសទាំងនេះ​ នៅក្នុងការចេញផ្សាយលើកក្រោយ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា ថ្ងៃត្រង់ម៉ោង១២និង៤០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្បួនដង្ហែមកដល់ចំនុចក្រសួងការពារជាតិហើយ នៅម៉ោង១២.៤០នេះ។

តាមមន្រ្តីជាន់ខ្ពល់នៃគណបក្ស សង្គ្រោះជាតិ បានបញ្ជាក់នៅវេលាម៉ោង១២នេះថា ប្រជាពលរដ្ឋដែលបានមកចូលរួម មានចំនួនជាងមួយលាននាក់ ភាគច្រើនអ្នករស់នៅភ្នំពេញ។ ក្នុងនោះ មានវត្តមានមន្ត្រីរាជការ អ្នករត់ម៉ូតូឌុប រត់កង់បី កម្មករកម្មការនី កម្មករជំនាញរបស់ក្រុមហ៊ុនធំៗ ក្នុងសម្លៀកបំពាក់ឯកសណ្ឋាន កុមារាកុមារី សិស្សិ និស្សិត ក្រុមអាជីវករជាច្រើន បានមកស្រែកហោរទទួលស្វាគមន៍។

ប៉ុន្តែចំនួនពិតប្រាកដយ៉ាងណានោះ នៅមិនទាន់មានប្រភពឯករាជ្យណាមួយ ចេញមកបញ្ជាក់ឲ្យច្បាស់បាននៅឡើយ។ ខាងក្រសួងមហាផ្ទៃ ក៏យើងនៅមិនទាន់បាន ទទួលរបាយការណ៍អ្វីមួយនៅឡើយដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញ មានការជួយសម្រួលចរាចរណ៍យ៉ាងយកចិត្តទុកដាក់ ពីមន្ត្រីនគរបាលមានសមត្ថកិច្ច ជាមួយនឹងទឹកមុខដ៏រីកស្រស់ប៉ប្រឹម។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០១និង០០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ចំពោះវត្តមានអ្នកសារព័ត៌មាន សង្កេតឃើញភាគច្រើន មានតែប្រព័ន្ធសារព័ត៌មានឯករាជ្យប៉ុណ្ណោះ ឯប្រព័ន្ធវិទ្យុទូរទស្សន៍ ជាតិ និងឯកជនមួយចំនួនមិនឃើញមានវត្តមានទេ។

មានសេចក្ដីរាយការណ៍ថា មានការជួបជល់គ្នារវាងក្បួនដង្ហែ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា នៅត្រង់ចំនុចផ្លូវកែងជាប់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តែថាមិនមានការប្រឈមមុខដាក់គ្នា ឬការឈានទៅប្រើអំពើហឹង្សា ណាមួយនោះទេ។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០១និង៤០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

វេលានេះ ក្បួនដង្ហែរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅដល់ ទីលានប្រជាធិបតេយ្យហើយ។ ពេលនេះហ្វូងអ្នកគាំទ្រច្រើនម៉ឺននាក់កំពុងស្រែកកងរំពង ពួកគេច្រៀងចំរៀងបក្សរបស់គេ មានទាំងគ្រវីទង់ជាតិ និងមានភ្លេងឆៃយាំនោះផង។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០១និង៥៥នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

មេឃមីស្រទុំ រកកលចង់ភ្លៀង តែនៅតែមិនភ្លៀង។

បន្ទាប់ពីព្រះសង្ឃបានសូត្រមន្តជយន្តតោ ជូនមេដឹកនាំគណៈបក្សសង្គ្រោះជាតិរួចមក លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រ ដោយលោកបានចាត់ទុកថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត។ លោកបរិយាយថា ព្រឹត្តិការណ៍នេះមិនដែលមានទេក្នុងប្រវត្តិនយោបាយខ្មែរ
ហើយរំពឹងថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោតនាពេលខាងមុខ។ «លទ្ធផលនេះកើតចេញពីសាមគ្គី» ជាសម្ដីរបស់លោក ដោយបានសំនូមពរទៅពលរដ្ឋ និងអ្នកគាំទ្របោះឲ្យគណបក្សរបស់លោក។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០២និង០០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

លោក សម រង្ស៊ី ប្រធានបក្ស បានចាប់ផ្តើមថ្លែងទៅកាន់អ្នកគាំទ្រ។ លោកថាមិនអាចរកពាក្យអ្វី និយាយឲ្យសមទៅនឹងព្រឹត្តិការណ៍ថ្ងៃនេះទេ ហើយលោកនឹងមិនអាចបំភ្លេចថ្ងៃនេះបានទេនៅក្នុងជីវិតរបស់លោក។ លោកបានសង្កត់ធ្ងន់ថា ថ្ងៃនេះមានអ្នកចូលរួមច្រើងជាងមួយលាននាក់។ ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ដែលបានរាជទានលើកលែងទោសដល់រូបលោក។ តែលោកនៅតែប្រកាន់ថា លោកគ្មានទោសពៃអ្វីនោះទេ «គេលាបពណ៌ឲ្យខ្ញុំ ឥឡូវគេលៀងសំអាតពណ៌ខ្ញុំហើយ»។ លោកបានបន្ថែមថា តុលាការអយុត្តិធម៌ ហើយថាលោកនឹងរកយុត្តិធម៌ជូនបងប្អូន។ លោកបញ្ជាក់ទៀតថា លោកត្រឡប់មករួមសុខរួមទុក្ខជាមួយបងប្អូន ហើយបានថ្លែងអំណរគុណ ទៅដល់សហការីលោក ដែលបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាង។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០២និង១០នាទី ៖

សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ទាក់ទងសម្ព័ន្ធភាពរវាងលោក និងលោកកឹម សុខា លោក សម រង្ស៊ី បានអះអាងថា គណបក្សរបស់លោករឹងមាំណាស់។ លោកនិងលោក កឹម សុខា ​ជាដៃគូស៊ូស្លាប់ស៊ូរស់ គ្នានអ្នកណាអាចបំបែបានទេ ហើយក៏គេមិនអាចទិញបានដែរ។ លោកបានសន្សាថា គណបក្សរបស់លោក នឹងសរសេរទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដោយសំណូមពរ ឲ្យពលរដ្ឋធ្វើអំពើល្អទាំងអស់គ្នា ជាពិសេសក្នុងឃ្លាដូច្នេះថា៖ «ប្តូរ ឈប់ប្រព្រឹត្តអំពើពុករលួយ ប្តូរពីអយុត្តិធម៌ទៅយុត្តិធម៌»។

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០២និង២៥នាទី ៖

ទិដ្ឋភាពនៅលើទីលានប្រជាធិបតេយ្យ៖

  • ថ្ងៃសុក្រទី១៩ ខែកក្កដា រសៀលម៉ោង០២និង៤០នាទី ៖

ភ្លៀងបានបង្អុរចុះ តែមិនជាខ្លាំងប៉ុន្មាននោះទេ។ ថ្លែងក្នុងឱកាសនោះដែរ អ្នកពូកែវោហារស័ព្ទនិងជាប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានសម្ដែងការជឿជាក់ថា «អ្នកប្រជាធិបតេយ្យរួបរួមគ្នាហើយ»។

ខណៈនេះ ទាំងអស់គ្នាដែលស្ថិតនៅលើទីលានប្រជាធិបតេយ្យ ដូចជាកំពុងសម្រាកបាយថ្ងៃត្រង់និងយកកម្លាំង ដើម្បីត្រៀមជួបជុំគ្នាជាថ្មី និងធ្វើការដង្ហែក្បួនជាបន្តទៅទៀត។

---------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...