យ៉ង់ គឹមអេង៖ «ហ៊ុន សែន ច្រឡំអង្គការសង្គមស៊ីវិលដែលបង្កើតដោយបក្ស»
មិនត្រឹមតែថ្លែងជាសាធារណៈ ព្រមានថា នឹងធ្វើច្បាប់ គ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិលនោះ លោក ហ៊ុន សែន ថែមទាំងបានរិះគន់យ៉ាងចាស់ដៃ ទៅលើបុគ្គល នៃអង្គការសង្គមស៊ីវិលណាក៏ដោយ ដែលជ្រកក្រោយផ្លាកអព្យាក្រិត្យ ឬឯករាជ្យ តែបែរជាដើរឃោសនា ឲ្យគណបក្សនយោបាយទៅវិញនោះ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតប ទៅកាន់អង្គការសង្គមស៊ីវិលមួយចំនួន ដែលចាត់ទុកច្បាប់ គ.ជ.ប ថ្មី ថាមាន«ភាពអាក្រក់» ជាងមុន(ច្បាប់ចាស់) ខណៈដែលតំណាងរាស្រ្ត១២៣រូប នៃរដ្ឋសភាគាំទ្រ សមាជិកព្រឹទ្ធភា ទាំងមួលឯកភាព ក្រុមព្រឹក្សាធម្មនុញ្ញទទួលយក និងចុងក្រោយព្រះមហាក្សត្រ បានឡាយព្រះហត្ថលេខាទៅទៀតនោះ។ លោកបានសួរថា តើនៅកម្ពុជា មានអ្នកណាដែលធំជាង ព្រះមហាក្សត្រទៅទៀតនោះ?
[...]