សម រង្ស៊ី៖ ទណ្ឌកម្មដាក់លើ ហ៊ីង ប៊ុនហៀង គឺសំដៅ ហ៊ុន សែន
«គោលជំហរ និងនយោបាយ សហរដ្ឋអាមេរិក នៅពេលនេះ នឹងនាំទៅដល់ការចោទប្រកាន់ ទាំង ហ៊ីង ប៊ុនហៀង ទាំង ហ៊ុន សែន ថាពីរនាក់នេះជាជនឧក្រិដ្ឋ ពាក់ព័ន្ធក្នុងអំពើភេរវកម្ម ដ៏ឃោរឃៅមួយ ដែលតុលាការអន្តរជាតិ ត្រូវតែផ្តន្ទាទោសជាចាំបាច់» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅពីរ-បីថ្ងៃ ក្រោយការដាក់លោក ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ផ្កាយ៤ និងជាមេបញ្ជាការ កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលរងការបង្កទ្រព្យ ហាមជាន់ទឹកដីអាមេរិក និងហាមទំនាក់ទំនង ជាមួយជនជាតិអាមេរិក ពីសំណាក់ក្រសួងរតនាគារជាតិអាមេរិក។
[...]