ប៉ូកបា ឧទ្ទិសជ័យជំនះរបស់ក្រុមបារាំង ឲ្យទៅក្មេងថៃទាំង១២
ប្រសិនជាកីឡាករបារាំងមួយចំនួន បានសម្រេចប្រគល់ប្រាក់បំណាច់បន្ថែមពិសេស ដែលទទួលបាន បន្ទាប់ពីក្រុមខ្លួនរកបានជ័យជំនះ នៅក្នុងការប្រកួតនីមួយៗ ទៅឲ្យសមាគម ឬអង្គការមនុស្សធម៌នោះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ខ្សែបម្រើបារាំងវិញ បានជ្រើសរើសឧទ្ទិសជ័យជំនះរបស់ខ្លួន ទៅឲ្យកីឡាករបាល់ទាត់ វ័យក្មេងថៃ ទាំង១២នាក់ ដែលទើបនឹងត្រូវបានសង្គ្រោះ និងយកចេញទាំងអស់គ្នា ពីរូងភ្នំស្ថិតនៅភាគខាងជើង នៃប្រទេសថៃ ក្រោយពីពួកគេ បានជាប់គាំងខ្លួន អស់រយៈពេល១៧ថ្ងៃ នៅទីនោះមក។
ខ្សែបម្រើបារាំង បានបង្ហោះពាក្យពេជន៍ទាំងនេះ ជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើររបស់ខ្លួន ដោយមានអត្ថន័យ ជាខេមរភាសាទាំងស្រុង ដូចខាងក្រោមថា៖ «ជ័យជំនះ (កាលពីយប់ម៉ិញ ទល់នឹងក្រុម ប៊ែលហ្សិក) នេះ ត្រូវបានឧទ្ទិសទៅយុវកីឡាករ ដ័ក្លាហាន នៅថ្ងៃនេះ។ សូមអបអរសាទរ ដល់អ្នកទាំងអស់គ្នា! អ្នកឯងពិតជាអស្ចារ្យខ្លាំងណាស់។»។