វិធីសាស្ត្រគ្រប់គ្រងកំហឹង

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: April 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក. និយមន័យកំហឹង៖

  • តាមវចនានុក្រមសម្តេចសង្ឃជួនណាត លោកបានពន្យល់ថា កំហឹង គឺជាការកម្រើកចិត្តដោយទោមនស្សព្រោះមាន អារម្មណ៍ មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំងប្រាំមួយ មានចក្ខុទ្វារជាដើម នាំឲ្យក្តួលក្តៅចិត្តឡើង ។
  • តាមវចនានុក្រមភាសាអង់គ្លេស លោកបានពន្យល់ថា កំហឹង មានន័យថា សេចក្តីមួរម៉ៅ ក្តៅក្រហាយក្នុងចិត្ត ការធុញ ថប់ចិត្តដ៏ធំ សេចក្តីរំខានខាងផ្លូវចិត្ត ។

ខ. បុព្វហេតុនៃកំហឹង៖

មានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានកំហឹងគឺ៖
១. ខឹងព្រោះតែមានការហត់នឿយខ្លាំង ទទួលបន្ទុកការងារច្រើន មិនបានសម្រាកគ្រប់គ្រាន់។
២. ខឹងព្រោះតែខ្លួនមិនបានអ្វីដូចចិត្ត ។
៣. ខឹងព្រោះគ្រោះអវិជ្ជាមកគ្របសង្កត់លើ ។
៤. ខឹងព្រោះតែខ្លួនធ្វើអ្វីមិនបានល្អដូចគេ ។
៥. ខឹងព្រោះតែខ្លួនបានបាត់បង់នូវឱកាសអ្វីមួយ ។
៦. ខឹងព្រោះតែមាននរណាម្នាក់មករំខាន ឬធ្វើឲ្យទើសចិត្តអ្វីមួយ ។
៧. ខឹងព្រោះតែខ្លួនពុំមានរូបរាងស្រស់សង្ហារ ឬ សុខភាពល្អដូចគេ ។
៨. ខឹងព្រោះខ្លួនឯង កូនចៅ បងប្អូន ភរិយាស្វាមីមិនពូកែរៀនសូត្រ មិនពូកែរកស៊ី ឬមានមិនល្អចរិយាធម៌ដូចគេ ។
៩. ខឹងព្រោះតែនរណាម្នាក់មកធ្វើទុក្ខបុកម្នេញចំពោះខ្លួនឯង គ្រួសារ ឬប្រទេសជាតិ ។

គ. ផលវិបាកនៃកំហឹង៖

មនុស្សដែលមានកំហឹងគឺ ពុំដែលផ្តល់ផលល្អអ្វីឡើយទាំងសម្រាប់ខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិ ។

មនុស្សដែលមានកំហឹងអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖
១. ធ្វើឲ្យយើងដេកមិនលក់ ។
២. ធ្វើឲ្យមានជំងឺ និងឆាប់បាត់រូបសម្រស់ ។
៣. បង្ករឿងអយត្តិធម៌ជាច្រើនសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិ ។
៤. ធ្វើឲ្យបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។
៥. ធ្វើឲ្យបាត់បង់ទំនុកចិត្តពីអ្នកដទៃ ។
៦. ធ្វើឲ្យខ្លួនឯងអាប់ប្រាជ្ញា ។
៧. ធ្វើឲ្យបាត់បង់សាមគ្គីភាព ។
៨. អាចនឹងបង្កជាជម្លោះ អំពើហឹង្សា ជាមួយគ្រួសារ ក៏ដូចជាអ្នកដទៃ ។
៩. អាចងាយនឹងប្រព្រឹត្តិអំពើនានាផ្ទុយទៅនឹងច្បាប់ ដែលសង្គមធ្លាប់ស្អប់ខ្ពើមដូចជា ប្រើប្រាស់គ្រឿងញៀន កាប់សម្លាប់ រត់ចោលផ្ទះ ប្រព្រឹត្តអំពើពុករលួយ លួច ឆក់ ប្លន់ ធ្វើអត្តឃាត បាត់បង់ស្មារតី ចាញ់បោកអ្នកដទៃ..។
១០. អាចបោះបង់ចោលសាលា ឬការងារ ។
១១. អាចមានគំនិតខ្ជិលច្រអូស ឬច្រណែននិន្ទាជាមួយអ្នកដទៃ .....។ល។
១២. ធ្វើឲ្យខូចខាត ឬបាត់បង់ឱកាស លុយកាក់ ឬក៏ទ្រព្យសម្បត្តិ ។
១៣. ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សុវត្ថិភាព ក៏ដូចសន្តិសុខក្នុងសង្គម ។

ឃ. ធាតុពិតនៃកំហឹង៖

គ្រប់មនុស្សទាំងអស់ មិនថា ស្តេច មន្ត្រី សេដ្ឋី ព្រះ ទេព្តា បុព្វជិត ឬរាស្ត្រសាមញ្ញ គឺសុទ្ធ តែធ្លាប់ជាអ្នក ឆ្លងកាត់កំហឹងទាំងអស់ ។ ជាក់ស្តែង សូម្បីតែក្នុងរឿងព្រះវេស្សន្តរ នៅក្នុងឈុតមួយត្រង់តាជូជកមកសុំជាលី ក្រឹស្នាពី ព្រះពោធិសត្វ លោកអ្នកនិពន្ធបានបង្ហាញថា៖ ដោយជាលី ក្រឹស្នាមិនព្រមទៅតាមខ្លួន តាជូជកបានធ្វើទុក្ខបុកម្នេញជាលី ក្រឹស្នាយ៉ាងដំណំដោយ ការជេរស្តី ការវាយនឹងរំពាត់នៅចំពោះព្រះភ័ក្រ្តពោធិសត្វ។ មិនតែប៉ុណ្ណោះ តាជូជកថែមទាំងបាន ត្មះតិះដៀលថា ព្រះពោធិសត្វធ្វើទានមិនបរិសុទ្ធថែមទៀតផង ជាហេតុធ្វើឲ្យទ្រង់មានសេចក្តីក្រោធខឹងយ៉ាងខ្លាំង បានទាញ ធ្នូហៀបនឹងបាញ់សម្លាប់តាជូជក តែត្រូវត្រជាក់ចិត្តមកវិញដោយអំណាចនៃការពិចារណាត្រូវរបស់ព្រះអង្គ។ ព្រះអង្គមាន សេចក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះកំហឹងរបស់លោកតបនឹងតាជូជកបែបនេះ។ ដោយសារតែកំហឹងនេះ ក៏បានធ្វើឲ្យ ព្រះអង្គខកខាន មិនបានត្រាស់ដឹងជាព្រះពុទ្ធនាពេលនោះ ។

អ្នកប្រាជ្ញមួយចំនួនបានពន្យល់ថា កំហឹងគ្រាន់តែជាអារម្មណ៍មិនប្រក្រតី ដែលមានលក្ខណៈទន់ខ្សោយ ក្លាយទៅជា​អារម្មណ៍តានតឹងបន្តិចម្តងៗ។ ជួនកាលកំហឹងមួយចំនួនកើតចេញពីរូបរាងកាយ និងការគិតដែលមានការអភិវឌ្ឍ។ បេះដូង ជាកន្លែង ផលិតឈាមចិញ្ចឹមរាងកាយរបស់យើង កាលណាមានកំហឹងរុករានចូល នោះសម្ពាធនឹងឡើងខ្ពស់ គួរឲ្យកត់ សម្គាល់។ កំហឹង អាចកើតចេញពីព្រឹត្តិការណ៍ក្រៅខ្លួន និងក្នុងខ្លួនរបស់យើង ។

ដូចនេះសូមកុំបំផ្លាញបេះដូងរបស់លោកអ្នកដោយសារកំហឹងឲ្យសោះ។ សូមទប់អារម្មណ៍កុំឲ្យមានភាពក្រេវក្រោធ ធ្វើទុក្ខ ទោសដល់ខ្លួនឯង អ្នកដទៃ ទ្រព្យសម្បត្តិ សង្គម ច្បាប់ ក៏ដូចជាសង្គមជាតិយើងឲ្យសោះ។ សូមលោកអ្នកទុកកំហឹង នៅឲ្យឆ្ងាយពីជីវិតរបស់លោកអ្នក។ សូមគិតតែពីគំនិតល្អៗ អនុស្សាវរីយ៍ល្អ គំនិតសុទិដ្ឋិនិយម ធ្វើសកម្មភាពតមវិញ តាមបែបវិជ្ជមានបានហើយ នោះជីវិតរបស់លោកអ្នកនឹងបានស្រស់បំព្រងជានិច្ចមិនខាន ។ បានកើតមកជាមនុស្ស គឺត្រូវចេះ ធ្វើជាម្ចាស់នៃជោគវាសនា និងកំហឹងខ្លួនឯងឲ្យបាន។ កំហឹងគ្រាន់តែរបស់ក្រៅខ្លួនដ៏ស្មោគគ្រោកមួយ  ដែល យើងអាចបេះចេញចោលពីក្នុងខ្លួនយើង ពេលណាក៏បាន។ សូមរៀនប្រើបេះដូងឲ្យបម្រើចំពោះតែជីវិតរបស់លោកអ្នក បាន ហើយ។ បេះដូង មិនមែនជាចៅហ្វាយរបស់យើង ហើយក៏មិនមែនជាអ្នកបម្រើ របស់កំហឹងនោះដែរ។ បើលោកអ្នកយកចិត្ត ទុកដាក់អនុវត្ត តាមវិធីខាងក្រោមនោះ លោកអ្នកនឹងអាចគ្រប់គ្រងបានគ្រប់ពេលវេលា ។

ង. វិធីសាស្ត្រគ្រប់គ្រងកំហឹង៖

មនុស្សយើងគ្រប់រូបតែងយល់ច្បាស់ថាកំហឹងគឺជាអ្វី? យើម្នាក់ៗសុទ្ធតែធ្លាប់បានជួបប្រទះនូវអារម្មណ៍មួយនេះ។ ក្នុងមួយ ឆាកជីវិតរបស់មនុស្សគ្រប់រូប ពិតជាមិនអាចគេចផុតពីកំហឹង ឬសេចក្តីក្រោធបានឡើយ។ ជីវិតមនុស្សយើង ពិតជា មានតម្លៃខ្លាំងណាស់។ សូមលោកអ្នកព្យាយាមប្រើប្រាស់ជីវិតដ៏ថ្លៃថ្លានេះឲ្យជួបតែភាពជោគជ័យទៅមុខជាដរាប។ កំហឹង ឬសេចក្តីក្រោធ ជាអារម្មណ៍កត្តាលីករពីធម្មជាតិរបស់មនុស្សដែលស្តែងចេញមកក្នុងសភាពធ្ងន់ធ្ងរណាមួយ។ កំហឹង គឺជាអារម្មណ៍តានតឹងរបស់យើងតែប៉ុណ្ណោះ ។ កាលណាមានភាពតានតឹង នោះក៏មានភាពធូរស្រាលកើតឡើងមកវិញដែរ ។ ចំនុចសំខាន់លោកអ្នកមិនត្រូវបណ្តោយឲ្យកំហឹងមកដុតរោល  ឬមកទន្ទ្រានជីវិតដ៏មានតម្លៃរបស់លោកអ្នកឡើយ ។ សូម្បី អ្នកមាន មន្ត្រីរាជការ និងព្រះសង្ឃក៏នៅមានកំហឹងក្នុងខ្លួនដែរ ដូចនេះយើងអ្នកក្រខ្សត់មិនត្រូវអស់សង្ឃឹមឡើយ យើងត្រូវ ចេះផ្តល់ពន្លឺ ឲ្យជីវិតដល់ខ្លួនឯង ។

មនុស្សយើងអាចគ្រប់គ្រងកំហឹងបានតាមរបៀបពីរបែបសំខាន់ៗគឺ៖
១. ការគ្រប់គ្រងកំហឹងតាមឱវាទសាសនា៖ ដូចជាឱវាទព្រះពុទ្ធជាដើម ។
២. ការគ្រប់គ្រងកំហឹងតាមបែបសាមញ្ញ៖ ដូចជា តាមក្បួនខ្នាតរបស់អ្នកប្រាជ្ញខាង ចិត្តវិទ្យា ទស្សវិទ្យា គ្រប់គ្រង អប់រំ កីឡា ឬមេដឹកនាំរដ្ឋ ឬសង្គមស៊ីវិលជាដើម ។

ប៉ុន្តែនៅពេលនេះយើងខ្ញុំ សូមលើកយកមកបង្ហាញតែវិធីសាស្ត្រគ្រប់គ្រងកំហឹង តាមបែបសាមញ្ញជូនលោកអ្នក គ្រាន់បាន ជាការពិចារណាតែប៉ុណ្ណោះ។ វិធីសាស្ត្រគ្រប់គ្រងកំហឹងត្រូវបានលោកអ្នកប្រាជ្ញខ្លះបានផ្តល់យោបល់ដូច ខាងក្រោម៖

១. លោកអ្នកត្រូវស្វែងរកការសម្រាកឲ្យបានគ្រប់គ្រាន់៖

កំហឹងកើតមានឡើងបានដោយសារកង្វះការពិចារណា កង្វះការតស៊ូ អត់ធ្មត់ចំពោះបញ្ហារបស់យើង ។ កំហឹងមិនអាច ឬអាចស្តែងចេញមកក្រៅដោយសារតែការគិតរបស់យើង។ ដើម្បីគ្រប់គ្រងកំហឹង លោកអ្នកត្រូវតែចេះប្រើប្រាស់ ខួរក្បាល ដ៏ឆ្លាតវៃ របស់លោកអ្នកមកគ្រប់គ្រងវាឲ្យបានល្អ។ ការចេះស្វែងរកការសម្រាក គឺជាមធ្យោបាយដ៏សំខាន់បំផុត នៅក្នុង ការកាត់បន្ថយកំហឹង។ ការសម្រាកមានទម្រង់ច្រើនបែបច្រើនសណ្ឋាន ដូចជា ការដកដង្ហើមវែងៗ មួយៗ ច្រើនសារជាដើម។ ការអានសេចក្តីណែនាំនានស្តីពីវិធីសាស្ត្របន្ថយអាម្មរណ៍ក៏ជាវិធីល្អមួយដែរ។ សូមលោកអ្នកព្យាយាម អនុវត្តតាមវិធីណាមួយ ដែលលោកអ្នកពេញចិត្ត ឬយល់ថាត្រឹមត្រូវ ។

វិធីសាស្ត្រធម្មតាៗ ក្នុងការកាត់បន្ថយកំហឹងមាន ៖

  • ដកដង្ហើមវែងៗ មួយៗ គឺធ្វើមួយៗ កុំបង្ខំ ដោយចាប់ដកដង្ហើមពីសាច់ដុំដែលនៅចន្លោះក្រពះ និងសួត ។ សូមកុំ ដកដង្ហើម ពីទ្រូងរបស់យើង ពីព្រោះវាមិនអាចធ្វើឲ្យលោកអ្នកមានការសម្រាកបានទេ ។
  • សូមទន្ទេញពាក្យណាដែលលោកអ្នកគិតថា វាទាក់ទងនឹងការសម្រាក ដូចជាពាក្យខន្តី សម្រាក ជាដើម ។ សូមទន្ទេញ ជាមួយនឹងការដកដង្ហើមវែងៗ ។
  • សូមមើលរូបភាពណាដែលធ្វើឲ្យលោកអ្នកបានរំសាយកំហឹង ឬក៏រូបភាពដែលកើតចេញពីក្តីស្រមៃរបស់លោកអ្នក។
  • សូមធ្វើលំហាត់ប្រាណ យឺតៗ មួយៗ នោះវានឹងជួយកាត់បន្ថយការតឹងសាច់ដុំ និងអារម្មណ៍មួរហ្មងរបស់យើង ។

២. ការយល់ដឹងពី ធម្មជាតិនៃកំហឹង៖

នៅពេលដែលលោកអ្នកខឹង សូមគិតអ្វីផ្សេងៗ ក្រៅពីដើមហេតុដែលនាំឲ្យមានកំហឹង។ មនុស្សដែលមិនអាចទប់កំហឹង ខ្លួនឯងបាន គេអាចជះកំហឹងដោយពាក្យជេរប្រទេច ឬនិយាយពាក្យដែលមិនសមរម្យ នឹងអាចទទួលយកបាន។ ដូចនេះ ក្នុងនាមយើងជាមនុស្ស ដែលមានសេចក្តីថ្លៃថ្នូរ ត្រូវតែចេះគិតគូរឲ្យបានវែងឆ្ងាយ។ សូមជម្រុះចោលឲ្យអស់ នូវពាក្យអាក្រក់ ទាំងឡាយណា ដែលកំពុងតែបំផ្លាញអារ្មណ៍ល្អរបស់លោកអ្នក ឬដែលអាចនាំអ្នកទៅដល់អំពើមិនគប្បីទាំងឡាយ។ មនុស្ស ដែលពោរពេញដោយកំហឹង គឺគេចង់បង្ហាញថា គេពិតជាខ្លាំង គេពិតជាចង់បង្ហាញសកម្មភាពភ្លាមៗឲ្យឃើញ ដើម្បីរំសាយកំហឹងរបស់គេ។ ហេតុដូចនេះ លោកអ្នកគួរតែស្វែងយល់ពីកំហឹងរបស់លោកអ្នក កាលណាលោកអ្នកយល់ពី ប្រភពវាបានច្បាស់ហើយ នោះលោកអ្នកប្រាកដជានឹងក្លាយជាមនុស្សម្នាក់ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ និង អាចគ្រប់គ្រងកំហឹងខ្លួនឯងបានយ៉ាងល្អបំផុត ។

៣. សូមព្យាយាមដោះស្រាយបញ្ហា ដែលបានកើតមានឡើងដោយសន្តិវិធី៖

ពេលខ្លះលោកអ្នកមានកំហឹង ក៏ព្រោះបណ្តាលមកពីបញ្ហាដែលមិនអាចជៀសផុតនៅក្នុងឆាកជីវិតរបស់លោកអ្នក ។ ទោះ ជាយ៉ាង សូមលោកអ្នកសង្ឃឹម និងជឿជាក់ថា រាល់បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយដោយសន្តិវិធីទាំងអស់ គ្រាន់តែ យូរ ឬឆាប់ប៉ណ្ណោះ។ ដូចនេះលោកអ្នកត្រូវចេះហាត់ពត់លត់ដំ សា្មរតី និងកម្លាំងចិត្តដើម្បីស្វែងរកដំណោះស្រាយល្អៗ ក្នុងការប្រឈមមុខជាមួយនឹងបញ្ហា។ សូមធ្វើផែនការ និងតាមដានថា តើយើងអាចគ្រប់គ្រង និងវាយតម្លៃកំហឹងបាន ល្អកម្រិតណា។ លោកអ្នកត្រូវធ្វើចិត្តយ៉ាងណាឲ្យរឹងប៉ឹង ក្លាហានឡើង ដើម្បីដោះស្រាយបញ្ហាកំហឹងនេះឲ្យបានជោគជ័យ ។

៤. សូមលោកអ្នក រក្សាទំនាក់ទំនងឲ្យបានល្អជាប់ជានិច្ច ជាមួយអ្នកដទៃ ៖

មនុស្សមានកំហឹងអាចមានសកម្មភាពមិនសមរម្យ ឬក៏ធ្វើសេចក្តីសន្និដ្ឋានខុស។ ប្រសិនជាលោកអ្នកស្ថិតនៅក្នុងស្ថានភាព ពិភាក្សាតឹងសរសៃ កណាមួយ សូមលោកអ្នកព្យាយាមប្រមូលស្មារតីឡើង និងរក្សាឲ្យបាននូវភាពអត់ធ្មត់ជានិច្ច ។ ព្រោះថា ការរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃគឺជា រឿងចាំបាច់ណាស់។ ការប្រកាន់នូវភាពអត់ធ្មត់ ឬរក្សាបាននូវទំនាក់ទំនងល្អ ជាមួយអ្នកដទៃ ជួនកាលលោកអ្នកក៏អាចដោះស្រាយបញ្ហា និងបន្ធូរកំហឹងបានដែរ។ សូមកុំបោះបង់ចោលទំនាក់ទំនងល្អ ឲ្យសោះពេលមានលោកអ្នកមានកំហឹង ។

៥. សូមធ្វើឲ្យខ្លួនលោកអ្នកមានសំណើចឲ្យបានគ្រប់គ្រាន់៖

សំណើច គឺជាវិធីសាស្ត្រដ៏ល្អក្នុងការជម្រុះចោលកំហឹងរបស់លោកអ្នក។ លោកអ្នកអាចប្រើវិធីសាស្ត្រមួយចំនួន ដើម្បីឲ្យ មានសំណើច ដូចខាងក្រោម៖

  • សូមមើលសៀវភៅរឿងកំប្លែងដែលមានរូបភាពអមជាមួយ ។
  • សូមទស្សនារឿងកំប្លែងតាមទូរទស្សន៍ ។
  • សូមនិយាយរឿងកំប្លែងផ្សេងៗ ។
  • សូមច្រៀងរាំលេងកំសាន្តដើម្បីទទួលបានការសប្បាយរីករាយ ។
  • លោកអ្នកក៏អាចគូរគំនូរ ផាត់ពណ៌រូបភាព មើលរូបថតអនុស្សាវរីយ៍ លេងកីឡា លេងល្បែងកំសាន្តប្រជាប្រិយ ហាត់ របាំប្រជាប្រិយ និងរបាំបូរាណ អានសៀវភៅដែលខ្លួនចូលចិត្ត តែងនិពន្ធ ច្រៀងចំរៀង បង្រៀនសហគមន៍ សម្អាតបរិស្ថាន ដាំដើមឈើ និងចូលរួមការងារមនុស្សធម៌ជាដើម ។

៦. សូមផ្លាស់ប្តូរមជ្ឃដ្ឋាន ឬទីកន្លែងពេលមានកំហឹង៖

ការផ្លាស់ប្តូរបរិស្ថានរស់នៅ ឬបរិស្ថានធ្វើការជាវិធីបន្ថយកំហឹងមួយដ៏ប្រសើរ។ ការផ្លាស់ប្តូរទីកន្លែងពេលមានកំហឹង គឺជា មធ្យោបាយមួយល្អបំផុត។ លោកអ្នកអាចដើរទៅកន្លែងផ្សេងៗដូចជា ទៅកន្លែងរមណីយដ្ឋាន ឬទៅស្រូបខ្យល់អាកាស បរិសុទ្ធដើម្បីបន្ធូរអារម្មណ៍។ សូមលោកអ្នកកុំឈរនៅកន្លែងដែលធ្វើឲ្យលោកអ្នកមានកំហឹងនោះឲ្យសោះ។ ការនៅឲ្យឆ្ងាយ ពីកន្លែងដែលនាំឲ្យមានកំហឹង ដើម្បីបន្ធូរអារម្មណ៍ ក៏ជាវិធីមួយដែលអាច ដោះស្រាយបញ្ហាបានយ៉ាងល្អផងដែរ ។

៧. សូមស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញ

នៅពេលណាលោកអ្នកគិតថា លោកអ្នកមិនអាចគ្រប់គ្រងកំហឹងបានហើយ នោះនឹងនាំឲ្យមានផលប៉ះពាល់ ដល់ ទំនាក់ទំនង ឬជីវិតរបស់យើង។ សូមលោកអ្នកស្វែងរកអ្នកផ្តល់ប្រឹក្សា មួយដែលលោកអ្នកគិតថា អាចទុកចិត្តបាន។ សូមនិយាយកុំលាក់ លៀមដើម្បីងាយស្រួលក្នុងការប្រឹក្សាយោបល់។ សូមស្តាប់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវ យកយោបល់ល្អៗ ទាំងនោះ មកអនុវត្តសម្រាប់លុបពន្លត់ភ្លើងកំហឹង របស់លោកអ្នកឲ្យបានជោគជ័យ ។

សរុបមក កំហឹងគឺពិតជាមានឥទ្ធិពលខ្លាំងណាស់សម្រាប់ដំណើរជីវិតរបស់លោកអ្នក។ លោកអ្នកមិនត្រូវបណ្តោយឲ្យកំហឹង មកគ្រប់គ្រងលោកអ្នកឡើយ។ លោកអ្នកគួរតែរួសរាន់លុបបំបាត់កំហឹងឲ្យបានជាបន្ទាន់ បើមិនដូច្នេះទេ ជីវិតរបស់ លោកអ្នក ពិតជានឹងមិនរុងរឿងតាមដូចដែលលោកអ្នកចង់បានឡើយ។ បើលោកអ្នកពុំទាន់មានវិធីណាល្អជាង វិធីទាំង ឡាយខាងលើ នេះទេ សូមលោកអ្នកសាកល្បងអនុវត្តលមើល ក្រែងនឹងទទួលបានផលល្អតាមបំណង។

“ សូមគ្រប់គ្រងកំហឹងរបស់លោកអ្នក មុននឹងវាមកវាយលុកជីវិតរបស់លោកអ្នក ”

ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ២៧-២៨ ខែ មេសា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit Photo : travelpod.com

ឯកសារពិគ្រោះ៖
១) សៀវភៅ វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួន ណាត
២) គំនិតយល់ឃើញនិងបទពិសោធន៍របស់ គល់រាំង
៣) អាសយដ្ឋានពត៌មានភាសាអង់គ្លេស៖ apa.org (controlling anger)

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...