បាល់ទាត់ពិភពលោក៖ បីសាចក្រហមប៊ែលហ្សិក ងើបពីឋាននរក
នៅក្នុងការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម ប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម ក្នុងយប់ថ្ងៃទី២ ខែកក្កដានេះ ក្រុមជប៉ុន សឹងនឹងបានបង្កការភ្ញាក់ផ្អើល មិនខុសគ្នាប៉ុន្មាន ពីក្រុមកូរ៉េខាងត្បូង ដែលបានចាកចេញ ពីព្រឹត្តិការណ៍ពិភពលោក ដោយបំបាក់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ២-០ កាលពីប៉ុន្មានថ្ងៃមុន។
គឺនៅត្រឹមតែនាទីទី ៥២ ក្រុមជប៉ុនរកបានគ្រាប់បាល់ទីពីរ បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ខ្លួន ដែលរកបាន កាលពី៤នាទីមុន (នាទីទី៤៨) ទល់នឹងក្រុមបីសាចក្រហម ប៊ែលហ្សិក។ ប៉ុន្តែនៅចំពោះបទពិសោធន៍ របស់កីឡាករប៊ែលហ្សិក ដែលកំពុងទាត់ឲ្យក្រុមធំៗ នៅអ៊ឺរ់ុប និងការថមថយកម្លាំង របស់ក្រុមកីឡាករជប៉ុន ក្រុមបីសាចក្រហម បានរកគ្រាប់បាល់ត្រឡប់មកវិញ ជាបន្តបន្ទាប់ (នៅនាទី ទី ៦៩ និងទី៧៤) និងជាពិសេស គ្រាប់បាល់ចុងក្រោយ នៅនាទីទី ៩០+៤ ដែលបានសម្លាប់ក្ដីសុបិន្ត របស់ក្រុមបាល់ទាត់ជម្រើសជាតិ មកពីទ្វីបអាស៊ីខាងកើត ជាស្ថាពរ។
[...]