ពលរដ្ឋដែលមានទំនាស់ដីធ្លីយូរឆ្នាំនៅវាលវែង ត្រូវបានអាជ្ញាធរហៅសួរនាំ
ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលអះអាងថាខ្លួនបានរងគ្រោះ ព្រោះការរំលោភយកដីធ្លី ពីក្រុមហ៊ុន ទ្រីភាព ហៅកាត់ជាភាសាអង់គ្លេសថា (MDF) ត្រូវបានអាជ្ញាធរស្រុកវាលវែង កោះហៅមកសួរនាំកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា នេះនៅសាលាស្រុក។
ការសាកសួរអំពីបញ្ហាដីធ្លីនេះ មិនត្រូវបានអាជ្ញាធរសាកសួរមានលក្ខណៈជាក្រុមទាំងអស់ឡើយ តែបានធ្វើការសាកសួរម្តងមួយម្តងមួយ ដោយឲ្យប្រជាពលរដ្ឋអង្គុយចាំនៅខាងក្រៅ ធ្វើដូច្នេះទាល់តែសួរអស់គ្រប់ចំនួន ២៣គ្រួសារ។ សំនួរដែលអាជ្ញារធរ សួរទៅប្រជាពលរដ្ឋមានដូចជា រយៈពេលដែលរស់នៅក្នុងដី ដែលមានជំលោះនោះ និងសួរអំពីប្លង់ដីកម្មសិទ្ធិតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលរស់នៅភូមិសង្គមថ្មី តាមរយៈទូរស័ព្ទជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូកាលពីថ្ងៃដដែល។
[...]