បុណ្យពិសាខបូជា សម្រាប់ពុទ្ធសាសនិកខ្មែរ
ឆ. ប្រវត្តិព្រះពុទ្ធសាសនា
១. កំណើតព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី៦ មុនគ្រឹស្តសករាជ គឺប្រហាក់ប្រហែលគ្នានឹង សាសនាព្រាហ្មណ៍ដែរ “សម័យទី២ នៃសាសនាព្រាហ្មណ៍បន្ទាប់ពីសម័យវេទនិយម”។ ពុទ្ធសាសនាបានហូរចូលមកកម្ពុជា តាំងពីសតវត្សទី៣មុនគ្រឹស្តសករាជមកម្លេះ ពោល គឺខ្មែរស្គាល់ពុទ្ធសាសនាតាំងពីបុរេប្រវត្តិមកម្លេះ។ តែមានមតិមួយទៀត ដោយផ្អែកលើប្រវត្តិសាស្ត្រទឹកដីខ្មែរយើង បានសន្មតថាព្រះពុទ្ធសាសនាបានត្រូវផ្សព្វផ្សាយ ចូលប្រទេសខ្មែរត្រឹមសតវត្ស ទី២និងទី៣ ប៉ុណ្ណោះ គឺនៅចុងសម័យហ្វូណន ប្រហែលក្នុងរាជហ្វាន់ចេម៉ាន់ ។
ព្រះពុទ្ធសាសនានៅកម្ពុជាពីដំបូង គឺ និកាយហិនយានដោយប្រើភាសាសំស្ក្រឹត ។ នៅសតវត្សទី៥ ទី៦ពុទ្ធសាសនារុងរឿង បំផុតនៅប្រទេសខ្មែរ ។ នៅប្រទេសឥណ្ឌានាសតវត្សទី១ ព្រះពុទ្ធសាសនាចែកចេញជាពីរ គឺ ហិនយាន និងមហាយាន ។
- និកាយហិនយាន៖ គឺយានតូច អាចដឹកមនុស្សទៅកាន់ឋាននិព្វានបានតិច ពោល គឺ ហិនយានមានវិន័យតឹងតែង ម៉ឺងម៉ាត់ ។ និកាយហិនយាន និយមគោរពប្រតិបត្តិតាមពុទ្ធោវាទ “ តាមព្រះត្រៃបីដក “ ហើយគោរពពុទ្ធគោតមដែលបាន ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ហើយដែលបានចូលនិព្វានទៅហើយ។ ប្រទេសគោរពហិនយានសព្វថ្ងៃមាន៖ ខ្មែរ សៀម លាវ ភូមា នេប៉ាល់ សេរិលង្កា ។ល។
- និកាយមហាយាន៖ ជាយានធំផ្ទុកមនុស្សបានច្រើនទៅកាន់ត្រឹមព្រះពោធិសត្វដែលអាចណែនាំសត្វលោកបាន ។ និកាយមហាយាននិយមធម៌ថ្មីមានវិន័យធូរស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ “ គឺពាក្យសំដីគ្រូអាចារ្យតៗគ្នា " គឺ ពុំគោរពពុទ្ធោវាទឡើយ ។ ដូច្នេះនិកាយមហាយានមិនគោរពព្រះពុទ្ធជាធំទេ គឺគេគោរពព្រះពោធិសត្វ ។ ឧទាហរណ៍៖ ពោធិសត្វលោកេស្វរៈ ជាដើម ។
ប្រទេសនិយមពុទ្ធសាសនាមហាយានសព្វថ្ងៃមាន៖ វៀតណាម ជប៉ុន ទីបេ ឥណ្ឌូណេស៊ី ។ល។
២. ប្រវត្តិព្រះពុទ្ធ
- កំណើត៖
ព្រះពុទ្ធទ្រង់ប្រសូត្រនៅក្រុងកបិលភស្តុ ក្នុងសួនសម្ពិលី ត្រង់ព្រំប្រទល់នគរកបិលភស្តុនិងនគរទេវៈទហុៈ នាថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ច ក្នុងត្រកូល គោតម ។ ព្រះមាតានាម សិរិមហាមាយា បិតានាមសុទោទន៍ ។ ព្រះពុទ្ធព្រះនាម លិទ្ធាថ៌ ព្រះអគ្គមហេសីនាម ពិម្ពាយសោធារា ព្រះរាជបុត្រនាម រាហុលកុមារ ។
- ការត្រាស់ដឹង
- រាជាភិសេក៖ ព្រះជន្ម ១៦ វស្សាព្រះអង្គបានរាជាភិសេកជាមួយព្រះនាងពិម្ពាយសោធារា។
- ទេពនិមិត្ត៤យ៉ាង ៖ ដោយទ្រង់អផ្សុកនឹងគង់ក្នុងប្រាសាទពេក ព្រះអង្គយាងទៅក្រសាលក្នុងឧទ្យាន ដែលនៅពេល នោះ ព្រះអង្គទតទេពនិមិត្ត ៤ យ៉ាង គឺ៖
- លើកទី១៖ ឃើញមនុស្សចាស់ជរា
- លើកទី២៖ ឃើញមនុស្សឈឺ
- លើកទី៣៖ ឃើញមនុស្សស្លាប់
- លើកទី៤៖ ឃើញមនុស្សបួស
ទេពនិមិត្តទាំង ៤លើកនេះ ធ្វើឲ្យព្រះអង្គកើតក្តីសង្វេក។ ហើយទ្រង់ពិចារណាឃើញច្បាស់ ពីបញ្ហារបស់មនុស្ស លោក ។ ទេពនិមិត្តប្រភេទទី៤ នាំឲ្យព្រះអង្គចង់យាងសាងផ្នួស ។
- ការសាងផ្នួស៖ ក្នុងព្រះជន្ម២៩ វស្សា ព្រះអង្គទ្រងយាងសាងផ្នួសទាំងកណ្តាលអាធ្រាត្រ ដោយមានព្រាហ្មណ៍ កោណ្ឌញ្ញ និង កូន ៤នាក់តាមបំរើផងដែរ ហៅថា “ បញ្ចវគ្គីយ “ ។
- ការត្រាស់ដឹង៖ ក្រោយពីធ្វើទុក្ករកិច្ចអស់រយៈពេល៦វស្សា ព្រះអង្គទ្រង់យាងចេញពីរាជគ្រឹះ “ រាជធានីនៃមគធៈរដ្ឋ“ ទៅកាន់ស្រុកពោធិគយាក្នុងរដ្ឋដដែល ។ ព្រះអង្គទ្រង់តាំងសីលហើយបានផ្ចាញ់មារ ។ ព្រះអង្គបានត្រាស់ដឹងព្រះពុទ្ធ នៅថ្ងៃទី ១៥ កើត ពេញបូណ៌មី ខែ ពិសាខ ឆ្នាំ រកា ក្នុងជន្មាយុ ៣៥ វស្សា ។
- ធម្មទេសនាប្រោសសត្វលោក៖ បន្ទាប់ពីបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណហើយ ព្រះពុទ្ធទ្រង់ត្រាស់ធម្មទេសនា ទូន្មានសត្វលោកដោយពុំប្រកាន់វណ្ណៈឡើយ ។ អស់រយៈពេល ៤៥ ឆ្នាំ ព្រះអង្គតែងបំពេញពុទ្ធកិច្ចប្រការជានិច្ចគឺ៖
- ពេលព្រឹក៖ ទ្រង់និមន្តបិណ្ឌបាត ។
- ពេលរសៀល៖ ទ្រង់សម្តែងធម្មទេសនាសម្រាប់សាធារណៈជន ។
- ពេលព្រលប់៖ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ ។
- ពេលកណ្តាលអាធ្រាត្រ៖ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា ។
- ពេលជិតភ្លឺ៖ ទ្រង់ប្រមើលទតភ័ព្វសំណាងរបស់សត្វលោក ។
- បរិនិព្វាន៖ ព្រះពុទ្ធទ្រង់ចូលបរិនិព្វាននៅក្នុងជន្មាយុ ៨០ ព្រះវស្សា ត្រូវនឹងថ្ងៃ អង្គារ ទី ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ត្រូវនឹង ឆ្នាំ ៥៤៣ មុនគ្រឹស្តសករាជ ។ ក្នុងគម្ពីរព្រះពុទ្ធសាសនាបានចែងថា ដល់ពេលចេញវស្សាទី ៤៥ នៅថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ មាឃ ឆ្នាំ ម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារបស់ព្រះ អង្គ ដោយប្រាប់មាថា ព្រះអង្គ នឹងចូលបរិនិព្វានក្នុងរវាងបីខែទៀត ។ ពួកសាវ័កទាំងឡាយ ជាពិសេសអាន្ទ កាលបើបានដឹងថា ព្រះអង្គ បានកម្រិត អាយុសង្ខារហួសទៅហើយ ពុំអាចកែប្រែបាន ក៏សោយសោកយ៉ាងខ្លាំង ស្តាយព្រះពុទ្ធអង្គមិនទាន់ចង់ ឲ្យព្រះអង្គ ចូលបរិនិព្វានឡើយ។ ព្រះអង្គយាងទៅដល់នគរ កសិនារាហើយ ទ្រង់យាងចូលទៅកាន់សាលវ័ន ហើយទ្រង់ត្រាស់ ឲ្យអានន្ទ រៀបចំគ្រែថ្វាយព្រះអង្គផ្ទុំ (ផ្ទុំផ្ទៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ) ។ នៅមិច្ឆិមរាត្រី ហើយ ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតហៅអ្នក ទាំងឡាយមក ប្រាប់ថា អ្វីដែលកើតឡើងហើយ ដែលមានហើយ ដែលផ្គុំផ្សំហើយតែងមានធម៌ភាពនឹងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងប្រយោជន៍ ឲ្យសម្រេចដោយកិរិយា មិនធ្វេសប្រហែសចុះ»។ ព្រះអង្គមានពុទ្ធដីកាតែប៉ុណ្ណេះ ទ្រង់ក៏រលត់ សង្ខារនៅពេលនោះទៅ ។
- ផលប្រយោជន៍នៃការសិក្សាពីពុទ្ធប្រវត្តិ៖ ការសិក្សាពុទ្ធប្រវត្តិ នាំឲ្យយើងស្គាល់ព្រះពុទ្ធច្បាស់ គឺ ព្រះអង្គមិនមែន ជាអាទិទេពទេ ទ្រង់ជាមនុស្សធម្មតារស់នៅក្នុងសង្គម តែជាអ្នកត្រាស់ដឹងសព្វបញ្ហារបស់មនុស្ស ហើយបានអប់រំ ណែនាំមនុស្សឲ្យស្គាល់ល្អ អាក្រក់ សុខ ទុក្ខគ្រប់បែបយ៉ាង ។ ព្រះអង្គបានរលត់ខន្ធទៅក៏ពិតមែន តែទស្សនៈ ទ្រឹស្តី របស់ព្រះអង្គគង់នៅជានិច្ច និងត្រូវបានយកមកអនុវត្តរហូតដល់សព្វថ្ងៃ។ មានទស្សនៈវិទូល្បីល្បាញ ជាច្រើនបាន ទទួលស្គាល់ថា ព្រះពុទ្ធទ្រង់ គឺជាមហាទស្សនវិទូដ៏កំពូលនៅក្នុងលោកយើងនេះ ។ ទស្សនៈរបស់ព្រះពុទ្ធមាន លក្ខណៈការពិតតាមបែបវិទ្យាសាស្ត្រច្រើន ។ ព្រះពុទ្ធទ្រង់ពន្យល់មនុស្សឲ្យស្គាល់ពីតម្លៃរបស់មនុស្ស សច្ចៈធម៌ គុណធម៌ មនុស្សធម៌ កតញ្ញូរ កម្លាំងខ្លួនឯង និងវិជ្ជាការសុចរិតទាំងពួង ។ រាល់ទ្រឹស្តីរបស់ព្រះពុទ្ធ គឺសុទ្ធតែមាន លក្ខណៈស្របតាមគោលការណ៍ច្បាស់សិទ្ធិមនុស្សអន្តរជាតិ ។
- ទ្រឹស្តីព្រះពុទ្ធសាសនា
ព្រះពុទ្ធទ្រង់បានចែងនូវទ្រឹស្តីជាច្រើនដែលបានមកពីរបកគំហើញរបស់ព្រះអង្គសម្រាប់ជាប្រយោជន៍ដល់សាវ័កព្រះអង្គនិងមនុស្សទូទៅបានពិចារណា ឬគោរពប្រតិបត្តិតាម ។ នៅកម្ពុជាតាមរយៈអ្នកប្រាជ្ញខាងសាសនាព្រះពុទ្ធជាច្រើនជំនាន់ លោកបានចងក្រងទុកជា ភាសាខ្មែរចំនួន ១២០ក្បាល (សៀវភៅព្រះត្រៃបិដក)សម្រាប់ឲ្យកូនចៅបានរៀនសូត្រតាម ។ នៅទីនេះ យើងខ្ញុំសូមលើក យកគោលធម៌សំខាន់មួយចំនួនប៉ុណ្ណោះមកបង្ហាញ៖
- អរិយសច្ចៈ៖ ជាការពិតដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ដែលព្រះពុទ្ធទ្រង់បានពិចារណារកឃើញ គឺ ទុក្ខអរិយសច្ចៈ សមុទយ អរិយសច្ចៈ និរោអរិយសច្ចៈ និងមគ្គអរិយសច្ចៈ ។
- ទុក្ខអរិយសច្ចៈ៖ ជាសេចក្តីពិតនៃទុក្ខដែលកើតមានដល់មនុស្ស សត្វគ្រប់ៗរូប ហើយពុំអាចចៀសផុតបានឡើយ គ្រាន់តែខុសគ្នាត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើន ប៉ុណ្ណោះ ។ ទុក្ខធំៗមានបួនសំខាន់ៗ គឺ
- ជាតិទុក្ខ៖ គឺទុក្ខព្រោះមានកំណើត (ទុក្ខតាំងអំពីចាប់កំណើតក្នុងផ្ទៃម្តាយមកម្លេះ) ។
- ព្យាធិទុក្ខ៖ គឺ ទុក្ខព្រោះមានជម្ងឺផ្សេងៗមកបៀតបៀន ។
- ជរាទុក្ខ៖ គឺ ទុក្ខព្រោះចាស់គ្រាំគ្រាទ្រុឌទ្រោម ។
- មរណៈទុក្ខ៖ គឺ ទុក្ខព្រោះស្លាប់ ( មានការចុកចាប់ ឬពិបាកខ្លាំងនៅពេលស្លាប់)
នៅមានទុក្ខច្រើនទៀតដូចជា៖ ទុក្ខព្រាត់ប្រាស់ ទុក្ខមិនបានសម្រេចបំណង ទុក្ខសោកស្តាយ......។ល។
- សមុទយអរិយសច្ចៈ៖ គឺជាសេចក្តីពិតនៃទុក្ខដែលកើតឡើងអំពីហេតុ ឬ ឫសគល់ពិតប្រាកដ ។ ហេតុដែលនាំឲ្យមាន ទុក្ខ គឺបណ្តាលមកពី តណ្ហា (Desire) និង អវិជ្ជា (Ignorance) ។ អវិជ្ជា បង្កើតឲ្យមានតណ្ហា តណ្ហាបង្កើតឲ្យមានទុក្ខ ។ អវិជ្ជា គឺសេចក្តីល្ង់ខ្លៅ ឬមិនដឹង មិនយល់នូវហេតុដែលនាំឲ្យមានទុក្ខ ។ តណ្ហា គឺសេចក្តីស្រេកឃ្លាន សេចក្តីប្រាថ្នាធំ សេចក្តីលោភលន់ ចង់មាន ចង់បាន អ្វីៗគ្រប់បែបយ៉ាងមិនចេះឆ្អែតឆ្អន់ ។
- និរោធអរិយសច្ចៈ៖ ការរួចស្រលះ ឬការរំលត់ទុក្ខ ជាសេចក្តីពិត ។ កន្លែងរំលត់ទុក្ខ គឺនិព្វាន (ការចាកផុតនូវ តណ្ហា និង អវិជ្ជា) គឺ ការដែលអាចតាំងខ្លួនឯងឲ្យស្ថិតនៅក្នុងសេចក្តីល្អ ការប្រកបកិច្ចការផងទាំងពួកតាម អដ្ឋមគ្គ ឬមគ្គអរិយសច្ចៈរបស់ព្រះពុទ្ធសាសនា ។
- មគ្គអរិយសច្ចៈ៖ គឺជាផ្លូវ ឬមធ្យោបាយដែលនាំឲ្យផុតទុក្ខ ជាសេចក្តីពិត ។ ដើម្បីរំលត់ទុក្ខ ហើយទៅដល់និព្វាន ព្រះពុទ្ធបានបញ្ជាក់ថា ត្រូវប្រកាន់កណ្តាល(មជ្ឈឹមាបដិបទា) ហើយប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវមគ្គ៨យ៉ាង (អដ្ឋង្គិក មគ្គ) ដូចជា៖
- សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវ(right comprehension) គឺ ការយល់ឃើញពិតនូវសភាវធម៌ទាំងពួង ឃើញតាម អរិយសច្ចៈទាំងបួន ហើយពេញចិត្តនិងយប់ព្រមប្រតិបត្តិតាមផ្លូវត្រូវ ដើម្បីបំបាត់នូវអវិជ្ជានិងតណ្ហា។
- សម្មាសង្កប្ប៖ ការត្រិះរិះត្រូវ (right thought) គឺ ត្រិះរិះក្នុងការមិនព្យាបាទ មិនបៀតបៀនចំពោះមនុស្ស សត្វទូទៅ ។ ការត្រិះរិះត្រឹមត្រូវនាំឲ្យជួបប្រទះនូវផលល្អ និងសេចក្តីសុខចម្រើន ។
- សម្មាវាចា៖ វាចាត្រឹមត្រូវ (right speech) គឺ សំដីត្រឹមត្រូវ វៀរចាកវចីទុច្ចរិត បួន យ៉ាង គឺ៖ បុសាវាទ (ការនិយាយ ពាក្យមិនពិត ការនិយាយពាក្យកុហក) បិសុនាវាទ(ការនិយាយពាក្យស៊កសៀត ការនិយាយពាក្យ ញុះញង់ ការ និយាយពាក្យ បំបែកបំបាក់) ជរុសវាទ (ការនិយាយពាក្យជេរប្រទេច ការនិយាយពាក្យតិះដៀល ការនិយាយ ពាក្យដៀមដាម) សម្ជប្បលាវាទ (ការនិយាយពាក្យផ្តេសផ្តាស ការនិយាយលេងឡេះឡោះ ការនិយាយកំប្លែង លេងឥតប្រយោជន៍) ។
- សម្មាកម្មមន្ត៖ ការងារត្រឹមត្រូវ ឬការប្រព្រឹត្តត្រឹមត្រូវ(right action/right job) គឺការប្រព្រឹត្តល្អ វៀរចាកនូវ ទច្ចរិតបីយ៉ាងគឺ៖ បាណា (ការសម្លាប់សត្វមានជីវិត) អទិន្ទា (ការលួចទ្រព្យអ្នកដទៃ) កាមេ (ការប្រព្រឹត្ត លួចប្រពន្ធ កូនគេខុសច្បាប់ (ការប្រកបកិច្ចការខុសនឹងច្បាប់សាសនា)។
- សម្មាអាជីវៈ៖ ការចិញ្ចឹមជីវិតត្រឹមត្រូវ (right career) គឺ វៀរចាកការចិញ្ចឹមខ្លួនខុសគន្លងធម៌ ដូចជាការលូចប្លន់ ទ្រព្យសម្បត្តិគេ ការធ្វើជំនួញខុសច្បាប់ជាដើម (ការប្រកបរបរខុសនឹងច្បាប់រដ្ឋ)។
- សម្មាវាយាម៖ ការព្យាយាមត្រឹមត្រូវ (right effort) គឺ ការព្យាយាមខាងផ្លូវចិត្តគំនិត ដូចជា ការពារមិនឲ្យ មានបាបអកុសល ឬសៅហ្មងកើតឡើងក្នុងសន្តានចិត្ត និងព្យាយាមខាងផ្លូវកាយ ដូចជាការ ព្យាយាមធ្វើអំពើល្អ ជាកុសលគ្រប់បែបយ៉ាង ព្យាយាមរក្សាអំពើល្អ ដែលកើតឡើងជាដើម ។
- សម្មាសតិ៖ សតិរឭកត្រឹមត្រូវ (right attention/right focus) គឺ ការរឭកនឹកឃើញនិងដឹងខ្លួន ជានិច្ច ។ គេចាត់ទុកសតិជាឆ្មាំ ជាទ្វារដ៏ប្រសើរ ក្នុងការឃ្លាំមើលនិងការពារកុំឲ្យគ្រឿងវិញ្ញាណមានភ្នែក ត្រចៀក អណ្តាត ច្រមុះ កាយ ទទួលអារម្មណ៍អាក្រក់បាន ។
- សម្មាសមាធិ៖ ការធ្វើសមាធិត្រឹមត្រូវ (right concentration) គឺ ជាការចម្រើនឈានភាវនា ដើម្បីតម្កល់ចិត្តឲ្យនឹង មិនឲ្យរវើរវាយ អណ្តែតអណ្តូង ពោល គឺ តាំងចិត្តឲ្យស៊ប់ជានិច្ចក្នុងអារម្មណ៍តែមួយ ។
ផ្លូវ ឬមធ្យោបាយទាំងប្រាំបីខាងលើនេះ បង្រួមមកនៅត្រឹម៖ សីល សមាធិ បញ្ញា។
- សីល៖ មាន សម្មាវាចា សម្មាកម្មមន្ត សម្មាអាជីវៈ
- សមាធិ៖ មាន សម្មាវាយាម សម្មាសតិ សម្មាសមាធិ
- បញ្ញា៖ មាន សម្មាសង្កប្ប និង សម្មាទិដ្ឋិ
៣. ពុទ្ធសាសនិកខ្មែរដ៏ល្បីល្បាញ៖
តាំងតែពីបុរាណកាលមក ជនជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈតែងនិយមប្រកាន់យកជំនឿព្រះពុទ្ធសាសនាជាដរាប ។ ជាក់ស្តែង តាមការបង្ហាញក្នុងសៀវភៅអរិយធម៌ខ្មែរ សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងការសង្កេតជាក់ស្តែងនានា យើងឃើញមាន ពុទ្ធសាសនិក ខ្មែរល្បីល្បាញជាច្រើនដូចជា៖ ព្រះបាទ ហ្វាន់ចេម៉ាន់ នៅចុងរាជអាណាចក្រភ្នំ ព្រះបាទ ជ័យវរ្ម័នទី៧ និងព្រះរាជអគ្គមហេសីឥន្ទ្រទេវី នៅសម័យ អាណាចក្រអង្គរ ព្រះបាទ អង្គឌួងនៅសម័យឧដ្តុង្គ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រះបទមត្ថេសោម សម្តេចព្រះសង្ឃរាជជួន ណាត និងក្រុមរបស់លោក សម្តេចព្រះ ឃោសនន្ត ដា ព្រះអង្គ សំ ប៊ុនធឿន ព្រះបាទ នរោត្តម សីហនុ ព្រះបាទ នរោត្តម សីហមុនី សម្តេចអគ្គបណ្ឌិត ប៊ុត សាវង្ស ....។ល។
៤. ការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ៖
ព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងសង្គមខ្មែរដូចជា៖
- ជួយបង្ហាញផ្លូវសុខដល់សង្គមទូទៅដោយមិនមានការរើសអើង។
- ចូលរួមថែរក្សានូវក្បួនច្បាប់ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបានយ៉ាងមាំមួន ។
- ចូលរួមដល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកអក្សរសាស្ត្រ និង អក្សរសិល្ប៍យ៉ាងប្រសើរ ។
- ចូលរួមសង្គ្រោះជនក្រីក្រ ជនគ្មានក្តីសង្ឃឹម ឲ្យមានទីពឹង មានក្តីសង្ឃឹមឡើងវិញ ។
- ចូលរួមច្រើននៅក្នុងវិស័យអប់រំ ។
- ចូលរួមបានច្រើននៅក្នុងកិច្ចការមនុស្សធម៌ ។
- ជួយឲ្យប្រទេសជាតិទាំងមូលមានសន្តិភាព និង ការរីកចម្រើន ។
- នាំឲ្យខ្មែរចេះគោរពគោលការណ៍សិទ្ធិមនុស្ស ។
- នៅមានចំនុចជាច្រើនទៀតដែលយើងខ្ញុំមិនអាចរៀបរាប់អស់ ។
ជាសរុបមកវិញ ពិធីបុណ្យវិសាខបូជា ពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាដែលជាពុទ្ធសាសនិក។ ក្នុងនាម យើងជាខ្មែរ គួរប្រកាន់ខ្ជាប់ និងចូលរួមប្រកបដោយសទ្ធាជ្រះថ្លាក្នុងបុណ្យពុទ្ធសាសនាដ៏ធំមួយនេះ ។ ការដើរ តាមគន្លង ព្រះពុទ្ធសាសនាពិតជានឹងនាំឲ្យយើងទាំងអស់គ្នាមានសេចក្តីសុខ សេចក្តីចម្រើនគ្រប់សម័យកាល និង ធ្វើឲ្យ យើងកាន់តែយល់ច្បាស់ពីគុណតម្លៃនៃពុទ្ធសាសនា ។
ពន្យល់ពាក្យ៖
- ពុទ្ធ មានន័យថា លោកអ្នកដែលត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ចៈជាដើម រហូតដល់មគ្គផលនិព្វាន ឬ លោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល ឬលោកអ្នករីកពេញទីដូចផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមាន ហឫទ័យរីកដោយអំណាចនៃបរិសុទ្ធ ព្រោះកម្ចាត់កិសលេសអស់ហើយ(ព្រះសម្មាសម្ពុទ្ធ ព្រះពុទ្ធ ព្រះពុទ្ធបរមគ្រូ ព្រះពុទ្ធជាម្ចាស់ ព្រះសមណៈ គោត្តម) ។
- ព្រះ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ លើសលន់ ជាចម្បង ដែលគួរប្រាថ្នា គួរចង់បាន អ្នកដ៏ខ្ពង់ខ្ពស់ក្រៃលែង ។
- បុណ្យ មានន័យថា គុណជាតជាគ្រឿងជម្រះសន្តានចិត្ត កុសល អំពើល្អ សេចក្តីសុខ សេចក្តីល្អខាងកាយវាចិត្ត បរិសុទ្ធ ស្អាត។
- បូជា មានន័យថា ការថ្វាយជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្តាប់ឱវាទ ការប្រព្រឹត្តតាមឱវាទ របស់បុគ្គល ដែលគួរ គោរព ។
- រម្លឹក ឬរំលឹក ឬរំឭក មានន័យថា ធ្វើឲ្យរឭកឃើញ ធ្វើឲ្យនឹកឃើញ ឲ្យភ្ញាក់ស្មារតី ឲ្យចាំឡើងវិញ ។
- សក្ការ មានន័យថា ធ្វើបដិសណ្ឋារៈដោយគោរព តង្វាយ ជំនូន គ្រឿងបូជា ។
--------------------------------------------------------------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៦-១៧ ខែ មេសា ឆ្នាំ ២០១២ រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ Crédit Photo: D.KEO/MONOROOM.infoឯកសារពិគ្រោះ៖
១) សៀវភៅ អរិយធម៌ខ្មែរ និពន្ធដោយ អ្នកស្រី ត្រឹង ងា បោះពុម្ពឆ្នាំ ព.ស ២៥១៨ គ.ស ១៩៧៥
២) សៀវភៅ អរិយធម៌ខ្មែរ បោះពុម្ពដោយ ក្រសួអប់រំ យុវជន និង កីឡា នាយដ្ឋានបណ្តុះបណ្តាល និង វិក្រឹតការ ឆ្នាំសិក្សា ១៩៩៧-១៩៩៨។
៣) សៀវភៅ ប្រជុំពិធីទាំ១២ខែ រៀបរៀងដោយ ក្រុមជុំនំទំនៀមទម្លាប់ខ្មែរ
៤) សៀវភៅ វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួន ណាត
៥) អាសយដ្ឋានពត៌មានភាសាខ្មែរនានា ដែលទាក់ទងនឹងប្រវត្តិពិធីបុណ្យពិសាខបូជា
៦) អាស័យដ្ឋាន វីគីភីឌា ជាភាសាអង់គ្លេស ទាក់ទងនឹងប្រវត្តិពិធីបុណ្យពិសាខបូជា
៧) គំនិតយល់ឃើញនិងបទពិសោធន៍របស់ គល់រាំង