ក្រុមស្សែលទិក ក្លាយជាម្ចាស់ជើងឯកនៃប្រទេសស្កុតឡែន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ ហ្គារី ហូផឺ (Gary Hooper) រកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យក្រុមស្សែលទិក (Celtic) យកឈ្នះ ៤-១ ទៅលើក្រុម អ៊ីនវើណែស ស៊ីធី (Gary Hooper) និងក្លាយជាម្ចាស់ជើងឯក ស្កុតធីសព្រីមែលីក (Scottish Premier League) កាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្រុមស្សែលទិក ដែលទទួលបានជ័យជំនះ នៅក្នុងពានរង្វាន់ស្កុតធីសព្រឺមែលីក។
ជ័យជំនះមួយនេះ បានធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងក្លាសកូវ (Glasgow) ទទួលបានពានរង្វាន់របស់ខ្លួន ទោះបីជាសល់ការប្រកួតចំនួន ៤លើកទៀតក៏ដោយ។ ហើយក្រុមស្សែលទិក នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ ស្គតធីសខាប់ (Scottish Cup) ជាមួយនឹងក្រុម ហៃបឺនៀន (Hibernian) នៅចុងខែឧសភាផងដែរ។
ក្រុមមួយនេះ បានទទួលពានលើកទី៤៤ របស់ខ្លួន និងមានភាពងាយស្រួលជាងឆ្នាំមុន ខណៈដែលគូប្រជែងចាស់ ក្រុមរ៉ែងចឺ (Rangers) ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសស្គតឡែន ដាក់ពិន័យឲ្យទៅលេងនៅលីកលំដាប់ទី៣ ដោយសារតែជួបវិបត្តិហិរញ្ញវត្ថុ។
ស្សែលទិក មាន ៧២ពិន្ទុ ក្នុងការប្រកួត ៣៤លើក ហើយពួកគេមាន ១៥ពិន្ទុនាំមុខក្រុមលេខ២ ម៉ាដឺវែល (Motherwell)។ ជាមួយនឹងជ័យជំនះ និងជាម្ចាស់ជើងឯក ស្គតធីសព្រីមែលីកនេះ ពួកគេនឹងទទួលបានសិទ្ធ ចូលលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) នៅរដូវកាលក្រោយ។
កីឡាករអង់គ្លេស ហ្គារី ហូផឺ បានរកគ្រាប់បាល់ទី១ បានសម្រេចនៅនាទី ទី៦១ និងគ្រាប់បាល់ទី២ រកបានដោយកីឡាករ ខ្សែបម្រើកណ្តាល លីដឡេ (Ledley) នៅនាទី ទី៦៦ ខណៈដែល ហ្គារី ហូផឺ បានបន្ថែម១គ្រាប់ទៀត នៅនាទី ទី៧៣។ ខ្សែប្រយុទ្ធអន្តរជាតិក្រិក សាម៉ារ៉ាស (Samaras) បានទាត់បាល់បញ្ចូលទីបានសម្រេច១គ្រាប់ទៀត នៅនាទី ទី៨៨ បន្ទាប់ពីកីឡាករខ្សែបម្រើ អារុន ដូរែន (Aaron Doran) តាមបាន១គ្រាប់មកវិញ នៅម៉ោងបង្គ្រប់បន្ថែម។
គ្រូបង្វឹកក្រុមស្សែលទិក លោក ណេល ឡេណិន (Neil Lennon) បាននិយាយថា «អ្វីដែលយើងទទួលបានឆ្នាំនេះ បានបង្ហាញឲ្យយើងឃើញថា យើងអាចប្រកួតប្រជែងក្នុងកំរិតមួយ ដែលល្អបំផុត ហើយក្រុមរបស់យើងនៅតែគ្របដណ្តប់ ដោយការនាំមុខគូប្រជែងជាច្រើនពិន្ទុ។ នេះជាអ្វីៗ ដែលយើងតែងតែចង់បានជារៀងរាល់ឆ្នាំ។»
គ្រូបង្វឹករូបនេះ បានបន្ថែមថា «យើងក៏នៅមានចំណុចមួយចំនួនទៀត ដែលនៅមានភាពទន់ខ្សោយ ហើយយើងក៏កំពុងតែព្យាយាម ស្វែងយល់ពីកីឡាករនីមួយៗ និងធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងគ្រប់តំបន់ទាំងអស់»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ