
ភរិយា កែម ឡី ថា គុជ លី ជាមនុស្សដែលគេបញ្ជាឲ្យមកបំផ្លាញស្វាមី
«លោក គុជ លី គឺជាមនុស្សដែលគេបញ្ជា ឲ្យមកបំផ្លាញ កេរ្ត៍ឈ្មោះនិងកិត្តិយស ស្វាមីរបស់នាងខ្ញុំ» នេះ ជាការសរសេរឡើង នៅលើបណ្ដាញសង្គម ដោយអ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី។ លោក កែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី និងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងសាហាវ ទាំងកណ្ដាលថ្ងៃ នៅកណ្ដាលរាជធានីភ្នំពេញ ពោរពេញដោយមនុស្សច្រើនកុះករ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
គុជ លី ជានរណា?
ពីមុនមក មានមនុស្សតិចណាស់ ដែលស្គាល់លោក គុជ លី ដែលជាអ្នកគាំទ្រមួយរូប របស់គណបក្សសង្គ្រោះជាតិ។ តែនៅក្រោយពេល មានការប្រកាសបង្កើតគណបក្សថ្មីមួយ ដែលប៉ុនប៉ងយកឈ្មោះ និងរូបរបស់លោក កែម ឡី យកធ្វើជាឈ្មោះ និងរូបសញ្ញាសម្គាល់គណបក្សរបស់ខ្លួននោះ ទើបអ្នកផងបានស្គាល់មុខ សហស្ថាបនិក របស់គណបក្សនេះ គឺមានលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី និងលោក គុជ លី នេះផ្ទាល់តែម្ដង។ [...]