ទិញសំបុត្រយន្ដហោះ ដែលមានតម្លៃទៅតាម«ទម្ងន់»របស់អ្នក
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: April 07, 2013
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ចំណាយលុយ ទៅតាមទម្ងន់ដែលអ្នកមានប៉ុណ្ណោះ» ជាការផ្សាយអោយដំណឹង នៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ នៅលើទំព័របន្ទាប់មកទៀត សម្រាប់ការកក់សំបុត្រ គេនឹងឃើញតម្លៃក្នុងមួយគីឡូក្រាម។ ជាឧទាហរណ៍ ជើងហោះហើរមួយពីទីក្រុងហ្វាឡេអូឡូ (Faleolo) ទៅតំបន់ម៉ាតាវ (Matao) សំបុត្រយន្ដហោះនឹងលក់តាមចំនួនគីឡូ ដែលគិតមួយដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។ ចំណែកជើងហោះហើរពី ហ្វាឡេអូឡូ ទៅតំបន់មួយទៀត ឈ្មោះអាស៊ូ (Asau) មានតម្លៃ១,៣២ដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។
និយាយអោយខ្លី បើអ្នកមានមាឌតូច ឬស្គម អ្នកនឹងចំណាយថ្លៃសំបុត្រយ៉ាងថោកជាទីបំផុត។ តែជាអកុសល សម្រាប់អ្នកដែលធាត់ចុះខ្លាញ់ អ្នកនឺងត្រូវចំណាយលុយ ទិញសំបុត្រយ៉ាងលើសលប់។
អោយសម្ភាសតាមវិទ្យុអូស្ត្រាលី អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ សាម៉ាវ អ៊ែរ គ្រីស ឡង់ថុន (Chris Langton) បានអះអាងថា គ្រួសារដែលមានសមាជិកច្រើន និងតូចៗ ជាអ្នកដែលទទួលបាននូវការផ្ដល់ជូនពិសេសនេះ។ «ពួកគាត់មានការភ្ញាក់ផ្អើលណាស់។ យើងមិនអោយគាត់ចំណាយប្រាក់ទៅតាមកៅអីទេ តែទៅតាមទម្ងន់។ ការធ្វើបែបនេះ ចំណេញច្រើនទៅដល់គ្រួសារ ដែលមានសមាជិកពីរនាក់ប្ដីប្រពន្ធ និងកូនតូចៗ ម្នាក់ឬពីរនាក់ឡើងទៅ។ ហើយពួកគាត់សប្បាយចិត្តណាស់ ដោយឃើញតម្លៃសំបុត្រសរុបទាំងអស់ មានកម្រិតទាបជាទីបំផុត។»
បើសិនជាគេមើលទៅ ឃើញក្រុមហ៊ុន សាម៉ាវអ៊ែរ បានបង្កើតគំនិតពាណិជ្ជកម្ម ដ៏ពិសេសនេះក៏ពិតមែន តែគេហទំព័រអ៊ែរឡាញរីផតធើរ (AirlineReporter) ឯនោះវិញ បានការពារគំនិតនេះយ៉ាងដូច្នេះថា «ទម្ងន់ ជាមាសប្រាក់។ មានទម្ងន់កាន់តែធ្ងន់ យន្ដហោះប្រើប្រេងកាន់តែច្រើន ហើយតម្រូវអោយជើងហោះហើរចំណាយកាន់តែច្រើន និងកាន់តែថ្លៃ។»
នៅឯប្រទេសបារាំងឯណេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ែរហ្វ្រង់ (AirFrance) បានបង្កើតនៅឆ្នាំ២០១០ នូវ«អាករ» សម្រាប់អ្នកធាត់ចុកខ្លាញ់ ដែលមានទម្ងន់ធ្ងន់ហួស ហើយតម្រូវអ្នកជំណើរអកុសលនោះ អោយទិញកន្លែងអង្គុយដល់ទៅពីរកន្លែង ដែលត្រូវនឹងតម្លៃសំបុត្រពីរដែរ៕