
ព្រឹកនេះ សភាអ៊ឺរ៉ុបនឹងអនុម័តដំណោះស្រាយ១៣ចំណុច ដាក់ប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន
នៅម៉ោង១២ (ត្រូវនឹងម៉ោង១៨ ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ សភាអ៊ឺរ៉ុបគ្រោងនឹងអនុម័ត ទៅលើសេចក្ដីស្នើដំណោះស្រាយ ចំនួន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលប្រទេស។
ខុសពីការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលលើកឡើងថា នេះគ្រាន់តែជាការព្រមាន របស់ស្ថាប័ននីតិបញ្ញត្តិអ៊ឺរ៉ុបនោះ សេចក្ដីស្នើដំណោះស្រាយខាងលើ នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីអង្គសភាអ៊ឺរ៉ុប បានបោះឆ្នោតអនុម័ត្ររួចហើយ។
សេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុច លេខ«RC-B8-0686/2017» ត្រូវបានសមាជិកសភាអ៊ឺរ៉ុបជាច្រើនសិបនាក់ ស្នើឡើងតាំងពីច្រើនថ្ងៃហើយ និងរងការកែតម្រូវជាច្រើនដង មុននឹងសេចក្ដីស្នើដំណោះស្រាយនេះ ចេញជាអត្ថបទផ្លូវការ កាលពីម្សិលម៉ិញ។ អត្ថបទស្នើដំណោះស្រាយ ត្រូវបានសរសេរបកប្រែ ចេញជា២៣ភាសា ដែលជាភាសាផ្លូវការ [...]