ស៊ីរី៖ ជនស៊ីវិលរាប់រយនាក់ ត្រូវបានសម្លាប់? រ៉ូស្ស៊ីថា«គ្មានទេ»
«យើងបានឃើញរបាយការណ៍នោះហើយ។ លើកនេះម្ដងទៀត វាគ្មានអ្វីច្បាស់លាស់ និងមិនមានអ្វីថ្មី នៅក្នុងរបាយការណ៍នោះទេ៖ រូបភាពមានលក្ខណៈដដែលៗ និងមានលក្ខណៈជាព័ត៌មានមិនពិត ដែលយើងធ្លាប់បដិសេធ ម្ដងហើយម្ដងទៀត។» នេះជាការលើកឡើង របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរ៉ូស្ស៊ី លោក អ៊ីហ្គ័រ កូណាឆិនកូវ (Igor Konachenkov) នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ តបទៅនឹងរបាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ ចោទប្រទេសរ៉ូស្ស៊ី ពីការសម្លាប់រង្គាល នូវជនស៊ីវិលស៊ីរី នៅក្នុងយុទ្ធនាការវាយប្រហារ របស់ប្រទេសនេះ តាមផ្លូវអាកាសប្រឆាំងភេរវជន ឬក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
លោក កូណាឆិនកូវ បានលើកយកសេចក្ដីផ្ដើម នៃរបាយការណ៍នោះ មកបញ្ជាក់ថា អង្គការអន្តរជាតិបានទទួលព័ត៌មានទាំងនេះ ពីចម្ងាយ និងតាមទូរស័ព្ទ ពីក្រុមមនុស្សដែលលើកខ្លួន [...]