ត្រាំ បញ្ជាក់ថានឹងមានជំនួបជាមួយ គីម នៅថ្ងៃ១២មិថុនា
បន្ទាប់ពីទទួលជួប ជាមួយដៃស្ដាំលោក គីម ជុង-អ៊ុន (Kim Jong-Un) គឺលោកឧត្ដមសេនីយ៍ គីម យ៉ុង-ចុល (Kim Yong Chol) នៅសេតវិមានរួច លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានថ្លែងអះអាង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ មានបំណងក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ហើយលោកបានទស្សន៍ទាយទុកថា កិច្ចសន្ទនាជាមួយក្រុង ព្យុងយ៉ាង នឹងជា«ដំណើរការ ដែលពោរពេញដោយភាពជោគជ័យ»។
ប្រធានាធិបតី ដែលអះអាងថា បានទទួលលិខិតរបស់លោក គីម ជុង-អ៊ុន តាមរយៈលោក គីម យ៉ុង-ចុល នោះ បានថ្លែងសន្យាទៀតថា នៅក្នុងជំនួបខាងមុខនេះ សហរដ្ឋអាមេរិក នឹងមិនដាក់កំហិត ជាថ្មីទៀត ទៅលើកូរ៉េខាងជើងនោះទេ។
លោក ត្រាំ បានថ្លែងឡើងដូច្នេះ នៅលើសួនច្បារនៃសេតវិមាន បន្ទាប់ពីបានជូនលោក គីម យ៉ុង-ចុល ឲ្យឡើងរថយន្ដរួច។ លោកថា៖ «ខ្ញុំឈប់ចង់ប្រើពាក្យ "គំនាបជាអតិបរិមា"។ ខ្ញុំឈប់ចង់ប្រើពាក្យនេះទៀត។ យើងបានយល់ពីគ្នា។ [...]