លិខិតចំហរ សម រង្ស៊ី ទៅកាន់តំណាងរាស្ត្រពិភពលោក ដើម្បីជួយការពារភាពជាតំណាងរាស្ត្រពិត នៅកម្ពុជា
សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី
ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា
ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ នៅពេលនេះ ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ក្នុងសន្និបាតទី ១៣៧ របស់ខ្លួន ដែលក្នុងនោះមានវត្តមានតំណាងរាស្ត្រ មកពី ១៧៣ រដ្ឋសភា លើទូទាំងពិភពលោក ខ្ញុំសូមធ្វើសេចក្តីអំពាវនាវនេះ ទៅកាន់តំណាងរាស្ត្រទាំងអស់នោះ ដើម្បីឲ្យជួយការពារលក្ខណៈ ជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា។
ក្នុងរដ្ឋសភានៃប្រទេសកម្ពុជា សព្វថ្ងៃ មានតំណាងរាស្ត្រ ១២៣ នាក់ មកតែពីពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ៦៨ អសនៈ និងគណបក្សសង្គ្រោះជាតិ តំណាងឲ្យចលនាប្រឆាំង ដែលមាន ៥៥ អសនៈ។
[...]