អាល់វ៉ារ៉ូ ណេហ្រ្គេដូ ជិតពិនិត្យសុខភាព នៅម៉ែនស៊ីធីហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) ខិតជិតចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធក្រុមសេវីឡា (Sevilla) អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo) ជាផ្លូវការហើយ ខណៈដែលកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ នឹងឈានដល់ដំណាក់កាលពិនិត្យសុខភាពឆាប់ៗនេះ។ នេះបើតាមក្លិបប្រទេសអេស្ប៉ាញ បានរាយការណ៏។
កីឡាករខ្សែរប្រយុទ្ធ អាល់វ៉ារ៉ូ ណេហ្គ្រេដូ ពេលនៅទាត់ក្នុងក្រុមសេវីឡា។
កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់ចង់បោះជំហ៊ានថ្មីបន្ទាប់មួយទៀត ក្នុងអាជីពរបស់គាត់។ គាត់បាននិយាយនៅក្នុងសន្និសិតកាសែតក្លិបសេវីឡាថា៖ «សម្រាប់រយះពេល៤ឆ្នាំ ដែលខ្ញុំនៅទីនេះ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ប៉ុន្តែខ្ញុំគិតថា ពេលវេលារបស់ខ្ញុំ បានមកដល់ហើយ។»
ក្លិបម៉ែនស៊ីធី បានចំណាយអស់ប្រមាណ២០លានផោន (២៣លានអ៊ឺរ៉ូ) សម្រាប់ខ្សែប្រយុទ្ធរូបនេះ ដែលរកគ្រាប់បាល់បញ្ចូលទីបាន២៦គ្រាប់ នៅក្នុងក្របខ័ណ្ឌឡាលីកា (La Liga) កាលពីរដូវកាលមុន។ បើការផ្ទេរទទួលបានជោគជ័យ ណេហ្គ្រេដូ នឹងមកចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមសេវីឡាដូចគ្នា ជេសឺស ណាវ៉ាស់ (Jesus Navas) នៅក្នុងកីឡាដ្ឋានអ៊ីតាហេដ (Etihad Stadium)។
ខ្សែបម្រើស្លាប ណាវ៉ាស់ វ័យ២៧ឆ្នាំ បានផ្ទេរពីសេវីឡា មកកាន់ក្រុមម៉ែនស៊ីធី ក្នុងតម្លៃ១៤.៩លានផោន ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំនៅក្នុងរដូវក្តៅនេះ ហើយណេហ្គ្រេដូ បាននិយាយថា គាត់នឹងរីករាយ បើបានទៅចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមរបស់គាត់នៅទីនោះទៀត។
គាត់បាននិយាយថា៖ «ខ្ញុំរីករាយ និងពេញចិត្តនឹងចំណាយពេលជាច្រើនឆ្នាំទៀតជាមួយណាវ៉ាស់។»
ម្ចាស់ក្លិបសេវីឡា លោកជូសេម៉ារៀ ដេលនីដូ (Jose Maria del Nido) បានប្រកាសកាលពីពុធថា៖ «ណេហ្គ្រេដូ នឹងចូលរួមជាមួយក្រុមម៉ែនស៊ីធី។ ម៉ែនស៊ីបានទិញកីឡាករម្នាក់ដ៏អស្ចារ្យ ដែលជាកំពូលអ្នកទាត់បញ្ចូលទីបានច្រើនម្នាក់ នៅក្នុងឡាលីកាប្រទេសអេស្ប៉ាញ។»
គាត់បានបន្ថែមថា៖ «នេះជាការលក់ដ៏ធំសម្រាប់ក្រុមសេវីឡា និងជាការលក់កីឡាករសំខាន់បំផុតលំដាប់ទី២នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីការលក់ខ្សែការពារ ដេនីញ៉ែល អាល់វែស (Daniel Alves) ទៅកាន់ក្រុមបាសេឡូណា (Barcelona)។ អ្នកគ្រប់គ្នាគួរតែសប្បាយចិត្ត ព្រោះនេះការចុះកិច្ចសន្យាដ៏អស្ចារ្យមួយ សម្រាប់ក្រុមទាំង២។»
ណេហ្គេដូ បានបង្ហាញខ្លួននៅក្រុមជម្រើសជាតិអេស្ប៉ាញ បានចំនួន១៤ប្រកួតហើយ ហើយគាត់រកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។ គាត់ក៏ជាសមាជិកក្រុមអេស្ប៉ាញមួយរូប ដែលជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់អ៊ឺរ៉ូ២០១២ (Euro 2012) ផងដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ