ភរិយា កែម ឡី ទោមនស្សនឹងការបង្កើតគណបក្ស កែម ឡី
«ខ្ញុំមិនសប្បាយចិត្តទេ ដែលឮថា [មានការ]បង្កើតគណបក្ស កែម ឡី» នេះ ជាការអះអាងឡើង របស់ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅចំពោះការប្រកាសរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ក្នុងការបង្កើតគណបក្សមួយ ដាក់ឈ្មោះបងប្រុសរបស់លោក ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានប្រព័ន្ធឃោសនា ស្និតរដ្ឋាភិបាលកម្ពុជា យកមកផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បានឲ្យដឹងថា លោក កែម រិទ្ធិសិត បានបញ្ជាក់ពីគោលបំណង នៃការបង្កើតគណបក្សនេះ គឺដើម្បី«យកទស្សនទានល្អៗ របស់លោកបណ្ឌិត ទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ»។
ប្អូនប្រុសលោក កែម ឡី រូបនេះ ដែលមិនអាចស្វែងរកជួប ដើម្បីសុំប្រតិកម្មដោយផ្ទាល់នោះ បានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «ការបង្កើតគណបក្ស កែម ឡី ស្របតាមច្បាប់ គឺដើម្បីទប់ស្កាត់ ដល់ក្រុមជ្រុលនិយមមួយចំនួន [...]