
អ្នកគាំទ្របក្សជួងប្រមូលគ្នាធ្វើបាតុកម្ម នៅទីរួមខេត្តកំពត
តាំងពីល្ងាច ថ្ងៃសៅរិ៍នេះមក ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) បានប្រកាសប្រមូលគ្នា ពីគ្រប់ទិសទី ជាពិសេសពីរាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្ម នៅមុខសាលាខេត្តកំពត បន្ទាប់ពីយុវជនចំនួន១៣នាក់ ត្រូវបានចាប់ខ្លួន ដោយកងកម្លាំង រាជអាវុធហត្ថខេត្តកំពត ទាក់ទងនឹងជម្លោះដីធ្លីមួយកន្លែង។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរប្រកាស នៅលើគណនេយ្យហ្វេសប៊ុករបស់លោក កាលពីប៉ុន្មានម៉ោងមុន ប្រាប់ឲ្យ«គ្នាយើង» ត្រូវត្រូវចេញដំណើរឲ្យលឿន ទៅកាន់ខេត្តកំពត ដោយហេតុថា ក្រុមអាជ្ញាធរ កំពុងចាប់យុវជនច្រើននាក់ ជាពិសេសយុវជនម្នាក់ ឈ្មោះ «ភត្រា» ដែលជាអ្នកកាន់ត្រាក់ទ័រកាយដី នៅលើដីធ្លីជម្លោះនោះ។
ប្រធានគណបក្សជួង បានសរសេរពន្យល់ នៅក្នុងពេលបន្តបន្ទាប់មកទៀតថា៖ «យើងត្រូវនាំគ្នាទៅបាតុកម្ម នៅសាលាខេត្តកំពត នាល្ងាចនេះ [...]