ហ៊ុន សែន បញ្ជាឲ្យតាមចាប់អ្នកបង្ហោះព័ត៌មានថាលោកធ្លាក់យន្ដហោះស្លាប់
ប្រទេសកម្ពុជា នៅមាន«ហនិភ័យខ្ពស់»នៅឡើយ។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការបង្ហោះព័ត៌មានក្លែងក្លាយមួយ នៅលើបណ្ដាញសង្គម ដែលអះអាងថា លោកបានទទួលមរណភាព ក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ នៅពេលដែលលោក បានធ្វើដំណើរ ត្រឡប់មកពីប្រទេសវៀតណាមវិញ។
ព័ត៌មានក្លែងក្លាយនេះ ត្រូវបានបង្ហោះ និងចែករំលែក នៅលើបណ្ដាញសង្គម រាប់ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនានេះមក ដោយមានអមមកជាមួយ នូវវីដេអូមួយ ដែលបង្ហាញឲ្យឃើញ ពីការធ្លាក់យន្ដហោះធុនតូចមួយគ្រឿង (មិនស្គាល់កន្លែង) និងរូបភាពរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ស្ដីពីការសែងមឈូស របស់មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូប ដែលបានទទួលមរណភាព កាលពីពេលកន្លងមក។
សារនៃព័ត៌មានក្លែងក្លាយ ដែលសរសេរពោរពេញ ដោយកំហុសអក្ខរាវិរុទ្ធនោះ មានសេចក្ដីដើមទាំងស្រុងថា៖ «សម្ដេច ហ៊ុន សែន ស្លាប់ហេីយបងប្អូន កាលពីម្សិលមិញ [...]