បង្ខាំងស្ត្រីនៅក្លេវឡេន-អាមេរិក៖ ចោទ៣២៩ករណី លើជនជាប់ចោទ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសដែលជាជនសង្ស័យ ក្នុងព្រឹត្តិការណ៍ចាប់បង្ខាំងស្ត្រីបីនាក់តាំង១០ឆ្នាំមកហើយ នៅទីក្រុងក្លេវឡេន (Cleveland) កំពុងប្រឈមនឹងបទចោទប្រកាន់ ចំនួន៣២៩ករណី ដែលភាគច្រើន ជាបទចោទប្រកាន់ទាក់ទងនឹង ការចាប់ពង្រត់ និងបទចាប់រំលោភសេពសន្ធវៈ។ នេះជាសេចក្ដីប្រកាស របស់អាជ្ញាធរតំបន់ កាលពីថ្ងៃសុក្រទី០៧ខែមិថុនា។
ជនសង្ស័យ អារីយ៉ែល កាស្ត្រូ។
ចៅក្រមតុលាកាជាន់ខ្ពស់ នៃតំបន់ទន្លេ គូវ៉ាហូហ្គា (Cuyahoga) បានបង្ហាញពីបទចោទប្រកាន់ទាំងនេះ កាលពីថ្ងៃសុក្រប្រឆាំងនឹងជនសង្ស័យ អារីយ៉ែល កាស្ត្រូ (Ariel Castro) អតីតអ្នកបើកបររថយន្ដដឹកកូនសិស្ស ដែលត្រូវបានគេបញ្ឈប់កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ។
អារីយ៉ែល កាស្ត្រូ ត្រូវបានចោទប្រកាន់ ថាបានចាប់ពង្រត់ អាម៉ានដា ប៊ើរី (Amanda Berry) - ជីណា ឌឹស៊ុស (Gina DeJesus) និង មៃឃើល ក្នៃ (Michelle Knight) ព្រមទាំងបានឃាត់ខ្លួនស្ត្រីទាំងនេះ នៅក្នុងផ្ទះរបស់ខ្លួន ក្នុងរយៈពេលរាប់ឆ្នាំ រាប់ទាំងក្មេងស្រីម្នាក់អាយុ៦ឆ្នាំ ដែលអារីយ៉ែល មានជាមួយនាងអាម៉ាដា នោះផង។
ចៅក្រុមតុលាការជាន់ខ្ពស់ ក៏បានចោទជនសង្ស័យនេះ ពីឃាតកម្មដ៏ធ្ងន់ធ្ងរ ខណៈពេលដែលជននេះបានព្យាយាមបញ្ឈប់ ការមានផ្ទៃពោះដោយចេតនា និងដោយខុសច្បាប់។ ក្នុងចំណោមនោះ បទចោទប្រកាន់ចំនួន ១៣៩ស្ដីពីការចាប់រំលោភ សេពសន្ធវៈ និង១៧៧ទៀត ពីបទចាប់ពង្រត់។
ដោយឡែកមេធាវីរបស់ អារីយ៉ែល កាស្ត្រូ បាននិយាយថា កូនក្ដីរបស់លោក បានសារទុក្ខពីភាព«គ្មានទោសកំហុស» ទល់នឹងការចោទប្រកាន់ទាំងនេះ៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ