ក្រុមការងារ UN និងអ្នកសារព័ត៌មានឯករាជ្យ មិនអាចចូលក្នុងតំបន់បាញ់បង្ក្រាបពលរដ្ឋនៅក្រចេះ
ក្រុមការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR Cambodia) បានត្អូញត្អែរកាលពីល្ងាចម្សិលម៉ិញ ថាពួកខ្លួន មិនអាចចូលទៅកាន់តំបន់ ដែលកើតមានការបាញ់បង្ក្រាប ពីសំណាក់កងកម្លាំងអាជ្ញាធរ ទៅលើពលរដ្ឋអ្នកតវ៉ាផ្នែកដីធ្លី ក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះបានទេ បើទោះជាក្រុមការងារបានព្យាយាមជជែក ជាមួយអាជ្ញាធរក្នុងតំបន់យ៉ាងណាក្ដី។
ទំព័រទ្វីសធើរ (Twitter) របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានប្រកាសពីដំណឹងនេះ ដោយបានគូសបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ ថាមានការតវ៉ា និងការបាញ់ប្រហារ នៅក្នុងតំបន់ចំការកៅស៊ូស្រុកមេមត់រួច ការិយាល័យបានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងយល់បន្ថែមទៀត នៅទីកន្លែងកើតហេតុ។
ការធ្វើបច្ចុប្បន្នភាពដំណឹងនោះ បានបញ្ជាក់បន្តថា ក្រុមមន្ត្រី [...]