ទតិនហេម ដាក់តម្លៃកីឡាករ ហ្គារែត បេល ១០០លានផោន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែតដឹសាន់ (the Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់មាន់ខ្នាយមាស ទតិនហេម ហតស្ពឺ (Tottenham Hotspurs) បាន ដាក់បង្ហាញពីតម្លៃប្រមាណជា ១០០លានផោន ទៅលើខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ខ្លួន ហ្គារែត បេល (Gareth Bale) ដល់ ក្រុមដែលកំពុងតែចាប់អារម្មណ៏ចង់បានកីឡាករឆ្នើមរូបនេះ។
ខ្សែប្រយុទ្ធ ហ្គារែត បេល របស់ក្រុមបាល់ទាត់ ទតិនហេម ហតស្ពឺ។
កាសែត សាន់ដេមីរឺ (Sunday Mirror) បានចេញផ្សាយថា ក្រុមបាល់ទាត់មេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ចង់នាំយកកីឡាករវ័យ ២៣ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុមរបស់ពួកគេ ដោយហ៊ានឲ្យតម្លៃខ្លួន ៦៣លានផោន ដល់ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងនៃទីក្រុងឡុងដ៏។ កីឡាករបម្រើស្លាបសញ្ជាតិវែលរូបនេះ កំពុងតែស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង ៦រូប ដែលអាចទទួលបានពានរង្វាន់កីឡាករល្អដាច់គេប្រចាំឆ្នាំ។
មិនតែប៉ុណ្ណោះ ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich), បាសេឡូណា (Barcelona), រៀលម៉ាឌ្រីដ (Real Madrid) និងក្រុមអ្នកមានថ្មីរបស់បារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris St Germain) ក៏កំពុងតែចង់ដេញថ្លៃជាផ្លូវការដែរ បើសិនជា បេល បង្ហាញថា គាត់ពិតជាចង់ចេញពីកីឡាដ្ឋាន វាយហាតឡែន (White Hart Lane)។ ជាពិសេសបើសិនជាក្រុមស្ពឺ មិនបានលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) នៅរដូវកាលក្រោយទេនោះ។
ទតិនហេម សង្ឃឹមថាកីឡាករ បេល នឹងអាចនៅបន្តជាមួយនឹងក្លឹប យ៉ាងហោចណាស់ក៏១ឆ្នាំទៀតដែរ។ ប៉ុន្តែកាលពីរដូវកាលមុន ពួកគេក៏បានបាត់បង់កីឡាករឆ្នើម១រូបដែរ ដែលមិនអាច លួងលោម ឲ្យកីឡាករ លូកា ម៉ូដ្រិក (Luka Modric) នៅជាមួយនឹងក្លឹបជាបន្តបាន ហើយកីឡាកររូបនោះ ក៏បានទៅចូលរួមជាមួយនឹងក្រុម រៀលម៉ាឌ្រីដរបស់ប្រទេសអេស្ប៉ាញ។
ក្រុមស្ពឺ ត្រូវអវត្តមានកីឡាករ បេល អស់រយះពេលពីរទៅបីសប្តាហ៏ បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងកីឡាករ ដេវីដ ដេចិន (David Degen) ក្នុងការប្រកួតក្របខ័ណ្ឌ អ៊ឺរ៉ូផាលីក (Europa League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម បាស្សែល (Basel)។ ប៉ុន្តែគាត់បានចូលមកកាន់ ការប្រកួតវិញ ខណៈដែលក្រុមស្ពឺ ប្រកួតឈ្នះ ក្រុម ម៉ែនឆេស្ទើ ស៊ីធី ដោយលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យកន្លងទៅ។
បេល បានជួយឲ្យក្រុមរបស់លោក អេនដ្រេ វីឡាសបូអាស (Andre Villas-Boas) មានសង្ឃឹមក្នុងការប្រជែងយកដំណែងកំពូលទាំង៤ ជាបន្តទៀត បន្ទាប់ពីកីឡាករ ដែលមានល្បឿនលឿនរូបនេះ ទាត់បាល់បំប៉ោងសំណាញ់ទីក្រុមមេឃខៀវ បានសម្រេចគ្រាប់ទី៣ នៅនាទី ទី៨២។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមស្ពឺ កំពុងតែស្ថិតនៅក្នុងដំណែងលេខ៥ មាន ៦១ពិន្ទុ ក្នុងការប្រកួត ៣៣លើក តាមពីក្រោយក្រុម តោខៀវ ឆែលស៊ី (Chelsea) ដែលឈរនៅដំណែងលេខ៤ ចំនួន១ពិន្ទុ និងមានគម្លាត ២ពិន្ទុ ពីក្រុមកាំភ្លើងធំ អាសិណល (Arsenal) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ