កឹម សុខា ត្រូវបន្តនៅក្នុងពន្ធនាគារ៦ខែទៀត
បន្ទាប់ពីបញ្ចប់ការសាកសួរ លោក កឹម សុខា នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោងប្រមាណ ៣ រសៀលនេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តនីតិវិធី ដើម្បីឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ឲ្យនៅក្នុងពន្ធនាគារ សម្រាប់រយៈពេល ៦ ខែទៀត។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៦នាក់ របស់លោក កឹម សុខា បានជំទាស់ ការបន្តនីតិវិធីខាងលើ ដោយខាងការពារក្ដី បានលើកយកមូលហេតុ ដែលទាក់ទងនឹងសុខភាព របស់មេដឹកនាំបក្សប្រឆាំងរូបនេះ ដែលចាំបាច់ ត្រូវទទួលការវះកាត់ និងព្យាបាល។
ថ្លែងពីពន្ធនាគារត្រពាំងផ្លុង នៅក្រោយមន្ត្រីតុលាការ ចុះសាកសួរកូនក្តីរបស់ខ្លួននោះ អ្នកស្រី ម៉េង សុភារី បានអះអាងថា៖ «យើងមិនចង់ឲ្យមានការពន្យារពេល នៃការឃុំខ្លួនបន្តទៀតទេ ដោយសារមូលហេតុ សុខភាពរបស់គាត់ជាចម្បង។ [...]