ហ៊ុន សែន បង្ខំ សម រង្ស៊ី ឲ្យងាកមក«លេងបែបផ្លូវងងឹតវិញម្ដង»
នយោបាយស្បថ - ចម្លើយរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏លេចធ្លោ របស់ប្រទេសកម្ពុជា មិនបានធ្វើឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បង្អង់យូរ ក្នុងការធ្វើប្រតិកម្ម តបមកវិញនោះទេ។ សម្រាប់បុរសខ្លាំងកម្ពុជា ទោះជាលោក សម រង្ស៊ី រៀបរាប់បែបណា ជុំវិញការបបួលស្បថ ពីសំណាក់លោក ហ៊ុន សែន នោះក៏ដោយ ក៏ចង់មិនចង់ លោក សម រង្ស៊ី ត្រូវទទួលការ«លេងបែបផ្លូវងងឹត»នោះរួចហើយ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈប្រដាប់ឃោសនារបស់លោក តែប៉ុន្មាននាទី ក្រោយពីចម្លើយ របស់លោក សម រង្ស៊ី ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមរួច។ លោក ហ៊ុន សែន បង្ខំលោក សម រង្ស៊ី ឲ្យចូលរួម «លេងបែបផ្លូវងងឹត» ជាមួយលោកដូច្នេះថា៖ «ឥឡូវយើងងាក មកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯង មិនហ៊ានស្បថ ក៏សម្បថនេះ ធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោក ជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ [...]