ករណីឃុំខ្លួន កឹម សុខា «ត្រូវបានប្ដឹងឡើងទៅ អ.ស.ប»
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ករណីឃុំខ្លួនឪពុករបស់កញ្ញា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមមេធាវីអន្តរជាតិ ក្រោមការពឹងពាក់ របស់ក្រុមគ្រួសាររបស់កញ្ញា ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកករណីឃុំខ្លួន តាមទំនើងចិត្ត ហើយពាក្យបណ្ដឹងនោះ ត្រូវបានក្រុមការងារខាងលើ ទទួលយកទៅចាត់ការហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។
មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះនៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីមុននេះបន្តិច។ កញ្ញាអះអាងថា៖ «ក្នុងពេលទៅមុខទៀត អ្វីដែលនឹងអាចកើតឡើង គឺគេ(ក្រុមការងារ)នឹងសិក្សា ពីពាក្្យបណ្ដឹងនោះ គេនឹងទាក់ទងទៅខាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលជាដើម ដើម្បីសុំព័ត៌មានបន្ថែម ហើយគេក៏អាចបង្កើតជាការស៊ើបអង្កេតមួយ ដែលនឹងចុះទៅត្រួតពិនិត្យផ្ទាល់ [...]