ក្លឹបអ្នកកាសែតបរទេស ថ្កោលទោសការបង្ហោះអត្តសញ្ញាណអ្នកសារព័ត៌មាន
«យើងទាមទារទៅរាល់សមាជិក របស់រដ្ឋាភិបាលកម្ពុជា នគរបាល និងរាល់បណ្ដាស្ថាប័នពាក់ព័ន្ធ ឲ្យធ្វើការលុបចោលជាបន្ទាន់ នូវព័ត៌មានស្ដីពីអត្តសញ្ញាណ របស់អ្នកសារព័ត៌មាន ចេញពីប្រព័ន្ធអ៊ិនធើណែត»។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់ក្លិបអ្នកកាសែតបរទេស នៅកម្ពុជា ដែលហៅជាភាសាអង់គ្លេស «The Overseas Press Club of Cambodia» ចេញផ្សាយនៅមុននេះបន្តិច។
កាលពីរសៀលម្សិលម៉ិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោក នូវរូបថតពីរ-បីសន្លឹក ក្នុងនោះមានពីរសន្លឹក ថតពីពាក្យបណ្ដឹងមួយច្បាប់ និងមួយសន្លឹកទៀត ថតពីលិខិតឆ្លងដែន របស់អ្នកសារព័ត៌មាន ជាតិកាណាដាមួយរូប មកពីសារព័ត៌មាន ខេមបូឌាដេលី។
លោករដ្ឋមន្ត្រី បានសរសេរ អមទៅនឹងរូបថត បង្ហោះជាសាធារណៈទាំងនេះថា អ្នកកាសែតទាំងអស់ ត្រូវ«រៀនពីច្បាប់បោះឆ្នោត» និងពី«ក្រមសីលធម៌» ក្នុងពេលបោះឆ្នោត ឲ្យបានខ្ជាប់ខ្ជួន [...]